ជាតិ
រដ្ឋាភិបាល អនុញ្ញាតឱ្យទិញអំបិលស្តុកបម្រុង ៦ម៉ឺនតោន ពីឥណ្ឌា ដើម្បីបង្ការភាពខ្វះខាត
12, Aug 2022 , 11:18 am        
រូបភាព
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី ១១ ខែសីហានេះ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នាព្រឹកថ្ងៃទី ១១ ខែសីហានេះ។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
ដោយ៖ ញឹក សំអូន
កម្ពុជា មានគោលការណ៍ស្ដុកអំបិលបម្រុង ៦ម៉ឺនតោន ដែលនាំចូលមកពីប្រទេសឥណ្ឌា។ អំបិលទាំងនោះ រដ្ឋាភិបាលពុំទាន់បានប្រើប្រាស់នោះទេ គឺគ្រាន់តែត្រៀមទុក ដើម្បីបង្ការភាពខ្វះខាតប៉ុណ្ណោះ។ លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែសីហានេះ។



លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិល បានឱ្យដឹងថា ឆ្នាំ២០២២នេះ កម្ពុជាផលិតអំបិលបានប្រមាណ ៤ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈរដ្ឋាភិបាលមានគោលការណ៍អនុញ្ញាតឱ្យស្ដុកអំបិលបម្រុង ៦ម៉ឺនតោន ដែលនាំចូលមកពីប្រទេសឥណ្ឌា។ លោក សុរង្សី បញ្ជាក់ថា ទោះបីការផលិតទទួលបានត្រឹមតែ ៤ម៉ឺនតោន តែកម្ពុជាពុំទាន់មានសញ្ញាខ្វះខាតអំបិលនោះទេ។
  

រូបតំណាង៖ អំបិលរបស់កសិករនៅខេត្តកំពតត្រៀមនឹងប្រមូលផលនាពេលកន្លងមក។

លោកបន្តថា ចំនួនអំបិលដែលប្រើប្រាស់ប្រចាំឆ្នាំប្រហែល ១០ម៉ឺនតោន ដោយក្នុងនោះអំបិលធម្មជាតិ សម្រាប់យកទៅបរិភោគមានប្រមាណ ៥ម៉ឺនតោន និងអំបិលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ជាង ៣ម៉ឺនតោន។ វិស័យឧស្សាហកម្ម រួមជាមួយវិស័យកសិកម្ម ត្រូវការអំបិលចន្លោះពី ១ម៉ឺនតោន ទៅ ២ម៉ឺនតោន សម្រាប់ប្រើប្រាស់លើការផលិតត្រីប្រហុកជាដើម។ 
 
ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ទទួលបន្ទុកការងារស្រែអំបិលរូបនេះ បានលើកឡើងថា ៖ «អ៊ឹចឹងមកដល់ម៉ោងនេះ អំបិលមិនទាន់មានសញ្ញាខ្វះខាតទេ ដោយរាល់ថ្ងៃនេះ ប្រើអំបិលចាស់អត់ទាន់អស់ទេ តែរដ្ឋាភិបាលអនុញ្ញាតឱ្យស្តុកអំបិលបម្រុង ៦ម៉ឺនតោន ដែលនាំចូលពីឥណ្ឌានេះ ពុំទាន់បានប្រើប្រាស់ទេ គឺគ្រាន់តែយកមកស្តុកដើម្បីត្រៀមខ្លាចមានការខ្វះខាត»។ 
បើតាមលោក ហួន សុរង្សី ក្រៅពីអំបិលគ្រោងនាំចូល៦ម៉ឺនតោននេះ កម្ពុជាក៏មានអំបិលបម្រុងទុក៤ពាន់តោនផងដែរ។
 
លោក ហួន សុរង្សី បានបន្ថែមថា ឧបសគ្គនៃការផលិតអំបិល មានកត្តាមួយចំនួនដូចជា បញ្ហាអាកាសធាតុ ធ្លាក់ភ្លៀងច្រើនពេក ដែលជាទូទៅកម្ពុជាប្រមូលផលអំបិលចាប់ពីដើមឆ្នាំ រហូតដល់ខែមិថុនា និងខែបន្តបន្ទាប់ទៀត ប្រមូលបានក្នុងកម្រិតតិចតួច។ បញ្ហាប្រឈមមួយទៀត គឺកង្វះកម្លាំងពលកម្ម៕
 
 
 
 
 

Tag:
 អំបិលខេត្តកំពត
  នាំអំបិលពីឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com