កីឡាអន្តរជាតិ
អន្តរជាតិ
​Man United ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Rabiot ពីទឹកដីអ៊ីតាលី
09, Aug 2022 , 5:27 pm        
រូបភាព
រូបភាព៖ The Guardian
រូបភាព៖ The Guardian
Manchester United និង Juventus បានឈានដល់កិច្ចព្រមព្រៀងលើការផ្ទេរខ្សែបម្រើការពារ Adrien Rabiot ហើយក្នុងតម្លៃខ្លួនជាង ១៥លានផោន(១៨លានដុល្លារ)។ នេះបើតាមការផ្សាយរបស់កាសែត The Guardian ថ្ងៃទី៨ ខែសីហា។

 
បច្ចុប្បន្នភ្នាក់ងារក្លិបបិសាចក្រហមកំពុងតែជជែកលើកិច្ចព្រមព្រៀងដំណាក់កាលដំបូងជាមួយកីឡាករផ្ទាល់អំពីលក្ខខណ្ឌផ្សេងៗទៀត ខណៈដែលក្លិប ​Juventus រីករាយក្នុងការលក់កីឡាករវ័យ ២៧ឆ្នាំ ឱ្យបិសាចក្រហម។ Man United ក៏ត្រូវការយល់ព្រមបន្ថែមទៀតពីសំណាក់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Rabiot និងម្តាយរបស់គេ មុនពេលកិច្ចព្រមព្រៀងអាចដំណើរការបានបន្តទៀត។
 
Rabiot ធ្លាប់ជាកីឡាករលេងឱ្យក្លិប Paris Saint Germain ក្លិប Toulouse របស់បារាំង និងធ្លាប់បង្ហាញខ្លួន ២៩លើក ឱ្យជម្រើសជាតិបារាំង ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានរង្វាន់ Ligue 1 ៥លើក Serie A ១លើក ។ ប៉ុន្តែកីឡាករបារាំងរូបនេះ ត្រូវបានក្លិបសេះបង្កង់កត់ត្រាថា ជាកីឡាករមានវិន័យមិនល្អ និងការមកហ្វឹកហាត់យឹតជាដើម។
 
ឆ្លងកាត់ការប្រកួតបើកឆាកនៃ Premier League អ្នកចាត់ការវ័យ ៥២ឆ្នាំ Erik ten Hag មើលឃើញពីចំណុចខ្វះខាតដ៏ធំត្រង់តំបន់បម្រើការពារ ដែលជាហេតុផល Man United ចាញ់ក្រោមថ្វីជើង Brighton & Hove Albion លទ្ធផល ២-១។ លោក Ten Hag ត្រូវការនាំចូលកីឡាករបន្ថែមដើម្បីបំពេញចន្លោះដែលក្រុមខ្វះខាត។
 
ទោះកំពុងធ្វើការងារលើការផ្ទេរយក Rabiot មកពង្រឹងក្រុមបន្ថែមក្តី ក៏គ្រូបង្វឹកសញ្ជាតិហូឡង់ មិនបោះបង់ក្តីរំពឹងចង់បាន Frankie De Jong ពី Barcelona ឡើយ ។ ដ្បិតពេលថ្មីៗនេះប្រធានក្លិបលោក Joan Laporta បញ្ជាក់ជំហររក្សា De Jong នៅទឹកដីអេស្ប៉ាញ។ បច្ចុប្បន្ន Man United កំពុងត្រូវក្រុមតោខៀវ Chelsea ប្រជែងដេញថ្លៃសម្រាប់ De Jong ។ តែបើតាមប្រភពដែលស្ថិតក្បែរកីឡាករវ័យ ២៥ឆ្នាំ អះអាងថា គេបន្តស្នាក់នៅក្លិប។
 
មិនត្រឹមតែ Rabiot តែម្នាក់ទេ បិសាចក្រហមក៏កំពុងដាក់គោលដៅយកខ្សែប្រយុទ្ធ Marko Arnautovic ពីក្រុម Bologna មកជំនួសតំបន់ប្រយុទ្ធ ដែលបច្ចុប្បន្នមិនសូវមុតស្រួច ស្របពេលដែលកីឡាករ Antony Martial របួស៕
 

Tag:
 Manchester United
  Adrien Rabiot
© រក្សាសិទ្ធិដោយ thmeythmey.com