ជាតិ
អ្នកជំនាញរកឃើញថា ភូមិគ្រឹះគ្រួសារមហាសេដ្ឋីមួយនៅអាម៉េរិកមានតាំងវត្ថុបុរាណជាង២០ដែលលួចពីកម្ពុជា
16, Aug 2022 , 12:35 pm        
រូបភាព
រូបមួយក្នុងចំណោមរូបថតជាច្រើនដែលផ្សាយនៅលើ Architecural Digest កាលពីឆ្នាំ២០០៨ ដែលបង្ហាញឲ្យឃើញវត្ថុបុរាណខ្មែរមួយចំនួននៅគេហដ្ឋានលោក George និងអ្នកស្រី Frayda Lindemann នៅ Palm Beach។ រូបថត Scott Frances
រូបមួយក្នុងចំណោមរូបថតជាច្រើនដែលផ្សាយនៅលើ Architecural Digest កាលពីឆ្នាំ២០០៨ ដែលបង្ហាញឲ្យឃើញវត្ថុបុរាណខ្មែរមួយចំនួននៅគេហដ្ឋានលោក George និងអ្នកស្រី Frayda Lindemann នៅ Palm Beach។ រូបថត Scott Frances
ដោយ: រួបរួម
Architectural Digest ទស្សនាវដ្តីស្ថាបត្យកម្មដ៏ល្បីល្បាញរបស់អាម៉េរិក កាលពីខែមករា ឆ្នាំ២០២១ បានចេញផ្សាយអត្ថបទស្តីអំពីភូមិគ្រឹះដ៏ស្កឹមស្កៃមួយនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តម្លៃ៤២លានដុល្លារ ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋីវាល់មួយ។ បទយកការណ៍មួយនេះ បានផ្តល់ពន្លឺជាច្រើនដល់អ្នកស៊ើបអង្កេតក្នុងការស្វែងរកវត្ថុបុរាណដែលត្រូវបានលួចពីកម្ពុជា។ នេះបើតាមការផ្សាយរបស់កាសែត The Washington Post

 
ភូមិគ្រឹះដ៏ប្រណីតនោះ ជាកម្មសិទ្ធិរបស់លោកស្រី Lindeman Barnett និងស្វាមី។ លោកស្រី Barnett ជាកូនស្រីរបស់អតីតមហាសេដ្ឋី George Lindemann ជាមួយលោកស្រី Frayda។ លោក George Lindemann ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកចូលចិត្តរក្សាទុកវត្ថុសិល្បៈនោះ បានទទួលមរណភាពកាលពីឆ្នាំ២០១៨ក្នុងអាយុ៨២ឆ្នាំ ហើយនៅឆ្នាំនោះ ទស្សនាវដ្តី Forbes បានដាក់លោកក្នុងចំណាត់ថ្នាក់ទី៧០៣ក្នុងបញ្ជីមហាសេដ្ឋីវាល់លាន (The World’s Billionaires) ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ៣,៣ពាន់លានដុល្លារអាម៉េរិក។
 
ក្នុងអត្ថបទរបស់ខ្លួន ទស្សនាវដ្តី Architectural Digest បានប្រៀបប្រដូចភូមិគ្រឹះរបស់ត្រកូល Lindemann ទៅនឹងវិមាន Renaissance Revival នៅអេស្ប៉ាញយ៉ាងដូច្នោះដែរ ហើយវាត្រូវបានចាត់ទុកថា ជាផ្ទះដ៏ស្រស់ស្អាតបំផុតមួយនៅសហរដ្ឋអាម៉េរិក។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រៅពីការរចនាដ៏ទាក់ទាញផ្សេងៗ រូបថតដែលផ្សាយដោយ Architectural Digest បានផ្តល់តម្រុយបន្ថែមដល់ភ្នាក់ងារស៊ើបអង្កេតក្នុងការស្វែងរកវត្ថុបុរាណ ដែលត្រូវបានលួចពីកម្ពុជា។ ករណីនេះ ទទួលបាននូវការចាប់អារម្មណ៍តាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយទស្សនាវដ្តីដដែល បានចុះផ្សាយពីការប្រមូលផ្តុំវត្ថុសិល្បៈអាស៊ីអាគ្នេយ៍របស់លោក George Lindemann ទុកនៅគេហដ្ឋានរបស់លោកនៅក្រុងឆ្នេរ Palm Beach រដ្ឋហ្វ្លរីដា។
 
