ជាតិ
កូនផ្សោតអាយុ ៦សប្ដាហ៍ ងាប់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ
08, Aug 2022 , 5:29 pm        
រូបភាព
កូនផ្សោតឈ្មោលអាយុប្រមាណ៦សប្ដាហ៍ស្លាប់ នៅក្នុងខេត្តក្រចេះ។ រូបភាពពីទំព័រហ្វេសប៊ុក ខេត្តក្រចេះ ថ្ងៃនេះ។
កូនផ្សោតឈ្មោលអាយុប្រមាណ៦សប្ដាហ៍ស្លាប់ នៅក្នុងខេត្តក្រចេះ។ រូបភាពពីទំព័រហ្វេសប៊ុក ខេត្តក្រចេះ ថ្ងៃនេះ។
កូនផ្សោតឈ្មោលមួយក្បាល អាយុប្រមាណ៦សប្ដាហ៍ ត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ នៅជិតអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។ សេង ទៀក ប្រធានអង្គការ WWF អះអាងថា ការស្លាប់របស់កូនផ្សោតកម្សត់មួយក្បាលនេះ មិនដឹងពីមូលហេតុនៅឡើយ តែទំនងបណ្ដាលមកពីការឆក់ស្លាប់។


ករណីស្លាប់របស់កូនផ្សោតកម្រនេះ ត្រូវបានពលរដ្ឋប្រទះឃើញអណ្ដែតស្លាប់ នៅថ្ងៃទី០៧ ខែសីហា នៅចម្ងាយប្រមាណ២០០ម៉ែត្រ ពីអន្លង់ផ្សោតកាំពី ក្នុងខេត្តក្រចេះ។ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា ប្រាប់ ThmeyThmey25 ថា កូនផ្សោតស្លាប់នេះ មានអាយុប្រមាណ៦សប្ដាហ៍ ទម្ងន់ ១៣គីឡូក្រាម និងប្រវែង ១០២សង់ទីម៉ែត្រ។ 
 
ជុំវិញការស្លាប់របស់កូនផ្សោតមួយនេះ ប្រធានអង្គការ WWF រូបនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយនោះទេ ។ 
 
លោកពន្យល់បន្ថែមដូច្នេះ៖ «កូនផ្សោតដែលទើបនឹងស្លាប់ហ្នឹង យើងនឹងយកបេះដូងវាទៅពិនិត្យមើល ពីកត្តាមួយដែលសំខាន់ ដែលអាចមកពីការឆក់។ យើងយកសំណាក់ទៅពិនិត្យមើល ថាតើវាអាចចេញមកពីការឆក់ ឬក៏អត់?»។ 
 
គួរជម្រាបផងដែរថា ក្នុងឆ្នាំ២០២២នេះ មានផ្សោតសរុបចំនួន៧ក្បាលហើយដែលប្រទះស្លាប់ ក្នុងនោះ ៤ក្បាលជាកូនផ្សោត(រាប់ទាំងស្លាប់ថ្មី) ខណៈចំនួនកើតថ្មីក្នុងឆ្នាំ២០២២ មានតែចំនួន៥ក្បាលប៉ុណ្ណោះ។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផលនិង អង្គការ WWF បានបង្ហាញថាមានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា។ ចំណែកទិន្នន័យចុងក្រោយនឹងត្រូវបង្ហាញនៅឆ្នាំ២០២៣ខាងមុខ៕
 
 

Tag:
 ThmeyThmey25
  សត្វផ្សោតងាប់
  កាំពី
© រក្សាសិទ្ធិដោយ thmeythmey.com