ជាតិ
សង្គមជាតិ
លោក វេង សាខុន៖ មជ្ឈមណ្ឌលស្រាវជ្រាវ ផលិតពូជវារីសត្វមេគង្គ នឹងអភិវឌ្ឍវិស័យវារីវប្បកម្ម ក្នុងភាគឦសាន
12, Aug 2022 , 8:59 pm        
រូបភាព
លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រកាសឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ នៅខេត្តស្ទឹងត្រែង ក្រោយការសាងសង់ជិត១ឆ្នាំ។លោកបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ជាផ្នែកមួយចូលរួមអភិវឌ្ឍវិស័យវារីវប្បកម្មនិងវិស័យកសិកម្មប្រចាំឆ្នាំរបស់កម្ពុជា។

 
មជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមបង្កាត់ អភិរក្សពូជវារីសត្វ និងចិញ្ចឹមត្រីជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​ និងក្រៅតំបន់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើ។ 
 
មជ្ឈមណ្ឌលស្រាវជ្រាវនេះមានស្រះសរុប២៤ ដែលស្រះស្តុកទឹកធំ១ ស្រះកូនត្រី១២ ស្រះបំប៉នត្រីសាច់៤ស្រះត្រីមេពូជ៦ ស្រះចម្រោះទឹកកខ្វក់ និងផ្ទុកកាកសំណល់១និងមានប្រព័ន្ធប្រឡាយបញ្ចេញ-បញ្ចូលទឺកផងដែរ។ មជ្ឈមណ្ឌល ក៏មានកន្លែងស្រាវជ្រាវអាងបង្កាត់-ភ្ញាស់ និងថែបំប៉នកូនត្រីពូជចំនួន៦ និងឃ្លាំងស្តុកសម្ភារ ចំណីរោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និងបណ្តាញអគ្គិសនី ចំណតរថយន្ត របង រោងយាមនិងអណ្តូងទឹកស្អាតផងដែរ។ ក្រៅពីនេះមជ្ឈមណ្ឌលក៏មានការិយាល័យរដ្ឋបាលការិយាល័យបច្ចេកទេសវារីវប្បកម្ម និងការិយាល័យស្រាវជ្រាវ និងមន្ទីរពិសោធន៍ផងដែរ។
 

រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា មជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងដើរតួនាទីផ្សព្វផ្សាយបច្ចេកទេសនិងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសានបន្ថែម។ លោក រំពឹងថាវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាននិងធ្វើឲ្យជីវភាពពលរដ្ឋ ពិសេសជនជាតិភាគតិចបង្កើតពូជត្រីកម្រ និងជិតផុតពូជឲ្យមានក្នុងអាងបឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។ 
 
លោក លើកឡើងដូច្នេះថា៖«ការកសាងមជ្ឈមណ្ឌលនេះស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែងក្រចេះ មណ្ឌល គិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ»។ 
 
សូមបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវនេះ ចំណាយថវិកាសាងសង់ប្រមាណជាង១,៧លានដុល្លារ ដែលថវិកានេះគឺជាកម្ចីពីធនាគារពិភពលោក (World Bank)​ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី«ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ» ដំណាក់កាលទី៣សមាសភាគទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅតំបន់ភូមិភាគឦសាន៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com