អន្តរជាតិ
អឺរ៉ុប​ ពិចារណាបន្ថយកម្រិតថ្នាំលើវ៉ាក់សាំងជំងឺអុតស្វាដែលកំពុងខ្វះខាត
11, Aug 2022 , 11:08 am        
រូបភាព
ដបផ្ទុកវ៉ាក់សាំងបង្ការជំងឺអុតស្វាប្រភេទ JYNNEOS ។ រូបថត AFP
ដបផ្ទុកវ៉ាក់សាំងបង្ការជំងឺអុតស្វាប្រភេទ JYNNEOS ។ រូបថត AFP
មន្ត្រីសុខាភិបាលអឺរ៉ុប​ កំពុងពិភាក្សាពីលទ្ធភាពនៃការអនុវត្តតាមវិធានការរបស់អាម៉េរិក ដើម្បីពង្រីកការផ្គត់ផ្គង់វ៉ាក់សាំងជំងឺអុតស្វាដែលកំពុងខ្វះខាត ដោយប្រើប្រាស់វិធីសាស្រ្តបន្ថយកម្រិតថ្នាំលើវ៉ាក់សាំង។ អង្គការសុខភាពពិភពលោក (WHO) វិញ បានអំពាវនាវឱ្យមានការសិក្សាបន្ថែមលើទិន្នន័យវ៉ាក់សាំងសិន។​

 
ជំងឺអុតស្វា បានចាប់ផ្ដើមផ្ទុះឡើងដ៏កម្រនៅទ្វីបអឺរ៉ុបចាប់តាំងពីដើមខែឧសភាមក ដែលជំងឺនេះកន្លងមករាលដាលតែនៅទ្វីបអាហ្វ្រិកប៉ុណ្ណោះ។ គិតមកទល់ពេលនេះ អ្នកដែលឆ្លងជំងឺអុតស្វាមានចំនួនជាង២៧៨០០ករណី ដែលភាគច្រើនឆ្លងក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស។ លើសពីនេះដែរ ជំងឺអុតស្វាបានឆក់យកជីវិតមនុស្ស១២នាក់ហើយនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ។
 
យោងតាមអង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារសុខភាពរដ្ឋាភិបាលដទៃទៀត ការផ្គត់ផ្គង់ថ្នាំសំខាន់ៗរបស់ក្រុមហ៊ុន Bavarian Nordic (BAVA.CO) ជាក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺអុតស្វាដែលមានការអនុញ្ញាតតែមួយគត់ កំពុងជួបការខ្វះខាតក្នុងការផលិតរបស់ខ្លួន។
 
ជាដំណោះស្រាយ អាម៉េរិកនៅថ្ងៃទី៩ ខែសីហា បានគាំទ្រការបែងចែកវ៉ាក់សាំងមួយដប​ឱ្យចាក់បាន៥ដង ជំនួសឱ្យការចាក់តែមួយក្នុងមួយដប ដោយចាក់ក្នុងបរិមាណតិចនៅចន្លោះស្រទាប់នៃស្បែក។ ជាធម្មតា វ៉ាក់សាំងនេះ ចាក់ចូលទៅក្នុងស្រទាប់ខ្លាញ់ក្រោមស្បែក។
 
ការប្រើវ៉ាក់សាំងមួយដបដើម្បីចាក់បាន៥ដងនេះ ត្រូវបានគេស្គាល់ថាជាវិធីសាស្រ្ត​បន្ថយ​កម្រិត​ថ្នាំ។ វិធីសាស្រ្តនេះ កន្លងមកត្រូវបានគេប្រើប្រាស់រួមមកហើយដើម្បីសាកល្បងវ៉ាក់សាំងផ្សេងៗ រួមមានវ៉ាក់សាំងជំងឺស្វិតដៃជើង និងជំងឺគ្រុនលឿងជាដើម។ 
 
ខណៈអាម៉េរិកអនុម័តប្រើប្រាស់វិធីសាស្រ្តនេះ សហភាពអឺរ៉ុបក៏បានអះអាងថា ខ្លួនកំពុងពិចារណាលើបញ្ហានេះ។ 
 
«ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នឹងពិភាក្សាអំពីលទ្ធភាពនៃវិធីសាស្រ្តកាត់បន្ថយកម្រិតថ្នាំ»។ អ្នកនាំពាក្យ EMA បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហាមុនបន្ថែមថា និយតករឱសថដដែលនេះ នឹងពិភាក្សាពីយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង Bavarian Nordic ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប។
 
យ៉ាងណាមិញ អ្នកនាំពាក្យ WHO បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈអ៊ីមែលថា WHO លើកទឹកចិត្តឱ្យប្រទេសផ្សេងៗប្រើវ៉ាក់សាំងនៅក្នុងការសាកល្បងដែលនឹងជួយប្រមូលព័ត៌មានពាក់ព័ន្ធសម្រាប់ការប្រើប្រាស់វ៉ាក់សាំងក្នុងការផ្ទុះឡើងនៃជំងឺនេះ។ 
 
យោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់អាម៉េរិក ទិន្នន័យដែលប្រមូលបាននៅក្នុងការសិក្សាស្រាវជ្រាវឆ្នាំ ២០១៥ បានបង្ហាញថា វិធីសាស្រ្តបន្ថយកម្រិតថ្នាំ អាចដំណើរការដោយមិនមានហានិភ័យផ្នែកសុវត្ថិភាពលើអ្នកទទួលវ៉ាក់សាំង ហើយអាចរក្សាប្រសិទ្ធភាពវ៉ាក់សាំងដដែល៕
 

Tag:
 អឺរ៉ុប
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com