កីឡាជាតិ
ជាតិ
បាល់ទាត់នារីកម្ពុជា មានចំណាត់ថ្នាក់ដំបូងក្នុង FIFA នាឆ្នាំ២០២២
09, Aug 2022 , 6:59 pm        
រូបភាព
ជម្រើសជាតិបាល់ទាត់នារីកម្ពុជា​ឈុតធំ ហ្វឹកហាត់ត្រៀមប្រកួត AFF Women_s Championship ។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ជម្រើសជាតិបាល់ទាត់នារីកម្ពុជា​ឈុតធំ ហ្វឹកហាត់ត្រៀមប្រកួត AFF Women_s Championship ។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
បាល់ទាត់នារីកម្ពុជា មានចំណាត់ថ្នាក់១២០ ក្នុងចំណោម១៨៥ប្រទេស នៅក្នុងបញ្ជីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ខណៈប្រទេសខ្លះ ជាសមាជិក FIFA  មិនទាន់មានចំណាត់ថ្នាក់ផង។ នេះ គឺជាឆ្នាំដំបូងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលមានចំណាត់ថ្នាក់ ហើយក៏ជាការបង្ហាញពីការវិវឌ្ឍទៅមុខរបស់បាល់ទាត់នារីកម្ពុជា ដែលទទួលស្គាល់ដោយ FIFA ផងដែរ។

 
ចំណាត់ថ្នាក់បាល់ទាត់នារីកម្ពុជា គឺល្អជាង សិង្ហបុរី ចំណាត់ថ្នាក់១៣៣ និងទីម័រខាងកើត ចំណាត់ថ្នាក់១៥២។ ដោយឡែក បាល់ទាត់នារីឡាវ មានចំណាត់ថ្នាក់ ៨៥ខ្ពស់ជាង កម្ពុជា។ ការប្រកួតចុងក្រោយរវាងកម្ពុជា និងក្រុមដែលមានចំណាត់ថ្នាក់៨៥ មួយនេះ បានត្រឹមលទ្ធផល១-១ ក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2022។
 
សម្រាប់ការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយរបស់បាល់ទាត់នារីកម្ពុជា ទោះជាមិនជោគជ័យ តែក៏បង្ហាញពីការរីកចម្រើនផងដែរ ដោយមានការវាយបក និងទប់មិនឲ្យក្រុម ដែលមានកម្រិតខ្ពស់ជាង ស៊ុតបញ្ចូលទីច្រើន។ ជាឧទាហរណ៍ បាល់ទាត់នារីកម្ពុជា ធ្លាប់ចាញ់ក្រុម វៀតណាម ១០-០ ក្នុងព្រឹត្តិការណ៍ AFF Women Championship 2019 តែ AFF Championship 2022នេះ កម្ពុជា ចាញ់ត្រឹម៣-០ ប៉ុណ្ណោះ។
 
FIFA បានគិតពិន្ទុ សម្រាប់ក្រុមបាល់ទាត់នីមួយៗ ទៅតាមលក្ខណវិនិច្ឆ័យ ដូចជា លទ្ធផលនៃការប្រកួតរបស់ជម្រើសជាតិនារីឈុតធំ, លទ្ធផលប្រកួតក្នុងដី, ក្រៅដី និងទឹកដីកណ្ដាល, ភាពផ្សេងគ្នារបស់គ្រាប់បាល់ និងគ្រាប់បាល់ដែលរកបាន, លក្ខណៈពិសេសនៃការប្រកួត, និងភាពផ្សេងគ្នានៃក្រុមជាគូប្រកួត។ 
 
ជាមួយគ្នានេះ បាល់ទាត់បុរសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់១៧៤។ បាល់ទាត់ផ្នែកបុរសកម្ពុជា ឈុតធំ ធ្វើមិនបានល្អទេ មួយរយៈចុងក្រោយមកនេះ។ ប្រសិនជាបន្ដបរាជ័យបែបនេះទៀត នៅពេលអនាគត  ទាំងក្លិបលីគកំពូល និងឈុតធំជម្រើសជាតិ នឹងមានត្រឹមកន្លះកៅអីទេ សម្រាប់ប្រកួតអន្ដរជាតិ នៅក្នុងតំបន់អាស៊ី ដោយត្រូវឆ្លងកាត់វគ្គជម្រុះដំបូង (Primary Stage) ដើម្បីបានកៅអីទៅវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ប្រកួតណាមួយក្នុងតំបន់អាស៊ី។ នេះបើតាម FIFA៕
 

Tag:
 បាល់ទាត់
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com