ជាតិ
អាហារនៅអាស៊ាន៖ កម្ពុជាមានហហ្មុក, វៀតណាមមានហ្វឺ, ថៃមានតុមយ៉ាំ, ឡាវមានឡាប…
08, Nov 2022 , 11:59 am        
រូបភាព
អាហារទាំង១០មុខដំណាងឱ្យប្រទេសអាស៊ាន
អាហារទាំង១០មុខដំណាងឱ្យប្រទេសអាស៊ាន
ដោយ:
ប្រទេសនីមួយៗតែងមាន អាហារដែលចាត់ទុកជាអត្តសញ្ញាណ ដើម្បីបង្ហាញពីវប្បធម៌ នៃគំនិតច្នៃប្រឌិតលើអាហារ អមដោយរសជាតិពិសេស ​និងការពេញនិយមរបស់ពលរដ្ឋភាគច្រើននៅក្នុងប្រទេស។ ជាមួយគ្នានេះ អាហារតំណាងឱ្យប្រទេសទាំងនោះ ក៏ជាផ្នែកមួយជួយទាក់ទាញទេសចរឱ្យទៅស្វែងរក និងភ្លក់រស់ជាតិអាហារទាំងនោះ។

  

 
ហហ្មុកត្រី ជាមុខម្ហូបមួយប្រភេទតំណាងឱ្យប្រទេសកម្ពុជា។ ម្ហូបប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់។ អាហារនេះ ភាគច្រើនប្រើសាច់ត្រី លាយជាមួយគ្រឿងបន្ថែមរសជាតិដែលផ្សំបញ្ចូលគ្នា មិនក្រោមប្រាំមុខឡើយ។ ស្លឹកស្លត ឬស្លឹកកន្ទួត ដើម្បីទ្រាប់ពីក្រោមមុនពេលចំហុយ ។ រសម្ហូបប្រភេទនេះ ប្រហែលទៅហ្នឹងសម្លខ្ទិះ ប៉ុន្ដែខុសត្រងហហ្មុកជាម្ហូបគោក ចំណែកឯសម្លខ្ទិះមានទឹកច្រើន។ 

  អាម៉ុក រូបភាពពីDelicious food channel

តុមយ៉ាំ ជាម្ហូបប្រពៃណីតំណាងឱ្យប្រទេសថៃ។ រសម្ហូបប្រភេទនេះ មានហឹរ ជូរ។ គេអាចប្រើសាច់ត្រី សាច់មាន់ សាច់គោ ឬ គ្រឿងសមុទ្រក៏បាន។ នៅពេលចូលដល់ប្រទេសថៃ គេអាចរកម្ហូបប្រភេទនេះ ភ្លក់រសបានដោយងាយ ដោយសារអាហារប្រភេទមានលក់ស្ទើរគ្រប់កន្លែង មិនថាអាហារដ្ឋានតូច ឬធំនោះឡើយ។ 

 តុំយ៉ាំ រូបភាពពី Khmer Food

ណាស៊ីឡេម៉ាក់ ឬបាយខ្ចប់បែបម៉ាឡេ (Nasi lemak Rice) ជាអាហារពេញនិយមរបស់ពលរដ្ឋនៅក្នុងប្រទេសម៉ាឡេស៊ី។ អាហារនេះ មានបាយអប់ជាមួយខ្ទិះដូង ដាក់សាច់មាន់ចៀន ឬគ្រឿងសមុទ្រ  បន្លែស្រស់ ត្រីដូរីបំពង សណ្ដែកដីលីង និងមានស៊ុតស្ងោរ និងទឹកជ្រលក់បែបម៉ាឡេ។ តាមធម្មតា អាហារប្រភេទនេះ ត្រូវបានគេដាក់បញ្ចូលគ្នា នៅក្នុងចានមួយទាំងបន្លែ សាច់ និងទឹកជ្រលក់។ ជាមួយគ្នានេះ ពេលខ្ចប់គេត្រូវរកស្លឹកចេកកាច់ជាកន្ទោង។ ភោជនីដ្ឋានបែបម៉ាឡេខ្លះនៅក្នុងប្រទេសកម្ពុជា​ ក៏រៀបចំសម្រាប់ភ្ញៀវបែបនេះដែរ។

បាយណាស៊ីឡេម៉ាក់ រូបភាពដោយ istockphoto 

បាយមាន់ស្ងោរ (Hainan Chicken Rice ) ជាអាហារប្រពៃណីពិសេសរបស់ប្រជាជននៅសិង្ហបុរី។ បាយប្រភេទនេះ បញ្ចូលគ្រឿងរសជាតិផ្សំដូចជាខ្លាញ់មាន់ ប៊័រ  ខ្ញី និងគ្រឿងបន្ថែមរសមួយចំនួនផ្សេងទៀត ដើម្បីបង្កើនរសជាតិបាយឆ្ងាញជាងធម្មតា។ អាហារនេះប្រភេទនេះ រួមមានបាយ សាច់មាន់ស្ងោរ ទឹកស៊ុប បន្លែ រួមជាមួយទឹកជ្រលក់មួយមុខឬពីមុនបន្ថែម។  
 

 បាយមាន់ស្ងោរបែបសិង្ហបុរី រូបភាពដោយKitchen Story
 
អាដូបូ (Adobo) ជាម្ហូបប្រពៃណីប្រចាំប្រទេសហ្វីលីពីន។ អាហារប្រភេទនេះត្រូវបានចម្អិនដោយប្រើសាច់មាន់ ឬសាច់ជ្រូក។ បើមើលពីរូបរាងខាងក្រៅប្រហែលហ្នឹងសម្លខសាច់ជ្រូក ឬខសាច់មាន់នៅក្នុងប្រទេសកម្ពុជាដែរ។ គ្រឿងផ្សំពិសេសរបស់អាដូបូ គឺទឹកខ្មេះ និងទឹកស៊ីអ៊ីវ។ គេចម្អិនវា ដោយការ​រម្ងាស់សាច់មាន់ ឬសាច់ជ្រូករហូតដាច់ទឹក ប្រហែលកន្លះម៉ោងទើបអាចយកមកបរិភោគបាន។ 

