ជាតិ
សម្តេច ហ៊ុន សែន៖ ព្រៃភ្នំតាម៉ៅនឹងត្រូវអភិរក្សការពារជារៀងរហូតដោយគ្មានអ្នកណាបំផ្លាញបាន
16, Aug 2022 , 11:17 pm        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងជិត៧នាទី នាល្ងាចថ្ងៃទី១៦ ខែសីហា បានធានាអះអាងថា តំបន់ភ្នំតាម៉ៅ នឹងក្លាយជាព្រៃអភិរក្ស និងការពារជារៀងរហូត។

 
សាររបស់សម្តេច ហ៊ុន សែន គឺក្នុងគោលបំណងឆ្លើយតបទៅនឹងការចោទប្រកាន់នានាលើគោលការណ៍មិនច្បាស់លាស់របស់រដ្ឋាភិបាលលើតំបន់ព្រៃភ្នំតាម៉ៅ។ សម្តេចបានបញ្ជាក់ពីការបញ្ជូនកម្លាំងអង្គរក្សជាង១០០០នាក់ទៅធ្វើសកម្មភាពនៅតំបន់ដែលក្រុមហ៊ុនឯកជនឈូសឆាយកន្លងមក។
 
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជាមួយនឹងគ្រឿងចក្រ១១៣គ្រឿង កងកម្លាំងអង្គរក្សបន្តធ្វើសកម្មភាពនៅតំបន់នោះដើម្បីជួយឈូសឆាយ ធ្វើដីឲ្យបានល្អ និងដាំកូនឈើ។ គិតត្រឹមថ្ងៃអង្គារនេះ ផ្ទៃដី៥៤០ហិចតាហើយ ត្រូវបានធ្វើរួចរាល់ ប៉ុន្តែត្រូវការពេលវេលាសម្អាតបន្ថែមទៀត។
 
 
សម្តេច ហ៊ុន សែន បានច្រានចោលនូវការវិនិច្ឆ័យឆាប់រហ័សមួយចំនួន ដែលថា ដីនេះនឹងក្លាយជាដីឯកជន។ សម្តេចបានមានប្រសាសន៍ថា៖ «នៅពេលឃើញកម្លាំងកងទ័ពចុះទៅតំបន់នោះ ក៏ឃើញមានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួន ដែលយល់មិនដល់បញ្ហា ហើយធ្វើការវិនិច្ឆ័យយ៉ាងឆាប់រហ័សថា ដីនេះនឹងត្រូវក្លាយជាដីរបស់ឯកជន ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់សារជាថ្មីថា តំបន់ភ្នំតាម៉ៅ ត្រូវតែរក្សាទុកជាព្រៃ និងដីអភិរក្ស»។

«កុំជឿលើក្រុមអគតិដែលតែងតែយកសភាពការណ៍មួលបង្កាច់ អង្គរក្សនៅទីនោះ គឺត្រូវជួយដាំដើមឈើ...»។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល។
 
តាមសារសំឡេងដដែល សម្តេចបានបញ្ជាក់ពីការចេញបទបញ្ជាទៅមេបញ្ជាការអង្គរក្ស ឲ្យខិតខំប្រែក្លាយដីដែលឈូសឆាយទៅជាសួនដាំដើមឈើប្រណីត ឬចម្ការដាំដើមឈើ ដែលនឹងឃើញលទ្ធផលល្អនាពេលខាងមុខ។
 
តំបន់ព្រៃភ្នំតាម៉ៅ នឹងមានការអនុវត្តតាមព្រះរាជក្រឹត្យពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំបន់អភិរក្ស និងតំបន់ការពារជារៀងរហូតដោយគ្មានអ្នកណាបំផ្លាញបាន៕
 

Tag:
 ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com