រូបថតដែលបង្ហោះនៅក្នុងទស្សនាវដ្តី ត្រូវបានគេកំណត់អត្តសញ្ញាណឃើញថា មានវត្ថុបុរាណសំខាន់ៗដែលលួចចេញពីកម្ពុជា។ ដូចគ្នាផងដែរនៅក្នុងផ្ទះរបស់លោកស្រី Barnett នៅសាន់ហ្វ្រាន់ស៊ីស្កូ ក្រុមអ្នកជំនាញ ពិនិត្យឃើញថាមានវត្ថុបុរាណជាង២០ ត្រូវបានសង្ស័យថា បានលួចចេញពីកម្ពុជា ដោយមានតម្លៃជាទឹកប្រាក់៤០លានដុល្លារ ឬអាចលើសពីនេះ។
 
The Washington Post បានដឹកនាំការស៊ើបអង្កេតដោយផ្ទាល់ ក្រោមកិច្ចសហការជាមួយអង្គភាពស៊ើបអង្កេតសារព័ត៌មាន International Consortium of Investigative Journalists  (ICIJ) និង អង្គការ Finance Uncovered។ របាយការណ៍បានបង្ហាញថា វត្ថុបុរាណទាំងនោះ ទំនងជាត្រូវបានឪពុកផ្ទេរទៅឲ្យគ្រួសារកូនស្រី ក្រោយពេលការរុះរើផ្ទះនៅ Palm Beach នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការនាំយកយកវត្ថុបុរាណវិលត្រឡប់មកកាន់ប្រទេសវិញ។ «រូបចម្លាក់មួយចំនួនមានសារសំខាន់ជាប្រវត្តិសាស្ត្រ និងវប្បធម៌សម្រាប់កម្ពុជា ដែលត្រូវតែបញ្ជូនមកមាតុប្រទេសវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ នេះបើតាមការលើកឡើងរបស់លោកស្រី សកុណា ដែលត្រូវបានដកស្រង់ដោយ The Washington Post។
 
សារព័ត៌មានអាម៉េរិក មិនទាន់ទទួលបានចម្លើយណាមួយឡើយពីក្រុមគ្រួសារ Lindemann ទាក់ទងនឹងគម្រោងបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ។
 
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងសហរដ្ឋអាម៉េរិក មានកិច្ចសហការគ្នាយ៉ាងល្អក្នុងការបញ្ជូនវត្ថុបុរាណជាបន្តបន្ទាប់មកកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី៨ ខែសីហា ភាគីទាំងពីរបានរៀបចំពិធីប្រគល់ និងទទួលបដិមាបុរាណចំនួន៣០ពីក្រុងញូវយ៉ក។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា សម្បត្តិវប្បធម៌ខ្មែរខាងលើ ត្រូវបានកាន់កាប់ដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរអាម៉េរិក រឹបអូសបាន។ ក្នុងចំណោមសម្បត្តិធម៌ទាំងនេះ មានបដិមាសំខាន់ៗមួយចំនួន ជាបដិមាផ្នែកព្រះពុទ្ធសាសនា និងផ្នែកព្រហ្មញ្ញសាសនា ដូចជា រូបចម្លាក់ព្រះស្កន្ធគង់លើក្ងោក និងរូបចម្លាក់ព្រះគនេស ជាអាទិ៍ ត្រូវបានគេលួចចេញពីប្រាសាទកោះកេរ ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ ក្នុងអំឡុងសម័យសង្គ្រាម។
 
«ការប្រគល់សម្បត្តិវប្បធម៌ខ្មែរទាំង៣០ដុំនេះ គឺជាការប្រគល់ដួងព្រលឹង កេរមរតកវប្បធម៌ និងប្រវត្តិសាស្ត្រ ហើយការធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ មានអត្ថន័យជ្រាលជ្រៅបំផុតចំពោះប្រជាជនខ្មែរ និងអ្នកសិក្សាស្រាវជ្រាវទូទាំងពិភពលោក»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។
 
អ្នកស្រី ភឿង សកុណា ដែលចូលរួមក្នុងពិធីទទួលរូបបដិមាបុរាណ តាមប្រព័ន្ធវីដេអូ មានប្រសាសន៍ដូច្នេះថា៖«យើង ពិតជាមានសេចក្តីរំភើប ទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវរតនសម្បត្តិដ៏ល្អឯកទាំងនេះ ដែលជាព្រឹលឹងបុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យភាពរុងរឿងនៃចក្រភពខ្មែរ»។ ប្រសាសន៍របស់អ្នកស្រី ត្រូវបានស្រង់យកទៅសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌៕
 

© រក្សាសិទ្ធិដោយ thmeythmey.com