ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជាប្រមូលពន្ធដារបានជាង ២ ២០០លានដុល្លារ កើនជិត២៩ភាគរយ
17, Aug 2022 , 8:59 am        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបពី GDT ។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបពី GDT ។
ដោយ៖ ធន់ សេងហុង 

ថវិកាប្រមាណ ២ ២១០លានដុល្លារអាម៉េរិក ជាចំណូលដែលកម្ពុជាទទួលបានពីការប្រមូលពន្ធដារ-អាករគ្រប់ប្រភេទនារយៈពេល៧ខែមកនេះ។ ចំណូលដែលកម្ពុជាទទួលបាននេះ គឺកើនក្នុងអត្រា ២៨,៦២ភាគរយ បើធៀបនឹងពេលវេលាដូចគ្នា កាលឆ្នាំ២០២១។​

 
ពីខែមករា-កក្កដា  អគ្គនាយកដ្ឋានពន្ធប្រមូលចំណូលចូលថវិកាជាតិ បានសរុប ២ ២១០,១០លានដុល្លារ។ ទំហំថវិកាដែលសម្រេចបាននេះ គឺស្មើនឹង ៨៧,៣៩ភាគរយនៃផែនការប្រចាំ ២០២២។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២២ នាថ្ងៃទី១៥ សីហា។
 
ដោយឡែក ចំណូលប្រចាំខែកក្កដា អគ្គនាយកពន្ធដានប្រមូលបានជិត២៤០លានដុល្លារ ដោយកើនក្នុងអត្រា១៩,១៩ភាគរយ ធៀបខែដូចគ្នា កាលឆ្នាំ២០២១។ ​
 
បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ចំណូលដែលកម្ពុជាទទួលបានដ៏ល្អប្រសើរនេះ គឺបានពីការខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពផ្សេងៗ តាមរយៈការបន្តពង្រឹងអភិបាលកិច្ច និងរដ្ឋបាលកិច្ចល្អ ។ ជាពិសេសអគ្គនាយកដ្ឋានដារ បានឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដូចជា ToI E-Filing, E-Filing, E-Payment, GDT Tax Pre-Filing App តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩  រួមទាំងការផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ ជាដើម។ 
 
ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងចំណូលពន្ធបានគ្រប់តាមផែនការនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២ ក្នុងចំនួន ២ ៨១៩លានដុល្លារ អគ្គនាយកដ្ឋានពន្ធដារបន្តអនុវត្ត និងពង្រឹងវិធានការណ៍មួយចំនួន។ ដូចជា៖  ការផ្តល់សេវាចុះបញ្ជីពន្ធដារដល់ទីតាំងជូនអ្នកជាប់ពន្ធ បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវកម្មវិធីវិក្កយបត្រនាំសំណាង​ (GDT Lucky Draw) ជាពិសេសបន្តរៀបចំវិធានការបំពាក់ GPS និង RFID លើរថយន្តដឹកជញ្ជូនក្នុងគោលដៅគ្រប់គ្រងទិន្នន័យក្នុងការប្រកាសពន្ធ ព្រមទាំងពង្រឹងការធ្វើសវនកម្មលើសហគ្រាសស្នើសុំបិទសកម្មភាពអាជីវកម្មជាស្ថាពរ ...។ 
 
សូមជម្រាបថា កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ដែល​លើសផែនការរហូតដល់ជាង២៤ភាគរយ៕
 

Tag:
 ពន្ធដារ
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com