អាដូបូ រូបភាពដោយ Simply Delicious

ណាស៊ី ផាដាង (Nasi padang ) ជាបាយឆាលាយសាច់មួយប្រភេទដែលត្រូវបានប្រជាជននៅក្នុងប្រទេសឥណ្ឌូណេស៊ីពេញនិយមបរិភោគ។ គ្រឿងផ្សំបាយប្រភេទនេះ រួមមានខ្ទឹមស​ ខ្ទឹមក្រហម លីងជាមួយសាច់មាន់ និងស៊ុតទា និងបន្ថែមទឹកជ្រលក់ផ្អែមធ្វើពីទឹកស៊ីអីវរម្ងាស់ជាមួយស្ករត្នោត។ គេយកបាយស ឆាបញ្ចូលគ្នាឱ្យសព្វសាច់ រួចប្រើគ្រឿងទេសបន្ថែមរស និងពណ៌បន្តិច ជាការស្រេច។ គេអាចបន្ថែមស៊ុតចៀនសាបមួយ ឬស្លឹកខ្ទឹមខ្លះៗពីលើបាយ ដើម្បីបង្កើនភាពទាក់ទាញ។
  

បាយឆា បែប ឥណ្ឌូណេស៊ីរូបភាពពីគេហទំព័រ Cambodia Recipe 
 
អាមប៊ូយ៉ាត់( AMBUYAT) ជាម្ហូបប្រភេទនេះត្រូវបានគេចាត់ទុកថា ជាម្ហូបដែលឆ្ងាញ់បំផុតនៅក្នុងប្រទេសព្រុយណេ ហើយភាគច្រើនគេតែងបរិភោគក្នុងពេលជួបក្រុមគ្រួសារ ឬមិត្តភ័ក្តិជាក្រុមៗ។  អាហារប្រភេទនេះ គេយកម្សៅមួយប្រភេទមានឈ្មោះថា AMBULONG ទៅលាយជាមួយទឹកក្តៅរួចបន្តកូរឱ្យឆ្អិនស្មើសាច់ រហូតដល់ស្អិតជាប់គ្នា ទើបអាចបរិភោគបាន។ គេបរិភោគអាមប៊ូយ៉ាត់ ជាមួយម្ហូបប្រពៃណីពីរបីមុខបន្ថែម ក្នុងនោះអាចមានត្រី និងសម្លទឹក និងគ្រឿងជ្រលក់ផ្សេងទៀត រួមជាមួយបន្លែផងដែរ។ 

អាប៉ូយ៉ាត់ រូបភាពពីគេទំព័រ recipes 
 
ហ្វឺ (Pho) ជាអាហារប្រពៃណីរបស់ពលរដ្ឋវៀតណាម។ វាកើតចេញពីការច្នៃប្រឌិត និងបានក្លាយជាទីពេញនិយមរបស់ពលរដ្ឋក្នុងប្រទេសនេះផងដែរ។ រសរបស់ហ្វឺសាបៗ និងត្រូវដាក់ជាមួយទឹកជ្រលក់ ដើម្បីបង្កើតរសជាតិតាមចំណូលចិត្តរបស់អ្នកបរិភោគ។ អាហារប្រភេទនេះ គេអាចថែមបន្លែបៃតងស្រស់ ជាមួយជីបន្លា ឬ និងជីនាងវងបាន។ បច្ចុប្បន្នអាហារប្រភេទនេះ ត្រូវបានសាយភាពមកដល់កម្ពុជាផងដែរ។ ​  

ហ្វឺ រូបភាពពីគេហទំព័រ De Bokor 

ឡាបសាច់គោ  ជាម្ហូបតំណាងឱ្យប្រទេសឡាវ។ អាហារប្រភេទនេះ ប្រជាជននៅក្នុងប្រទេសឡាវនិយមបរិភោគជាមួយស្រាបៀរមួយប្រភេទដែលផលិតនៅក្នុងស្រុក។ រសជាតិម្ហូបប្រភេទនេះ ប្រហែលហ្នឹងភ្លាត្រីរបស់ពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា ប៉ុន្ដែរសរបស់វាដិតជាងភ្លាត្រីបន្តិច។ ឡាបសាច់គោនេះអាចបរិភោគជាមួយបន្លែបៃតងក៏បាន។ 

 ឡាបសាច់គោ រូបភាពពីគេហទំព័រ មេផ្ទះ (Housewife) 

ម៉ូហ៊ីនហ្កា ( Mohinga) ជាស៊ុបមួយប្រភេទពេញនិយមសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា។ ស៊ុបប្រភេទនេះ ត្រូវបានគេធ្វើពីម្សៅអង្គរផលិតចេញជាសរសៃមី បើធៀបទៅប្រហែលហ្នឹងសរសៃនំបញ្ចុកខ្មែរដែរ។ ម៉ូ ហ៊ីនហ្កា គឺជាស៊ុបមីមួយប្រភេទដែលមានក្លិនប្រហើរត្រី អាចបរិភោគជំនួយអាហារពេលព្រឹកបាន៕ 
 

  ម៉ូហ៊ីនហ្កា រូបភាពដោយគេហទំព័រ reamstime

Tag:
 ប្រទេសអាស៊ាន
  ម្ហូប
 
© រក្សាសិទ្ធិដោយ thmeythmey.com