អន្តរជាតិ
លោក វ៉ាង យី៖ មិត្តភាពចិន និងកម្ពុជា គឺមិនអាចបំបែកបាន
12, Aug 2022 , 10:40 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពី AFP
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ រូបពី AFP
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី នៅថ្ងៃទី១១ ខែសីហា បានលើកឡើងថា កម្ពុជា និងចិនជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាមិត្តភក្តិដ៏ល្អ។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានហៅទំនាក់ទំនងប្រទេសទាំងពីរ គឺមិនអាចបំបែកបាន និងមានតម្លៃខ្លាំងស្របពេលពិភពលោកមានបញ្ហាស្មុគស្មាញ។

 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា បង់ក្លាដែស និងម៉ុងហ្គោលី និងទទួលប្រមុខការទូតមកពីកូរ៉េខាងត្បូង រួមទាំងនេប៉ាល់​ លោកវ៉ាង យី ប្រមុខការទូតចិន នៅថ្ងៃទី១១ ខែសីហា បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ជុំវិញបញ្ហាជាច្រើន ក្នុងនោះក៏មានទំនាក់ទំនងចិន និងកម្ពុជាផង។ បើតាមលោកវ៉ាង ចិន និងកម្ពុជា ជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាមិត្តភក្តិដ៏ល្អ។ 
 
«មិត្តភាពរវាងប្រទេសទាំងពីរ គឺសំខាន់ និងមិនអាចបំបែកបាន»។ រដ្ឋមន្រ្តីការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងរយៈពេលថ្មីៗនេះ ប្រទេសទាំងពីរបានរួមគ្នាកសាងគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់» ប្រកបដោយគុណភាពខ្ពស់ ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍របស់ចិន CGTN។ 
 
បន្ថែមពីនេះ លោកវ៉ាង ក៏បានបន្ថែមទៀតថា ចិន និងកម្ពុជា បានឯកភាពពង្រឹងការអភិវឌ្ឍប្រកបដោយយុទ្ធសាស្រ្ត និងអនុវត្តកិច្ចសហប្រតិបត្តិការផ្សេងៗ។ 
 
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ លោកវ៉ាង បានសន្យាផ្តល់ជំនួយវ៉ាក់សាំងបន្ថែមទៀតមកកម្ពុជា ដោយផ្អែកតាមតម្រូវការ ក៏ដូចជាអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវេជ្ជសាស្រ្តប្រពៃណីរបស់ចិន, នាំចូលផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើន, បង្កើនការហោះហើរពីកម្ពុជាទៅចិន និងសម្របសម្រួលឱ្យនិស្សិតកម្ពុជាត្រលប់ទៅសិក្សានៅចិនវិញ។ 
 
ក្រៅពីទំនាក់ទំនងកម្ពុជា ប្រមុខការទូតចិន ក៏បានបញ្ជាក់ពីបញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ រួមទាំងទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងផង៕ 
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com