អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
14, Aug 2022 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយ សង្គ្រាមអ៊ុយក្រែន នៅតែបន្តអូសបន្លាស ខណៈកម្លាំងយោធារុស្ស៊ី និងអ៊ុយក្រែន បានចោទគ្នាទៅវិញទៅមកជុំវិញការវាយប្រហារលើរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងជាថ្មី ដោយប្រទេសជាច្រើនជំរុញឱ្យដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយសន្តិវិធី៕

 
 
ថ្ងៃទី៨ ខែសីហា
 
ប្រមុខការទូតចិន លោក វ៉ាង យី បានលើកឡើងថា ទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅកោះតៃវ៉ាន់ បានបង្កកំហុសបីដូចជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន, គាំទ្រកម្លាំងឯករាជ្យនៅតៃវ៉ាន់ រួមទាំងបំផ្លាញសន្តិភាពនៅលើច្រកសមុទ្រតៃវ៉ាន់ផង។ បើតាមលោកវ៉ាង អាម៉េរិកមិនបានគោរពការជូនដំណឹង និងការដាស់តឿនរបស់ចិនជាមុនឡើយ។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមាន​ពីហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយប្រើអាវុធនុយក្លេអ៊ែរ ដែលលោកអះអាងថា កំពុងលេច​ឡើងជាថ្មី ក្រោយស្ងប់ស្ងាត់អស់ជាច្រើនទសវត្សន៍។ ប្រមុខUN រូបនេះ បាន​អំពាវនាវ​ឱ្យប្រទេស​មាន​អាវុធនុយក្លេអ៊ែរទាំងអស់ប្ដេជ្ញាចិត្តកុំប្រើប្រាស់ឱ្យសោះ។
 
ថ្ងៃទី៩ ខែសីហា
 
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu ព្រមានថា សមយុទ្ធយោធារបស់ចិនមិនត្រឹមតែជាការហាត់សមដើម្បីត្រៀមលេបយកតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីមហិច្ឆតាចង់ក្តោបក្តាប់ផ្នែកដ៏ធំនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ នៅថ្ងៃដដែល ក្រុងតៃប៉ិក៏បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតដើម្បីការពារពីការឈ្លានពានផងដែរ។
 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីផលិតកម្មឈីប(chips) ក្នុងគោលបំណងកាត់បន្ថយការនាំចូលបន្ទះឈីបពីបរទេស និងជំរុញឱ្យមានការផលិតគ្រឿងអេឡិចត្រូនិចមួយនេះ នៅក្នុងស្រុកវិញ។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងវិនិយោគប្រមាណ​ ៥២,៧ពាន់លានដុល្លារ ដល់ការស្រាវជ្រាវ និងក្រុមហ៊ុនអាម៉េរិក។
 
ថ្ងៃទី១០ ខែសីហា
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានចេញមុខសុំទោសប្រជាជនដែលរងគ្រោះដោយសារតែទឹកជំនន់ជោគជាំនៅក្រុងសេអ៊ូល និងតំបន់ជុំវិញ។
 
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ី ដា ហ្វូមីអូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយមានការផ្លាស់ប្តូរមន្ត្រីមួយចំនួន ស្របពេលដែលប្រជាប្រិយរបស់រដ្ឋាភិបាលរបស់លោកធ្លាក់ចុះ។ ប្អូនប្រុសលោក អាបេ ស៊ិនហ្សូ ត្រូវបានដកចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិ។
 
ថ្ងៃទី១១ ខែសីហា
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសជ័យជម្នះលើការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ។ ប៉ុន្តែប្អូនស្រីមេដឹកនាំរូបនេះ លោកស្រី Kim Yo Jong បានបង្ហើប​ថា បងប្រុសខ្លួន ក៏​មានអាការៈ​គ្រុនក្តៅដែលជាករណីសង្ស័យដែរ។ ស្របគ្នានេះ លោកស្រី Kim បាន​ប្ដេជ្ញាសងសឹក​កូរ៉េ​ខាងត្បូង ដោយចោទថា ធ្វើឱ្យមានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរចូល​កូរ៉េខាងជើង។
 
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី បានលើកឡើងថា កម្ពុជា និងចិនជាប្រទេសជិតខាងដ៏ជិតស្និទ្ធ និងជាមិត្តភក្តិដ៏ល្អ។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានហៅទំនាក់ទំនងប្រទេសទាំងពីរ គឺមិនអាចបំបែកបាន និងមានតម្លៃខ្លាំងស្របពេលពិភពលោកមានបញ្ហាស្មុគស្មាញ។
 
ថ្ងៃទី១២ ខែសីហា
 
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រតិកម្មយ៉ាងខ្លាំងចំពោះសម្តីរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក ហៅតៃវ៉ាន់ជាប្រទេស។ ត្រង់ចំណុចនេះ មន្រ្តីក្រសួងការបរទេសចិន បានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំង មានសិទ្ធិគ្រប់យ៉ាង ដើម្បីចាត់វិធានការសងសឹកលើសកម្មភាពអរិភាព ដែលបង្កដោយក្រុងវ៉ាស៊ីនតោន។
 
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានសន្យាថា លោកនឹង ដឹកនាំរដ្ឋាភិបាលបង្កើតវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែការកើនឡើងតម្លៃប្រភពថាមពល និងអាហារ។
 
ថ្ងៃទី១៣ ខែសីហា
 
កូរ៉េខាងជើង បានប្រកាសលើកចោលបម្រាមពាក់ម៉ាស់ និងបន្ធូរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផ្សេងទៀត។ ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រកាសពីជ័យជម្នះលើជំងឺកូវីដ-១៩៕ 
 

Tag:
 ចិន
  អាម៉េរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com