ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងអឺរ៉ុប៖ ការផ្តល់សិទ្ធិនយោបាយជូនលោក កឹម សុខា នឹងរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោត
09, Aug 2022 , 11:30 am        
រូបភាព
ជំនួបរវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ចូសេប អនុប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ រូបពីធ្វីតធឺរបស់លោក ចូសេប
ជំនួបរវាងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ចូសេប អនុប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ រូបពីធ្វីតធឺរបស់លោក ចូសេប
មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ចង់ឲ្យមេដឹកនាំប្រឆាំងនៅកម្ពុជា ទទួលបានដំណោះស្រាយលើរឿងក្តីនៅតុលាការ ហើយមានឱកាសចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣។ មន្រ្តីជាន់ខ្ពស់កម្ពុជាផ្នែកវិស័យយុត្តិធម៌ តបថា គេ មិនអាចយករឿងក្តីនៅតុលាការ ទៅលាយឡំជាមួយរឿងបោះឆ្នោតបានឡើយ។

  


ពេលមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា លោក ចូសេប បលរ៉េល ហ្វុនថេឡេស (Josep Borrell Fontelles) អនុប្រធានគណៈកម្មការអឺរ៉ុប បានញែកពេលវេលាសម្រាប់ជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ប្រធានបទសំខាន់ ដែលលោក លើកទៅពិភាក្សាជាមួយលោក កឹម សុខា គឺការអូសបន្លាយដ៏យូរនៃសំណុំរឿងរបស់លោក កឹម សុខា។

លោក ចូសេប ដែលជាតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសផងនោះ បានសរសេរលើបណ្តាញធ្វីតធឺ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ថា៖«ដើម្បីលោក កឹម សុខា អាចចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣បាន ការជម្រះក្តីលើសំណុំរឿងរបស់គាត់ ដែលអូសបន្លាយយូរមកហើយនោះ គួរតែត្រូវបានដោះស្រាយ។ ការផ្តល់សិទ្ធិនយោបាយជូនគាត់វិញ នឹងអាចរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោត [នៅកម្ពុជា]»។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា សំណុំរឿងលោក កឹម សុខា និងការបោះឆ្នោត គឺជារឿងដាច់ដោយឡែកពីគ្នា ដូច្នេះ ការយករឿងទាំង២នេះ មកភ្ជាប់ជាមួយគ្នា គឺមិនត្រឹមត្រូវតាមច្បាប់និងរដ្ឋធម្មនុញ្ញកម្ពុជាឡើយ។ លោក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៩ ខែសីហានេះថា៖«ការកាត់ក្តីក្នុងសំណុំរឿងលោក កឹម សុខា គោលបំណង គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌ មិនមែនកាត់ទៅ ឲ្យគាត់រួចខ្លួន ហើយចូលរួមការបោះឆ្នោត២០២៣ទេ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ អធិប្បាយបន្ថែមបន្តិចទៀតថា បើទោះជាសំណុំរឿងរបស់លោក កឹម សុខា អាចត្រូវបានបញ្ចប់នៅមុនឆ្នាំ២០២៣ក៏ដោយ ក៏មិនប្រាកដថា លោក អាចរួចផុតពីបទចោទ ឬមិនមានទោសនោះទេ។ លោក និយាយតាមផ្លូវច្បាប់ថា ក្រោយបញ្ចប់ការជម្រះក្តី បើលោក កឹម សុខា មានទោសពិតមែន ដំណើរការរឿងក្តីរបស់លោក នឹងត្រូវបន្តទៅទៀត។

