ជាតិ
បទសម្ភាសន៍
យុវជនសកម្ម សេវាល្អ
វីដេអូ
​​លោក ឆេង ផុកសុខ ​ចង់ឃើញពលរដ្ឋកាន់តែច្រើនស្វែងរកសេវាពិនិត្យសុខភាព ពីមណ្ឌលសុខភាពត្រពាំងសង្កែ​
12, Aug 2022 , 8:59 am        
រូបភាព
លោក ឆេង ផុកសុខ ប្រធានមណ្ឌលសុខភាព ត្រពាំងសង្កែ
លោក ឆេង ផុកសុខ ប្រធានមណ្ឌលសុខភាព ត្រពាំងសង្កែ
ដោយ៖ សូត ណាស៊ីរ៉ស់
 
ស្រុកទឹកឈូ, កំពត៖ ​លោក ឆេង ផុកសុខ ​ប្រធានមណ្ឌលសុខភាពត្រពាំងសង្កែ នៃស្រុកទឹកឈូ ខេត្តកំពត អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់សេវាពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានច្រើន ស្របពេលដែលលោកសង្កេតឃើញថា ពលរដ្ឋក្នុងឃុំខ្លួន ច្រើនស្វែងរកសេវាសុខភាពពីមន្ទីរពេទ្យឯកជន។ ប្រធានមណ្ឌលសុខភាពរូបនេះ បានអំពាវនាវឱ្យពលរដ្ឋ ដែលមានបញ្ហាសុខភាព ទៅពិនិត្យនៅមណ្ឌលសុខភាពដូច្នេះថា ៖«ខ្ញុំសំណូមពរ តាមរយៈអាជ្ញាធរឱ្យពួកគាត់ជួយផ្សព្វផ្សាយដល់ពលរដ្ឋ។ នៅពេលគាត់ឈឺស្កាត់ ឱ្យពួកគាត់មកទទួលសេវាពិនិត្យសុខភាពនៅមណ្ឌលសុខភាពភូមិ ឃុំរបស់យើង»។



ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖


​បើតាមលោក ឆេង ផុកសុខ នៅមណ្ឌលសុខភាពផ្តល់ការពិនិត្យ និងពិគ្រោះយោបល់សុខភាព​ជាច្រើនដូចជា ពិគ្រោះជំងឺទូទៅ ពិនិត្យផ្ទៃពោះ ពន្យារកំណើត សម្រាលកូន និងថ្នាំបង្ការ​។ លើសពីនេះ ក៏មានកម្មវិធីរុករកជំងឺលើសឈាម ទឹកនោមផ្អែម និងពិនិត្យមហារីកមាត់ស្បូន ហើយ​គ្រឿងបរិក្ខារនៅមណ្ឌលសុខភាពក៏មានគ្រប់គ្រាន់ដែរ។
 
លោក ឆេង ផុកសុខ ពន្យល់ថា ភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តកំពតគឺជាមូលហេតុ ដែលពលរដ្ឋឃុំត្រពាំងសង្កែច្រើនឆ្ពោះទៅទទួលសេវាពិនិត្យសុខភាពនៅពេទ្យឯកជន។ ប្រធានមណ្ឌលសុខភាពត្រពាំងសង្កែ សង្ឃឹមថាពលរដ្ឋក្នុងឃុំខ្លួន នឹងងាកមកស្វែងរកសេវាពិគ្រោះ និងព្យាបាលសុខភាពនៅមណ្ឌលសុខភាពកាន់តែច្រើន នៅថ្ងៃមុខ៕
 
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ។
 
 

Tag:
 មណ្ឌលសុខភាព ត្រពាំងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com