កីឡាអន្តរជាតិ
អន្តរជាតិ
ទិញក្លិប Man Utd! មហាសេដ្ឋី Elon Musk ថា ខ្លួននិយាយលេងទេ
17, Aug 2022 , 2:38 pm        
រូបភាព
មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk នៅថ្ងៃទី១៦ ខែសីហា ចង់ទិញយកក្លិប Manchester United។ ក្រោយមកនាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc រូបនេះបង្ហោះលើ Twitter ថាខ្លួននិយាយលេងតែប៉ុណ្ណោះ។


 
«ខ្ញុំកំពុងទិញក្លិប Manchester United របស់អ្នក»។ លោក Elon Musk សរសេរបែបនេះនៅលើបណ្តាញសង្គម Twitter។ 
 
ក្រោយមានសារព័ត៌មានជាច្រើនស្រង់សម្តីរបស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះយកមកចុះផ្សាយ តាមរយៈគណនី Twitter របស់លោក Musk ដដែលសរសេរថា៖ «ទេ នេះគឺជាការលេងសើចនៅលើ Twitter ។ ខ្ញុំមិនទិញក្លិបកីឡាណាឡើយ»។
 
ការបង្ហាញបំណងទិញយកក្លិប Man Utd ដែលជាការលេងសើចរបស់លោក Musk កើតឡើងស្របពេលក្លិបអង់គ្លេសមួយនេះមានបញ្ហា ខណៈលោក Musk ខ្លួនឯងផ្ទាល់ក៏មានក្តីក្តាំនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter នៅតុលាការផងដែរ។
 
Musk ស្ថាបនិក SpaceX បានលក់ភាគហ៊ុន Tesla តម្លៃ ៦,៩ ពាន់លានដុល្លារកាលសប្តាហ៍មុន ហើយប្រាក់នេះអាចត្រូវប្រើប្រាស់ក្នុងកិច្ចព្រមព្រៀង Twitter ប្រសិនខ្លួនចាញ់ក្តីនៅតុលាការ។
 
Man Utd ធ្លាក់ទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល តាមរយៈបរាជ័យពីរប្រកួតដំបូងយ៉ាងអាម៉ាសនៅ Premier League អ្នកគាំទ្របានតវ៉ាទាមទារឱ្យគ្រួសារ Glazer ដែលគ្រប់គ្រងក្លិបយក្សអង់គ្លេសនេះចុះចេញ។
 
កាសែតអង់គ្លេស The Daily Mirror ធ្លាប់បានផ្សាយកាលពីឆ្នាំមុនថា Glazers ត្រៀមលក់ក្លិប ប៉ុន្តែក្នុងតម្លៃច្រើនលើសលុប ៤ ពាន់លានផោន (៤,៨៩ ពាន់លានដុល្លារអាម៉េរិក)។
ប៉ុន្តែបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មន Reuters ក្លិប Man Utd មានតម្លៃហាងឆេងលើទីផ្សារតែ ២,០៨ ពាន់លានដុល្លារប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៦ ខែសីហានេះ។
 
គ្រួសារអ្នកជំនួញអាម៉េរិក Glazers បានទិញយកក្លិបបិសាចក្រហមដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើនបំផុត​មួយ​លើលោកមកកាន់កាប់ក្នុងតម្លៃ ៩៩៥,៥១ លានដុល្លារកាលពីឆ្នាំ ២០០៥។ Manchester United បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគកំពូល​អង់គ្លេសច្រើនជាងគេ​ចំនួន​២០​សម័យ និង​ Champions League ៣ដង៕
 
 

Tag:
 Elon Musk
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com