ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ កិច្ចប្រជុំកន្លងមកនៅភ្នំពេញផ្តល់មូលដ្ឋានសម្រាប់កិច្ចប្រជុំអន្តរជាតិផ្សេងទៀត
17, Aug 2022 , 9:40 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រនៅមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹកថ្ងៃពុធនេះ បានអះអាងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា កន្លងមក ផ្តល់មូលដ្ឋានសម្រាប់ឈានឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ខាងមុខ រួមទាំងកិច្ចប្រជុំនៃបណ្តាប្រទេសអភិវឌ្ឍន៍នៅឥណ្ឌូណេស៊ី និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅបាងកក។

 
សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលមានជិត៤០ប្រទេសចូលរួមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសពីជោគជ័យដ៏ធំធេង ជាពិសេសការអញ្ជើញបណ្តាមិត្តភក្តិពិភពលោកដែលមានបញ្ហាចម្រូងចម្រាសឲ្យអង្គុយប្រជុំគ្នាដោយសម្រួល។
 
សម្តេច ហ៊ុន សែន បានកោតសរសើរសមត្ថភាពរៀបចំរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បណ្តាឧត្តមមន្ត្រី និងមន្ត្រីជំនាញនា ដែលបានរៀបចំកិច្ចប្រជុំដោយរលូន រហូតដល់ធ្វើឲ្យមានការចេញសេចក្តីថ្លែងការណ៍។
 
«លំបាកតែយើងអាចធ្វើបាន»។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងពីការជម្នះបញ្ហាប្រឈមមួយចំនួន ដូចជាវិបត្តិនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ សង្គ្រាមអ៊ុយក្រែន រួមទាំងការវិវត្តន៍ដ៏ស្មុគ្រស្មាញនៃដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់។
 
បើតាមសម្តេច នេះជាការបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើការសម្របសម្រួល ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងពាក់ព័ន្ធនេះ ជាមូលដ្ឋានសម្រាប់កិច្ចប្រជុំផ្សេងៗទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com