កីឡាអន្តរជាតិ
អន្តរជាតិ
Lahm វីរបុរស Bayern Munich និងអាល្លឺម៉ង់ ពហិការការប្រកួត World Cup នៅកាតា ដោយសារបញ្ហាសិទ្ធិមនុស្ស
13, Aug 2022 , 8:29 am        
រូបភាព
Philipp Lahm វីរបុរសក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ បានរិះគន់ចំពោះការផ្តល់សិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ទៅឱ្យប្រទេសកាតា និងអះអាងថារូបគេនឹងពហិការចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកនេះ។


 
កាតាត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសថាបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ កាលពីឆ្នាំ ២០១០ បើទោះប្រទេសនេះមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។
 
បើតាមការផ្សាយរបស់កាសែត The Guardian កាលពីឆ្នាំ ២០២១ ពលករចំណាកស្រុកចំនួន ៦៥០០នាក់បានស្លាប់ក្នុងអំឡុងពេលសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមរៀបចំ World Cup ដោយសារលក្ខខណ្ឌការងារមិនមានសុវត្ថិភាពនៅក្នុងប្រទេសកាតា។ 
 
ស្របពេលព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនឹងមកដល់នៅជាង៣ខែទៀតនោះ Lahm ដែលធ្លាប់ជួយអាល្លឺម៉ង់លើកពាន World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញមុខនិយាយពីបញ្ហាសិទ្ធិមនុស្សនៅកាតា​ និងរិះគន់ FIFA ​ដែលផ្តល់សិទ្ធិឱ្យប្រទេសដែលរឹតត្បិតសិទ្ធិមនុស្សរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដូច្នេះ។ 
 
អតីតខ្សែការពារ និងជាប្រធានក្រុម Bayern Munich វ័យ៣៨ឆ្នាំរូបនេះ បានប្រាប់កាសែតអាល្លឺម៉ង់ Kicker ថារូបគេនឹងមិនធ្វើដំណើរជាមួយក្រុមអាល្លឺម៉ង់ក្នុងនាមជាគណៈប្រតិភូទៅកាន់ប្រទេសកាតាទេ។ 
 
Lahm ដែលបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នំា២០១៧ បន្តថា៖ «បញ្ហាសិទ្ធិ​មនុស្សក្នុងប្រទេសមួយ​គួរតែ​ដើរ​តួនាទី​សំខាន់បំផុត​ក្នុង​ការ​ផ្តល់ឱ្យរៀបចំកម្មវិធីកីឡា​ណាមួយ។ វាបានកើតឡើងនៅកាតាទៅហើយ ប៉ុន្តែរឿង​បែបនេះ​មិន​គួរ​កើត​ឡើង​ទៀត​ទេ​នៅ​ពេល​អនាគត។ ប្រទេសមាននិរន្តរភាព គ្មានបញ្ហាសិទ្ធិមនុស្សទើបសមទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាធំៗ»។
 
យោងតាមអង្គការលើកលែងទោសអន្តរជាតិ អាជ្ញាធរកាតា នៅតែបន្តទប់ស្កាត់សេរីភាពបញ្ចេញមតិ ខណៈស្ត្រី និងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា LGBTQ+ ក៏រងការគាបសង្កត់ផងដែរ។ ក្រុម LGBTQ+ ក៏ត្រូវបានរឹតត្បិតមិនឱ្យចូលរួមទស្សនាផ្ទាល់ក្នុងការប្រកួត World Cup នៅកតា ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ៕
 

Tag:
 World Cup
  Philipp Lahm
© រក្សាសិទ្ធិដោយ thmeythmey.com