ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ អាជ្ញាធរឃុំកូនសត្វ បានចាត់កម្លាំង​ល្បាតពេលយប់ ដើម្បី​ការពារសុវត្ថិភាពពលរដ្ឋ​ ​
14, Aug 2022 , 5:49 pm        
រូបភាព
ដោយ៖ យុវជនឃុំកូនសត្វ

ស្រុកទឹកឈូ,កំពត៖ លោក វ៉ិត សុភ័ក្រ្ត មេឃុំកូនសត្វ ក្នុងស្រុកទឹកឈូ ខេត្តកំពត បានអះអាងថា បច្ចុប្បន្ននៅក្នុងឃុំកូនសត្វទាំងមូល មិនទាន់មានអំពូលភ្លើងបំភ្លឺផ្លូវសម្រាប់ពលរដ្ឋធ្វើដំណើរពេលយប់នៅឡើយទេ ព្រោះឃុំខ្វះខាតថវិកា។ ដ្បិតមិនទាន់មានភ្លើងបំភ្លឺដូច្នេះ អាជ្ញាធរឃុំ ក៏បានចាត់កម្លាំងក្រុមបញ្ជាការងារ យាមល្បាតតាមផ្លូវស្ងាត់មួយចំនួន នៅពេលយប់ ដើម្បីរក្សាសុវត្ថិភាពរបស់ពលរដ្ឋ។ ទន្ទឹមនឹងនេះ លោក វ៉ិត សុភ័ក្រ្ត ក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរនៅពេលយប់ងងឹត និងត្រូវរាយការណ៍មកអាជ្ញាធរឃុំ នៅពេលមានបញ្ហាអ្វីមួយ។

 
 
«យើងមានក្រុមបញ្ជាការពារ អ៊ីចឹងរៀងរាល់ពេលមានពិធីបុណ្យ ឬការ ក៏តែងមានក្រុមបញ្ជាការពារយាម។ យើងក៏បានរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពេលទៅណាមកណាកុំទៅម្នាក់ឯង ឱ្យមានគ្នាច្រើន​ៗ ហ្នឹងវាជាសុវត្ថិភាពមួយ។ ហើយបើសិនជាមានបញ្ហាត្រូវរាយការណ៍មកអាជ្ញាធរភូមិ-ឃុំដែលនៅជិតបំផុត ដើម្បីឱ្យមានការការពារបានទាន់ពេលវេលា»។ នេះជាការលើកឡើងរបស់លោក វ៉ិត សុភ័ក្រ្ត មេឃុំកូនសត្វ ដែលបន្តទៀតថា កន្លងមកពលរដ្ឋក្នុងឃុំមិនធ្លាប់ជួបបញ្ហាអ្វីឡើយ ហើយឃុំក៏នឹងដាក់ភ្លើងបំភ្លឺផ្លូវដើម្បីបង្កើនសុវត្ថិភាពពលរដ្ឋ បើសិនជាមានថវិកាគ្រប់គ្រាន់៕
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)​
 
 
 
 

Tag:
 យុវជនសកម្ម
  សេវាល្អ
  វីដេអូ
  ភ្លើងបំភ្លឺផ្លូវ
  វ៉ិត សុភ័ក្រ
 ភូមិឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com