ជាតិ
យុវជនសកម្ម សេវាល្អ
ជម្រាលជនពិការនៅសាលាឃុំត្រពាំងធំ នឹងជួយឱ្យអ្នក​មានពិការភាពទទួលសេវាកាន់​តែងាយស្រួល
16, Aug 2022 , 7:59 am        
រូបភាព
ដោយ៖ ណន ពុធធារ៉ា (យុវជនឃុំត្រពាំងធំ) 
 
ស្រុកទឹកឈូ, កំពត៖ រដ្ឋបាលឃុំត្រពាំងធំ ទើបបញ្ចប់ការសាងសង់ជម្រាលសម្រាប់ជនមានពិការភាព នៅអគារសាលាឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកមានពិការភាព ពេលមកស្វែងរកសេវាសាធារណៈ។ លោក សុខ សុវណ្ណតារា ជំទប់ទី១ ​ឃុំត្រពាំងធំ បញ្ជាក់ថា ថវិកាសម្រាប់សង់ជម្រាលនេះ ជាថវិកាសេសសល់ពីកញ្ចប់អភិវឌ្ឍន៍ផ្សេងៗរបស់ឃុំ។ ជុំវិញការសង់ជម្រាល​នេះ ពលរដ្ឋដែលមានពិការភាពនៅក្នុងឃុំ មានការត្រេកអរណាស់។ ពួកគាត់អះអាងថា ជម្រាលនេះ នឹងសម្រួលដល់ការឡើងចុះអគារសាលាឃុំរបស់ពួកគាត់។ ទន្ទឹមនឹងនោះពលរដ្ឋដែលមានពិការភាព ក៏ស្នើឱ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ចំពោះជីវភាពពួកគាត់ ជាពិសេស​ការផ្តល់កម្លាំង​ចិត្តដល់អ្នកដែលមានពិការភាព។

 
ឃុំត្រពាំងធំ នៃស្រុកទឹកឈូ មានពលរដ្ឋដែលមានពិការភាព សរុបចំនួន ៧៥នាក់ ក្នុងនោះស្រី៤៤នាក់។ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកមានពិការភាព ក្នុងការមកទទួលសេវារដ្ឋបាលនៅសាលាឃុំ អាជ្ញាធរឃុំត្រពាំងធំ ​បានសាងសង់ជម្រាលសម្រាប់អ្នកមានពិការភាព នៅអគាររដ្ឋបាល​ឃុំ កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ។ លោក សុខ សុវណ្ណតារា ជំទប់ទី១ នៃ​ឃុំត្រពាំងធំ បានពន្យល់បន្ថែមថា ការសង់ជម្រាលនេះ គឺបន្ទាប់អាជ្ញាធរមើលឃើញតម្រូវការ និងការលំបាករបស់ប្រជាពលរដ្ឋដែលមានពិការភាព នៅពេលដែលពួកគាត់មកទទួលសេវារដ្ឋបាលនៅសាលាឃុំ។ «ដោយឃើញទិដ្ឋភាពជាក់ស្តែ​ង សាលាឃុំក៏បានធ្វើជម្រាលសម្រាប់ជនពិការ ដើម្បីឱ្យពួកគាត់មានភាពងាយស្រួល​ ក្នុងការមកទទួលសេវាកម្ម។ គាត់មានការលំបាកពេលដែលគាត់មកសុំសេវាសាធារណៈនៅសាលាឃុំអត់មានជម្រាល។ អ៊ីចឹងពួកគាត់ក៏សម្រេចចិត្តធ្វើជាជម្រាលតែម្តងទៅ ដើម្បីងាយស្រួលដល់ពួកគាត់។ ជម្រាលហ្នឹងធ្វើ(រួច)ថ្មីៗនេះដែរ»។ លោក សុខ សុវណ្ណតារា រៀបរាប់ដូច្នេះ។
 

លោក សុខ សុវណ្ណតារា ជំទប់ទី១ នៃ​ឃុំត្រពាំងធំ ពេលផ្តល់បទសម្ភាស នាថ្ងៃទី៤ សីហា ឆ្នាំ២០២២  

បើតាមជំទប់ទី១ ការសង់ជម្រាលនេះ ចំណាយថវិកាអស់ប្រមាណ ៥០ដុល្លារប៉ុណ្ណោះ ដែលថវិកា​សេសសល់ពីកញ្ចប់អភិវឌ្ឍន៍នានារបស់ឃុំ។ ចំណាយអស់តិច ព្រោះឃុំប្រើប្រាស់សម្ភារ និងកម្លាំងពលរដ្ឋដែលមានស្រាប់ភាគច្រើន។ «យើងមើលទៅរាងអស់តិច ដោយសារអ៊ីចេះទេ, យើងធ្វើកម្លាំងខ្លួនយើង យើងអត់មានជួលជាង។ យើងធ្វើខ្លួនឯង ដូចខ្ញុំ កម្លាំងក្រុមប្រឹក្សាឃុំហ្នឹងនាំគ្នាធ្វើទាំងអស់គ្នាទៅ។ យើងធ្វើតែមួយថ្ងៃហើយ។ យើងទិញដូចជាស៊ីម៉ងតិ៍ ខ្សាច់ ឥដ្ឋ ថ្ម ដល់ពេលដែកធ្វើបង្កាន់ដៃ យើងកាត់រនាំងចាស់ មកកែច្នៃធ្វើបង្កាន់ដៃ។ ដល់ពេលកម្លាំងពលកម្ម គឺគ្នាយើងទាំងអស់ អត់មានជួលជាងទេ»។ លោក សុខ សុវណ្ណតារា ជំទប់ទី១ឃុំរៀបរាប់ដូច្នេះ។ 
 
