កីឡាអន្តរជាតិ
អន្តរជាតិ
ទីបំផុត FIFA ព្រមលុបចោលជំនួបបង្គ្រប់កិច្ចតាមសំណើប្រេស៊ីល និងអាហ្សង់ទីន
17, Aug 2022 , 12:59 pm        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១៦​ ខែសីហា យល់ព្រមលុបចោលការប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូងរវាងប្រេស៊ីល និងអាហ្សង់ទីនហើយ។



ជំនួបរបស់ក្រុមទាំងពីរធ្លាប់បានធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២១ តែត្រូវបានផ្អាកក្រោយការប្រកួតចាប់ផ្តើមបាន ៦នាទី ដោយសារកីឡាករអាហ្សង់ទីន ៤រូបមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលប្រកួត។ FIFA ក៏សម្រេចឱ្យប្រទេសទាំងពីរប្រកួតឡើងវិញទៀត។
 
ប្រឆាំងលើការសម្រេច FIFA កាលថ្ងៃទី១១ ខែសីហា សហព័ន្ធបាល់ទាត់ប្រេស៊ីល(CBF) និងសហព័ន្ធបាល់ទាត់អាហ្សង់តទីន (AFA) បានដាក់ពាក្យស្នើមិនប្រកួតបង្គ្រប់កិច្ចឡើងវិញទៅកាន់ តុលាការអាជ្ញាកណ្តាល (CAS)។ ​CAS ក៏យល់តាមសំណើ ហើយ FIFA ក៏សម្រេចមិនរៀបចំជំនួបនេះដែរ។
 
ហេតុផលដែលធ្វើឱ្យក្រុមទាំងពីរប្រឆាំងមិនប្រកួតឡើងវិញដោយសារតែ ពេលវេលានៃព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាខិតជិតមកដល់ត្រឹមតែ ៣ខែទៀត ហើយសហព័ន្ធទាំងសងខាង ព្រមទាំងគ្រូបង្វឹកមានការបារម្ភខ្លាចក្រែងមានកីឡាកររងរបួសអំឡុងការប្រកួត។ ប្រេស៊ីលជាក្រុមឈរលេខ១ ខណៈអាហង្សទីនឈរលេខពី២ ការការប្រកួតជម្រុះក្នុងទ្វីបអាម៉េរិកខាងត្បូង ហើយឈ្នះកៅអី ​World Cup ស្វ័យប្រវត្តិទាំងពីរ។
 
ក្រោយទទួលបានការយល់ព្រមពី ​FIFA ដូចនេះក្រុមជម្រើសជាតិទាំងពីក៏ទទួលបានសិទ្ធិអាចជ្រើសក្រុមដទៃផ្សេងទៀតសម្រាប់ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសត្រៀមសម្រាប់ព្រឹត្តិការណ៍ World Cup ហើយពួកគេក៏អាចជ្រើសរើសក្រុមស្ថិតនៅតំបន់អឺរ៉ុបដូចគ្នាដែរ។ World Cup ប្រទេសកាតា នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ។
 
ក្រុមប្រេស៊ីលស្ថិតក្នុងពូល G នឹងត្រូវប្រកួតទល់ស៊ែប៊ី ស្វីស និងកាមេរូន ចំណែកឯអាហ្សង់ទីនវិញស្ថិតក្នុងពូល C ជាមួយក្រុម ម៉ិកស៊ិក ប៉ូឡូញ និង អារ៉ាប៊ីសាអូឌីត៕
 
 

Tag:
 FIFA
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com