ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជានាំចេញទំនិញជិត ១៤ពាន់លានដុល្លារ ខណៈការនាំចូលជាង១៩ពាន់លានដុល្លារ
16, Aug 2022 , 8:59 am        
រូបភាព
កំពង់ផែក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែក្រុងព្រះសីហនុ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ៖ធន់ សេងហុង

កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ៣២,៨២ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែនេះ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមានតម្លៃ ១៣,៧៦ពាន់លានដុល្លារ ខណៈការនាំចូលមានតម្លៃ ១៩,០៥ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុ​ជា។


ទំហំពាណិជ្ជកម្ម ៣២,៨២ពាន់លានដុល្លារនេះ កើនឡើង ២១,៣ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានចំនួន ២៧,០៤ពាន់លានដុល្លារ។
 
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ចំនួន ១៣,៧៦ពាន់លានដុល្លារ កើនឡើងខ្ពស់ក្នងអត្រា ៣០,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១​ ដែលមានត្រឹមតែចំនួន ១០,៥៣ពាន់លានដុល្លារ។
 
ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ១៩,០៥ពាន់លានដុល្លារ កើនឡើងក្នុងអត្រា​ ១៥,៤ភាគរយនៃទំហំទឹកប្រាក់ ១៦,៥១ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។
 
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូ បំណែកគ្រឿងអគ្គីសនី​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត...។ 
 
រីឯមុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃ រ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក ក្រដាស ឱសថ ស្បែកសត្វ និងជី ...។  
 
គួរបញ្ជាក់ថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ខណៈអាម៉េរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា​៕
 

Tag:
 ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com