លោក កឹម សុខា បង្ហោះលើទំព័រហ្វេសប៊ុកថា ជំនួបរវាងលោក និងលោក ចូសេប ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែសីហា។ មេដឹកក្រុមប្រឆាំង ដែលមិនទាន់អាចធ្វើនយោបាយរូបនេះ សរសេរថា៖«ទោះបីឯកឧត្តមតំណាងជាន់ខ្ពស់សភាពអឺរ៉ុប និងគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជាមានរយៈពេលខ្លី និងមានកិច្ចការជាច្រើនត្រូវធ្វើ ក៏ឯកឧត្តមនិងគណ:ប្រតិភូ បានកំណត់ក្នុងរបៀបវារៈចំណាយពេលវេលាសមរម្យជួបជាមួយខ្ញុំផ្ទាល់ ដោយបានបញ្ជាក់ពីគោលជំហរច្បាស់លាស់របស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានផ្តល់តម្លៃខ្ពស់ចំពោះការតស៊ូដោយអហិង្សា ការអត់ធ្មត់ និងជាពិសេសផ្តោតលើសិទ្ធិសេរីភាពរបស់ខ្ញុំក្នុងការចូលរួមបម្រើសង្គមជាតិ»។

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន កម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ នៅមានរដ្ឋមន្រ្តីការបរទេសផ្សេងទៀត ដូចជា រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ជាដើម ដែលបានឆ្លៀតជួបលោក កឹម សុខា ពេលពួកគេ មកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា។ រដ្ឋមន្រ្តីការបរទេសទាំង២រូបនេះ សុទ្ធតែបង្ហោះសារខ្លីលើបណ្តាញធ្វីតធឺជុំវិញជំនួបជាមួយលោក កឹម សុខា។

លោក អេនតូនី ប្លីងខិន (Antony Blinken) រដ្ឋមន្រ្តីការបរទេសអាម៉េរិក សរសេរថា៖«ខ្ញុំ ពិភាក្សាជាមួយលោក កឹម សុខា អំពីសំណុំរឿងនយោបាយរបស់លោក ដែលត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំហើយ ដោយគ្មានដំណោះស្រាយ។ កម្ពុជា នឹងទទួលបានផលប្រយោជន៍ បើផ្តល់សិទ្ធិនយោបាយជូនលោក និងអនុញ្ញាតឲ្យលោក ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យឡើងវិញ»។

អ្នកស្រី ស៊ីណាទ័រ ផេនី វ៉ុង (Senator Penny Wong) រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី សរសេរថា៖«ខ្ញុំ ផ្តល់តម្លៃលើជំនួបជាមួយលោក កឹម សុខា។ អូស្រ្តាលី គាំទ្រយ៉ាងជាប់លាប់ចំពោះសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង នីតិរដ្ឋ»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បកស្រាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៥ ខែសីហា ថា រដ្ឋាភិបាលកម្ពុជា មិនអាចលូកដៃចូលកិច្ចការរបស់តុលាការបានឡើយ ខណៈតុលាការ កំពុងដំណើរការលើនីតិវិធី។ អ្នកនាំពាក្យរូបនេះ អះអាងថា លុះត្រាតែនីតិវិធីរបស់តុលាការចប់ ទើបរដ្ឋាភិបាល អាចធ្វើអន្តរាគមន៍បាន។ ការធ្វើអន្តរាគមន៍នេះ លោក សំដៅលើការធ្វើសំណើរបស់នាយករដ្ឋមន្រ្តី ថ្វាយទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំសុំឲ្យទ្រង់ប្រោសប្រទានការលើកលែងទោសដល់បុគ្គលណា ដែលត្រូវតុលាការ កាត់ទោសរួចហើយ។

សូមរម្លឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ តាំងខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ មកដល់ខែ៨ ឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក អូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះនៅតុលាការភ្នំពេញអស់ប្រមាណ៥០លើកហើយ តែនៅតែមិនអាចរកកោះត្រើយឃើញ។ តុលាការ ចំណាយពេល១ព្រឹកក្នុង១សប្តាហ៍ក្នុងការជំនុំជម្រះរឿងក្តីរបស់លោក ហើយការជំនុំជម្រះនេះ តែងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃពុធ៕

Tag:
 កឹម សុខា
  Josep Borrell Fontelles
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com