ក្រៅពីការសង់ជម្រាលសម្រាប់អ្នកមានពិការភាព លោក ​សុខ សុវណ្ណតារា ក៏បានអះអាងដែរថា អាជ្ញាធរ ក៏តែងតែផ្តល់ការយកចិត្តទុកដាក់ខ្លាំង ដល់អ្នកដែលមានពិការភាព លើសពីពលរដ្ឋទូទៅផងដែរ។ ស្ត្រីមានផ្ទៃពោះ ចាស់ជរា ឬអ្នកដែលមានកូនតូច ក៏ទទួលបានអាទិភាព នៅពេលដែលពួកគាត់មកទទួលសេវារដ្ឋបាលនានានៅសាលាឃុំដែរ។ លោក ​សុខ សុវណ្ណតារា មានប្រសាសន៍បន្ថែមថា៖ «ជាទូទៅចំពោះជន​ពិការយើងយកចិត្តទុកដាក់ខ្លាំង ជាងប្រជាពលរដ្ឋធម្មតាទៅទៀត ព្រោះឃើញគាត់ពិការ យើងតែងតែជួយគាត់ជានិច្ច តាំងពីជួយរុញរទេះគាត់ពីក្រោមឡើងមកដល់លើ សួរគាត់ពីនេះពីនោះ គាត់ត្រូវការអ្វី ចង់បានអ្វី? សំណូមពរអី គឺយើងយកចិត្តទុកដាក់ខ្លាំង ហើយយើងក៏ឱ្យអាទិភាពពួកគាត់ខ្លាំងជាងពលរដ្ឋដែលគ្មានពិការភាព»។ 
 

លោក អ៊ុក សីហា ពលរដ្ឋដែលមានពិការភាពជើង រស់នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ 
 
ជុំវិញការសង់ជម្រាលសម្រាប់ជនមានពិការភាពនេះ លោក អ៊ុក សីហា អាយុ​៧១ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ មានការសប្បាយចិត្តដែលឃុំគិតគូរ ដល់អ្នកដែលមានពិការភាព។ លោក អ៊ុក សីហា ដែលមានអាយុ៧១ឆ្នាំ រៀបរាប់ដូច្នេះ៖ «ពេលមានធ្វើ(ជម្រាល)អ៊ីចឹង វាស្រួលដើរជាងដើរឡើងជណ្តើរ ឡើងតាមកាំៗ យើងពិបាកដើរ។ អានេះ(ជម្រាល) ឡើងទៅ កាន់បង្កាន់ដៃ ឡើងស្រួល»។ សប្បាយចិត្ត ពេលទៅមានកន្លែងឡើងដើរស្រួល»។ 
 

លោក ម៉ែន សំអាត ពលរដ្ឋមានពិការភាពជើង រស់នៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។ 
 
ចំណែក លោក ម៉ែន សំអាត អាយុ ៨៤ឆ្នាំ ដែលរស់នៅក្នុងឃុំត្រពាំងធំនេះ ក៏ត្រេកអរដែរ នៅពេលឃុំបានសាងសង់ជម្រាលសម្រាប់អ្នកមានពិការភាពនេះ។ «ទើបធ្វើហើយអ៊ីចឹង សប្បាយចិត្ត។ បើកាលមុនគ្មានទេ។ បានសង់(ជម្រាល)អ៊ីចឹង វាធូរយើង ឱ្យយើងបានធ្វើដំណើរ បានស្រួល»។ នេះជាការរៀបរាប់របស់លោក ​ម៉ែន សំអាត ដែលបន្តស្នើឱ្យអាជ្ញាធរឃុំ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដល់ពលរដ្ឋ ជាពិសេសអ្នកមានពិការភាព និងជនចាស់ជរាក្នុងឃុំ។ 
 
​ជុំវិញការផ្តល់សេវាសាធារណៈនៅក្នុងឃុំឱ្យកាន់តែប្រសើរ លោក ​សុខ សុវណ្ណតារា  រុញឱ្យ​ពលរដ្ឋ ឱ្យលើកពីសំណើរបស់ខ្លួន នៅក្នុងវេទិកាសាធារណៈ ដើម្បីឱ្យអាជ្ញាធរបានដឹងពីតម្រូវការរបស់ពលរដ្ឋបន្ថែមទៀតដែរ។ រាល់វេទិកាសាធារណៈ សូមឱ្យគាត់ មានចម្ងល់អី មានសំណូមពរអី កុំទុកក្នុងចិត្ត ឱ្យគាត់លើកក្នុងវេទិកាសាធារណៈ ដើម្បីឱ្យពួកយើង(អាជ្ញាធរ)ដឹងថាទុក្ខកង្វល់របស់គាត់មានអ្វីខ្លះ? នៅពេលដែលយើងដឹងថាគាត់មានទុក្ខកង្វល់អ្វីខ្លះ ពួកយើងនឹងព្យាយាមដោះស្រាយបញ្ហារបស់គាត់»។ នេះជាសំណូមពររបស់​ លោក ​សុខ សុវណ្ណតារា ជំទប់ទី១ ឃុំត្រពាំងធំ៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) ៕
 
 

Tag:
 ជម្រាលជនពិការ
  សេវាសាធារណៈ
  សុខ សុវណ្ណតារា
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com