កីឡាអន្តរជាតិ
អន្តរជាតិ
មុនការប្រកួត World Cup មកដល់ Modric អះអាងថា អាយុមិនសំខាន់នោះទេ
10, Aug 2022 , 7:29 pm        
រូបភាព
Luka Modric ខ្សែបម្រើក្រុម Real Madrid ថ្ងៃទី៩ ខែសីហា បាននិយាយថា អាយុមិនសំខាន់នោះទេ សម្រាប់ការបន្តលេងនៅក្នុងប្រកួតធំៗរបស់គេ ។ កីឡាករសញ្ជាតិក្រូអាស៊ីរូបនេះ ជឿថា ខ្លួននៅតែអាចលេងឱ្យ Real Madrid ក្រោមការដឹកនាំលោក Carlo Ancelotti។

 
ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា និងលើកដំបូងនៅទឹកដីមជ្ឈឹមបូពា៍ ខិតជិតមកដល់ហើយ ដោយនៅសល់ត្រឹមតែរយៈពេល ១០២ ថ្ងៃទៀតប៉ុណ្ណោះ។ Modric ឈានដល់វ័យ ៣៧ឆ្នាំហើយ នឹងចូលរួមជាមួយក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក ដោយស្ថិតនៅក្នុងពូល F ជាមួយក្រុម ប៊ែលហ្ស៊ិក កាណាដា និងម៉ារ៉ុក។
 
ខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះ ធ្លាប់បានជួយក្រូអាស៊ីឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត World Cup 2018 នៅរុស្ស៊ី ។ ប៉ុន្តែភ្លាត់ចាញ់ក្រុមបារាំង ៤-២។ ក្រោយជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ Modric បានក្លាយជាកីឡាករតែម្នាក់គត់ដែលឈ្នះរង្វាន់ ​Ballon d’Or ចាប់តាំងពីខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ដែលប្រជែងគ្នាតាំងពីឆ្នាំ ២០០៧ មក។
 
ក្នុងសន្និសីទកាសែតមុនជំនួបទល់ក្រុម Eintracht Frankfurt ពានរង្វាន់ UEFA Super Cup ខ្សែបម្រើវ័យចំណាស់ក្រុម Real Madrid និយាយថា អ្នកចាត់ការក្លិប Real លោក Ancelotti នឹងមិនកាត់បន្ថយពេលវេលារបស់ខ្លួន ក្នុងការលេងឱ្យក្រុមឡើយ។
 
«មិនដូច្នោះឡើយ ខ្ញុំមើលមិនឃើញភាពខុសប្លែកឡើយ ខ្ញុំតែងតែនិយាយថាអាយុមិនសំខាន់នោះទេ អ្នកមិនគួរសម្លឹងមើលត្រឹមតែអាយុឡើយ អ្វីដែលសំខាន់នោះ គឺអ្វីដែលអ្នកអាចបង្ហាញនៅលើទីលានប្រកួត​។ ខ្ញុំតែងនិយាយជាមួយគ្រូរាល់ថ្ងៃ តែមិនព្រោះតែរឿងនោះទេ ហើយគ្រូបង្វឹកដឹងថាខ្ញុំចឹងបានពេលវេលាលេង ហើយខ្ញុំមានអារម្មណ៍ល្អនៅពេលបានលេង។»។ Modric និយាយបែបនេះ។
 
Real Madrid កាលពីរដូវកាលមុន​គឺជាក្រុមឈ្នះជើងឯកពានរង្វាន់ក្លិបកំពូលអឺរ៉ុប Champions League ដោយឈ្នះលើ Liverpool លទ្ធផល ១-០ ។ ចំណែកក្រុម Eintracht Frankfurt ជាម្ចាស់ពាន Europa League នឹងត្រូវតទល់គ្នាដណ្តើមពានរង្វាន់ UEFA Super Cup ថ្ងៃទី១០ ឈានចូលទី១១ ខែសីហា វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕ 
 

Tag:
 Luka Modric
© រក្សាសិទ្ធិដោយ thmeythmey.com