អន្តរជាតិ
វៀតណាម​ ទទូចឱ្យចិននិងអាម៉េរិកដោះស្រាយភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់តាមរយៈការចរចា
12, Aug 2022 , 7:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ រូបភាព៖ ក្រសួងការបរទេសវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ រូបភាព៖ ក្រសួងការបរទេសវៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅថ្ងៃទី១១ ខែសីហា បានទទូចឱ្យចិន និងអាម៉េរិកចូលតុចរចាជាមួយគ្នា ដើម្បីកាត់បន្ថយភាពតានតឹង ដែលកើតចេញពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅក្រុងតៃប៉ិ។ បើតាមអ្នកនាំពាក្យរូបនេះ អាម៉េរិក និងចិន គឺសុទ្ធតែជាដៃគូដ៏សំខាន់សម្រាប់វៀតណាម។

 
មួយរយៈចុងក្រោយ ភាពតានតឹងឆ្លងច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏ក្តៅ ដោយប្រទេសជាច្រើន បានជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាប្រកបដោយសន្តិវិធី និងរឹតត្បិតឱ្យបានខ្លាំងបំផុត។ ជាថ្មីម្តងទៀត ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី១១ ខែសីហា បានយល់ឃើញថា សន្តិភាព ស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ មានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក។ 
 
ដោយមើលឃើញពីតួនាទីសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងអាម៉េរិក និងចិនទាក់ទិននឹងសន្តិភាព ស្ថិរភាព និងវិបុលភាពសកល អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១១ ខែសីហា បានជំរុញឱ្យភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការចរចា។
 
«វៀតណាមសង្ឃឹមថា ប្រទេសទាំងពីរ (ចិន និងអាម៉េរិក) នឹងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព និងដោះស្រាយបញ្ហាតាមរយៈការចរចា ដោយផ្អែកលើច្បាប់អន្តរជាតិ»។ អ្នកនាំពាក្យវៀតណាម បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបែបនេះ ដែលបានសួរជុំវិញផែនការដោះស្រាយភាពរីកធំនៃភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ មន្រ្តីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីថា វៀតណាមបន្តគោរពគោលនយោបាយ «ចិនតែមួយ» និងជំរុញឱ្យភាគីពាក់ព័ន្ធ រឹតត្បិតសកម្មភាពខ្លួន ដើម្បីបង្ការកុំឱ្យជម្លោះរីកកាន់តែធំ និងក្នុងគោលបំណងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ 
 
សូមបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ីនៅតៃវ៉ាន់ ចិន បានប្រកាសផ្អាកកិច្ចពិភាក្សាជាមួយអាម៉េរិកលើវិស័យចំនួន ៨ ដោយក្នុងនោះរួមមានយោធា និងបម្រែបម្រួលអាកាសធាតុផង៕ 
 

Tag:
 វៀតណាម
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com