ជាតិ
សុខភាព
រដ្ឋមន្ត្រីសុខាភិបាលសុំការសហការពីអភិបាលរាជធានីលើករណីគ្លីនិកឯកជនយកឡានទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍
15, Aug 2022 , 4:09 pm        
រូបភាព
លោក ម៉ម ប៊ុនហេង (ឆ្វេង) និងលោក ឃួង ស្រេង នាពេល​ចុះពិនិត្យ​ទីតាំងចត្តាឡីស័ក​មួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០២១។ រូបថតពីហ្វេសប៊ុក លោក អ៊ិត សំហេង
លោក ម៉ម ប៊ុនហេង (ឆ្វេង) និងលោក ឃួង ស្រេង នាពេល​ចុះពិនិត្យ​ទីតាំងចត្តាឡីស័ក​មួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០២១។ រូបថតពីហ្វេសប៊ុក លោក អ៊ិត សំហេង
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែសីហា នេះ បានសរសេរលិខិតទៅកាន់អភិបាលរាជធានីភ្នំពេញ ស្តីពីការពង្រឹង និងចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួង។ លោកកត់សម្គាល់ថា ទោះមានការណែនាំច្រើនលើកច្រើនសារក៏ដោយ ក៏គ្លីនិកឯកជននៅតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទៅព្យាបាលក្នុងគ្លីនិករបស់ខ្លួន រួមទាំងបុគ្គលមួយចំនួនយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ទៅដឹកនាំអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវ។

 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កេតឃើញថា សកម្មភាពដែលមិនអនុវត្តតាមសារាចរណែនាំរបស់ក្រសួង បណ្តាលឲ្យមានរូបភាពមិនល្អ ដូចជាការឈ្លោះប្រកែកដណ្តើមគ្នាយ៉ាងអនាធិបតេយ្យ។ បញ្ហាទាំងនេះ ជិះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យដទៃទៀត។
 
លោក ម៉ម ប៊ុនហេង ក៏បានកត់សម្គាល់ផងដែរ ចំពោះរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរតាមដងផ្លូវ។
 
«សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ មេត្តា ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាលតាមការគួរ»។ នេះជាសំណូមពររបស់លោក ម៉ម ប៊ុនហេង ទៅកាន់ លោក ឃួង ស្រេង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com