កីឡាជាតិ
ជាតិ
មិន រតនៈ រកបាន៤គ្រាប់ក្នុងជ័យជម្នះ ១០-0 របស់ព្រះខ័នរាជស្វាយរៀងលើគិរីវង់សុខសែនជ័យ
14, Aug 2022 , 6:59 am        
រូបភាព
មិន រតនៈ អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន​លើគិរីវង់សុខសែនជ័យ។ រូបថត Preah Khan Reach Svay Rieng
មិន រតនៈ អបអរគ្រាប់បាល់បញ្ចូលទី​របស់ខ្លួន​លើគិរីវង់សុខសែនជ័យ។ រូបថត Preah Khan Reach Svay Rieng
ដោយ: រួបរួម
ព្រះខ័នរាជស្វាយរៀង យកឈ្នះគិរីវង់សុខសែនជ័យ ១០-០ នាជំនួបសប្តាហ៍ទី១៥នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ រីឯជំនួប៣គូទៀតកាលពីថ្ងៃសៅរ៍ផងដែរ ភ្នំពេញក្រោនឈ្នះកងយោធពលខេមរភូមិន្ទ ១-០, វិសាខា ស៊ី អង្គរថាយហ្គឺរ ៥-២, ណាហ្គាវើលដ៍ បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយបឹងកេត។

 
ក្រោយបរាជ័យលើកដំបូងបំផុតនាសប្តាហ៍ទី១៤ដោយសារវិសាខា ព្រះខ័នរាជស្វាយរៀង បានស្តារមុខមាត់ដោយលត់ក្រុមភ្ញៀវគិរីវង់សុខសែនជ័យដល់ទៅ ១០-០ ដោយរកបាន៤គ្រាប់នៅតង់ទី១ និងបន្ថែមបាន៦គ្រាប់នៅតង់ទី២។ គិរីវង់ដែលទើបស្គាល់ជាតិជ័យជម្នះលើកដំបូងកាលពីសប្តាហ៍មុនក្នុងលទ្ធផល ១-០ លើកងយោធពលខេមរភូមិន្ទ មិនមានឱកាសតបតលើព្រះខ័នរាជសូម្បីតែ១គ្រាប់។
 
ខ្សែបម្រើមិន រតនៈ រកបាន៤គ្រាប់តែម្នាក់ឯង ដោយ១គ្រាប់បើកឆាកនៅតង់ទី១ និង៣គ្រាប់ទៀតនៅតង់ទី២។ ខ្សែប្រយុទ្ធកាណាដា Marcus Haber និងខ្សែបម្រើ គឹម សុខយុទ្ធ រកបានម្នាក់ចំនួន២គ្រាប់ ខណៈ នី សុខរី និង សុក សំណាង រួមចំណែកបានម្នាក់១គ្រាប់។
 
សម្រាប់ជំនួបនាម៉ោងដំណាលគ្នានៅទឹកដីស្តាតចាស់ ភ្នំពេញក្រោន ទទួលបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដែលជាការស៊ុតបាល់បញ្ចូលទីតែ១គ្រាប់របស់ខ្សែប្រយុទ្ធជប៉ុន Yudai Ogawa នៅនាទី៦៨។
 
រីឯជំនួបពេលរសៀលនាកីឡដ្ឋានហនុមាន ខេត្តសៀមរាប វិសាខា បានយកឈ្នះអង្គរថាយហ្គឺរ ៥-២ ក្នុងជំនួបដែលមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រ ដោយសារតែក្រុមម្ចាស់ផ្ទះរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នៅនាទី២២ ខ្សែប្រយុទ្ធទីម័រខាងកើត Mouzinho បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងសម្រាប់អង្គរថាយហ្គឺរ ប៉ុន្តែខ្សែបម្រើអ៊ូសបេគីស្ថាន Alisher Mirzaev វាយបកតាមស្មើសម្រាប់វិសាខាវិញ នៅនាទីបន្ថែមចុងតង់ទីមួយ។
 
គិតត្រឹមនាទី៧៧ ក្រោយសម្រាកតង់ ក្រុមភ្ញៀវវិសាខា រកបានរហូតដល់ទៅ៤គ្រាប់ ដោយខ្សែបម្រើ ទៀត គឹមហេង និងខ្សែការពារទ្រីនីដាដតូបាហ្គោ Seon Power ស៊ុតបានម្នាក់១គ្រាប់ រីឯ សារ ទី រកបាន២គ្រាប់តែម្នាក់ឯង។ ឈានដល់នាទី៨៣ Mouzhinho រកបានគ្រាប់ទី២សម្រាប់ម្ចាស់ផ្ទះ ដើម្បីបញ្ចប់ក្នុងលទ្ធផល ៥-២។
 
ដោយឡែកជំនួបនៅកីឡដ្ឋានអ.អេស.អិន ណាហ្គាវើលដ៍ និងបឹងកេត បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី បើទោះបីជាមានការវាយសម្រុកលើគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។
 
គិតត្រឹម១៥សប្តាហ៍ ព្រះខ័នរាជស្វាយរៀង បង្កើនគម្លាតនាំមុខដាច់គេលើតារាង ដោយមាន៣៨ពិន្ទុ។ វិសាខា តាមពីក្រោយ១០ពិន្ទុ។ បឹងកេតស្ថិតនៅលេខ៣ ដោយមាន២៧ពិន្ទុ ហើយឈរបន្តបន្ទាប់ដោយភ្នំពេញក្រោន (២០ពិន្ទុ), ណាហ្គាវើលដ៍ (១៩ពិន្ទុ), កងយោធពលខេមរភូមិន្ទ (១៦ពិន្ទុ), អង្គរថាយហ្គឺរ (១៥ពិន្ទុ) និងគិរីវង់សុខសែនជ័យ (៥ពិន្ទុ)។
 
ពីរគ្រាប់បន្ថែមលើគិរីវង់ នាំឲ្យខ្សែប្រយុទ្ធកាណាដា Marcus Haber ឡើងឈរលើគេនៅតារាង Top Scorers វិញ ដោយមាន១៧គ្រាប់ ខណៈខ្សែប្រយុទ្ធជប៉ុន Takumu Nishihara នៃក្រុមកងយោធពលខេមរភូមិន្ទ មាន១៦គ្រាប់។ ៤គ្រាប់របស់ មិន រតនៈ បាននាំឲ្យគេស្ថិតក្នុងបញ្ជីកីឡាករកម្ពុជាដែលមានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ ដោយមាន៦គ្រាប់ ស្មើ Fareed Sadat នៃភ្នំពេញក្រោន និង Jozsef Keaveny នៃអង្គរថាយហ្គឺរ៕
 

Tag:
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com