ជាតិ
សង្គមជាតិ
អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ចុះទៅមើលការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ដោយផ្ទាល់
17, Aug 2022 , 3:53 pm        
រូបភាព
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (ពាក់មួកពណ៌ស) ពេលចុះទៅដល់កន្លែងប្រមូលផ្តុំរបស់ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍។ រូបពីអ្នកស្រី ចក់ សុភាព
លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (ពាក់មួកពណ៌ស) ពេលចុះទៅដល់កន្លែងប្រមូលផ្តុំរបស់ក្រុមអតីតបុគ្គលិកណាហ្កាវើលដ៍។ រូបពីអ្នកស្រី ចក់ សុភាព
ក្រុមអតីតបុគ្គលិក្រុមហ៊ុនណាហ្កាវើលដ៍ ដែលភាគច្រើនជាស្រ្តី បានបន្តប្រមូលផ្តុំគ្នា នៅថ្ងៃរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដើម្បីតវ៉ានឹងក្រុមហ៊ុន។ គេ សង្កេតឃើញ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានចុះទៅដល់កន្លែងដែលក្រុមកូដករប្រមូលផ្តុំគ្នា។



តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហោះរូបលោក វិទិត មុតតាបន ដែលកំពុងមានវត្តមាននៅកន្លែងក្រុមកូដករ។ លោក បានពាក់អាវរបស់មន្រ្តីសិទ្ធិមនុស្សពីខាងក្រៅ ដូចមន្រ្តីសិទ្ធិមនុស្សដទៃទៀតនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

អ្នកស្រី ចក់ សុភាព សរសេរដូច្នេះថា៖«ខុសសព្វមួយដង ដែលកងកម្លាំងទប់ស្កាត់កូដករមិនឱ្យជួបជុំគ្នានៅមុខក្រុមហ៊ុន ថ្ងៃនេះពួកគេ អាចប្រមូលផ្តុំនៅមុខក្រុមហ៊ុនបាន»។ 

ដំណើរទស្សនកិច្ចរបស់លោក វិទិត មុតតាបន នៅកម្ពុជា មានរយៈពេលប្រមាណ១០ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ លោក បានជួបបុគ្គលសំខាន់២រូបរួចហើយ គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ 

ចំពោះករណីអតីតបុគ្គលិកណាហ្កាវើលដ៍ ពួកគេ បាននាំគ្នាចេញតវ៉ាជាងកន្លះឆ្នាំហើយ គឺចាប់តាំងពីចុងឆ្នាំ២០២១មក។ ពួកគេ ទាមទារឲ្យក្រុមហ៊ុនទទួលយកអ្នកដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ៕ 


Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com