កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or 2022៖ Messi ថាច្បាស់ណាស់ គ្មានអ្នកណាក្រៅពី Benzema
17, Aug 2022 , 9:29 am        
រូបភាព
បញ្ជីឈ្មោះបេក្ខភាព៣០នាក់ចុងក្រោយដើម្បីជ្រើសរើសជាម្ចាស់ពាន Ballon d'Or ឆ្នាំ២០២២ ចេញហើយ។ ម្ចាស់ពានឆ្នាំចាស់ ២០២១ Lionel Messi ដែលមិនជាប់ឈ្មោះនៅឆ្នាំនេះ គាំទ្រ Karim Benzema ខ្សែប្រយុទ្ធ Real Madrid ក្លាយជាម្ចាស់ពានកីឡាករឆ្នើមបំផុតលើលោកនៅឆ្នាំ២០២២នេះ។

 
Benzema ត្រូវបានស្សនាវដ្តីបារាំង France Footbal ជ្រើសយកមកប្រជែងពាន Ballon d'Or ជាមួយសមាសភាព២៩រូបទៀតសម្រាប់ឆ្នាំ២០២២នេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានជួយ Real Madrid ឈ្នះជើងឯកលីគអេស្ប៉ាញ La Liga និង UEFA Champions League រដូវកាលមុន។
 
បង្ហាញខ្លួន៤៦ប្រកួតឱ្យក្រុមយក្សអេស្ប៉ាញ Benzema អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប ៤៤ គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី (Assists) ចំនូន១៥លើកផងដែរ។ លើសពីស្ថិតិទាំងអស់នេះ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បានបង្ហាញពីបច្ចេកទេសលេចធ្លោខ្លាំងលើទីលានដ៏គួរកត់សម្គាល់។ 
 
តាមរយៈសមិទ្ធផលទាំងអស់នេះ Messi ខ្សែប្រយុទ្ធក្រុម Paris Saint-Germain ហ៊ានចេញមុខនិយាយថា Benzema នឹងឈ្នះ Ballon d'Or នៅឆ្នាំនេះមិនខាន។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយ TyC Sports ម្ចាស់ពាន Ballon d'Or ច្រើនជាងគេ៧សម័យរូបនេះអះអាងថា៖« ខ្ញុំគិតថាឆ្នាំនេះគ្មានការសង្ស័យទេ ច្បាស់ណាស់ថាជា Benzema។ គ្មាននរណាអស្ចារ្យជាងគាត់ទេឆ្នាំនេះ»។
 
មិនត្រឹមជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Carlo Acelotti រីកមុខមាត់ប៉ុណ្ណោះទេ Benzema ក៏ត្រូវបានក្រុមជម្រើសជាតិបារាំងកោះហៅចូលជួយក្រុមវិញផងដែរនៅក្នុងការប្រកួតជម្រុះ World Cup និងឈានទៅវគ្គផ្តាច់ព្រ័ត្រនៅកាតាចុងឆ្នាំ២០២២។ Benzema ធ្លាប់ត្រូវពិន័យមិនឱ្យចូលជម្រើសជាតិដោយសាររឿងក្តីអាស្រូវផ្លូវភេទជាមួយអតីតមិត្តរួមជាតិ។
 
សមាសភាពកីឡាករ៣០រូបចុងក្រោយដើម្បីប្រជែង Ballon d'Or ដែលរៀបចំដោយទស្សនាវដ្តី France Football ប្រចាំឆ្នាំ២០២២ មានដូចខាងក្រោម៖
 
    Thibaut Courtois (Real Madird)
    Mohamed Salah (Liverpool)
    Rafael Leao (AC Milan)
    Christopher Nkunku (RB Leipzig)
    Joshua Kimmich (Bayern Munich)
    Trent Alexander-Arnold (Liverpool)
    Vinicius Jr (Real Madrid)
    Bernardo Silva (Manchester City)
    Luis Diaz (Liverpool)
    Robert Lewandowski (Barcelona)
    Riyad Mahrez (Manchester City)
    Casemiro (Real Madrid)
    Heung-Min Son (Tottenham Hotspur)
    Fabinho (Liverpool)
    Karim Benzema (Real Madrid)
    Mike Maignan (AC Milan)
    Harry Kane (Tottenham Hotspur)
    Darwin Nunez (Liverpool)
    Phil Foden (Manchester City)
    Sadio Mane (Bayern Munich)
    Sebastien Haller (Borussia Dortmund)
    Luka Modric (Real Madrid)
    Antonio Rudiger (Real Madrid)
    Cristiano Ronaldo (Manchester United)
    Kevin de Bruyne (Manchester City)
    Dusan Vlahovic (Juventus)
    Virgil van Dijk (Liverpool)
    Joao Cancelo (Manchester City)
    Erling Haaland (Manchester City)
    Kylian Mbappe (Paris Saint-Germain)៕
 

Tag:
 Ballon d\'Or
  Karim Benzema
© រក្សាសិទ្ធិដោយ thmeythmey.com