កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Man City បន្តឈ្នះសប្តាហ៍ទី២ រីឯ Man United ចាញ់​ Brentford យ៉ាងអាម៉ាស់
14, Aug 2022 , 5:59 am        
រូបភាព
Premier League សប្តាហ៍ទីពីរក្រុមកាំភ្លើងធំ Arsenal និងមេឃខៀវ Manchester City បន្តឈ្នះការប្រកួតរាងៗខ្លួន ចំណែកឯក្រុមបិសាចក្រហម Manchester United ចាញ់ក្រុម Brentford យ៉ាងអាម៉ាស់ នាការប្រកួតថ្ងៃទី១៣ ខែសីហានេះ។

 
ក្រុមរហ័សនាមកាំភ្លើងធំនាការប្រកួតសប្តាហ៍ទីពីរបន្តធ្វើបានល្អ ដោយរកបាន៣ពិន្ទុបន្ថែមក្រោយបំបាក់ក្រុម Leicester City លទ្ធផល ៤-២ ក្នុងទឹកដីកីឡដ្ឋាន Emirate Stadium។ ៤គ្រាប់នាំជ័យជម្នះដ៏ធំសម្រាប់ Arsenal រកបានដោយការសហការគ្នាយ៉ាងល្អរវាងខ្សែបម្រើ Granit Xhaka និងកីឡាករចំណូលថ្មី Gabriel Jesus ធ្វើបានដល់ទៅ៣គ្រាប់។ Jesus ស៊ុត២គ្រាប់នៅនាទី២៣ និង ៣៥ Xhaka ស៊ុតនៅនាទី៥៥ និងខ្សែបម្រើ Gabiel Martinelli នាទី៧៥ រីឯ ២គ្រាប់របស់ Leicester City ១គ្រាប់នៅនាទី៥៣ ជាគ្រាប់បាល់ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងដោយកីឡាករខ្សែការពារ William Saliba របស់ Arsenal និងកីឡាករ James Maddison នាទី៧៤។
 
មិនខុសពី Arsenal ដែលមានគ្រាប់ស៊ុតបញ្ជូលទីច្រើនក្រុមរហ័សនាមមេឃខៀវ Man City ក៏រកបាន៤គ្រាប់ដូចគ្នាដែរលើក្រុម AFC Bournemouth ហើយក្រុមការពារតំណែងជើងឯកនេះនៅមិនទាន់របូតគ្រាប់បាល់នៅឡើយសម្រាប ២ប្រកួតដំបូងនេះ។ កីឡាករខ្សែបម្រើ Ilkay Gundogan ស៊ុតបើកឆាក១គ្រាប់នៅនាទី១៩ Kevin De Bruyne គ្រាប់ទី២ នាទី៣១ Phil Foden សម្រេចគ្រាប់ទី៣ នាទី៣៧ ក្នុងវគ្គទីមួយ រីឯគ្រាប់ទី៤ ខ្សែការពារ Jefferson Lerma របស់ក្រុម Bournemouth ភ្លាត់ចូលទីខ្លួនឯង។ Man City ឡើងឈរកំពូលតារាង ខណៈ Arsenal ឈរលេខ២ មាន៦ពិន្ទុដូចគ្នា។
 
ជាការចាញ់ដ៏អាម៉ាស់ក្រុម Man United ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Brentford លទ្ធផលដល់ទៅ ៤-០ ដែលនេះជាការចាញ់ក្រុម Brentford លើកដំបូងក្នុងប្រវត្តិសាស្ត្រតាំងពីឆ្នាំ ១៩៣៨ មកដែលក្រុមទាំងពីរធ្លាប់ជួបគ្នា។ ៤គ្រាប់បរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ សុទ្ធសឹងតែនៅវគ្គទីមួយដែលបិសាចក្រហមបង្ហាញទម្រង់លេងមិនបានល្អ និងមានកំហុសច្រើនក្នុងការប្រកួត។
គ្រាប់ដំបូងធ្វើបានដោយកីឡាករ Josh Dasilva នាទី១០ ដែលជាការបង្កកំហុសរបស់ David De Gea គ្រាប់ទី២រកបានដោយខ្សែការពារ Ben Mee នាទី១៨ ជាការបង្កកំហុសជាថ្មីរបស់ De Gea ជាមួយ Christian Eriksen ខ្សែប្រយុទ្ធ Bryan Mbeurno សម្រេចគ្រាប់ទី៣ នៅនាទី៣០ និងកីឡាករ Mathias Jensen ស៊ុតគ្រាប់ទី៤ នាទី៣៥។ 
 
ក្រោយចាញ់ការប្រកួតនេះបិសាចក្រហមជាក្រុមធ្លាក់ទៅឈរនៅបាតតារាំងលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួត Premier League នឹងត្រូវបានក្រុមដទៃស៊ុតចូលដល់ទៅ៦ គ្រាប់នៅ២ប្រកួតដំបូងនៃក្របខណ្ឌកំពូលអង់គ្លេសមួយនេះ ហើយក៏ជាការចាញ់ធំបំផុតដែលត្រូវគូប្រកួតស៊ុត៤គ្រាប់ ក្រៅដីខ្លួនឯលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតក្រុមដទៃទៀតសម្រាប់សប្តាហ៍ទីពីរ Premier League៖
 
  • Aston Villa ឈ្នះ Everton លទ្ធផល ២-១
  • Brighton & hove Albion ស្មើ ០-០ Newcastle United
  • Southampton ស្មើ ២-២ Leeds United
  • Wolverhampton Wanderers ស្មើ 0-0 Fulham
ក្រុមដែលមិនទាន់ប្រកួតរួមមានNottingham Forest ទទួល West Ham United មុនជំនួបធំប្រចាំសប្តាហ៍ London Derby ក្រុម Chelsea ស្វាគមន៍ Tottenham Hotspur ថ្ងៃទី១៤ ខែសីហា និងជំនួបចុងក្រោយ Liverpool ប៉ះ Crystal Palace ថ្ងៃទី១៥៕
 

Tag:
 Premier League
  Arsenal
  Man City
  Man United
© រក្សាសិទ្ធិដោយ thmeythmey.com