កីឡាអន្តរជាតិ
អន្តរជាតិ
អតីតនាយកប្រតិបត្តិ Man Utd ថា កំពុងជជែកជាមួយមហាសេដ្ឋី៣រូប លើការដេញថ្លៃទិញបិសាចក្រហម
17, Aug 2022 , 9:29 pm        
រូបភាព
រូបភាព៖The Sun
រូបភាព៖The Sun
លោក Michael Knighton អតីតនាយកក្លិប Manchester United ថ្ងៃទី១៦ ខែសីហា បាននិយាយថាខ្ លួនកំពុងជជែកជាមួយមហាសេដ្ឋីនៅអង់គ្លេសច្រើននាក់មុនពេលចាប់ផ្តើមការដេញថ្លៃទិញក្លិបបិសាចក្រហមមកគ្រប់គ្រង។


 
លោក Knighton វ័យ ៧០ឆ្នាំ បានបង្ហើបឱ្យដឹងថា លោកនឹងប្រមូលផ្តុំក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចង់ទិញក្លិបបិសាចក្រហមមួយនេះ ទោះបីជាលោកនឹងទទួលត្រឹមតួនាទីជាទីប្រឹក្សាក្លិបក្តីបើសិនការទិញក្លិបនេះទទួលជោគជ័យ។
 
ក្រុមបិសាចក្រហមចាប់ផ្តើមរដូវកាលថ្មីទទួលលទ្ធផលមិនសូវល្អ ដោយចាញ់២ប្រកួតដំបូងជាប់គ្នានៅ Premier League ហើយអ្នកគាំទ្រក្លិបល្បីឈ្មោះដ៏ធំមួយនេះ ក៏បង្ហាញការមិនពេញខ្លាំងឡើងៗ និងចង់បណ្តេញក្រុមគ្រួសារ Glazer ជាម្ចាស់ក្លិបបច្ចុប្បន្ន។ បើតាមកាសែតកីឡាជាច្រើនពេលថ្មីៗនេះ អ្នកគាំទ្របិសាចក្រហមរាប់រយនាក់ គ្រោងនាំគ្នាធ្វើបាតុកម្មប្រឆាំងគ្រួសារ Glazer ដោយមិនចូលទស្សនាប្រកួតរវាង ​Man United ទល់ Liverpool នៅទឹកដី ​Old Trafford ថ្ងៃទី២៣ ឡើយ។
 
លោក Knighton ដែលធ្លាប់ដេញថ្លៃជោគជ័យទិញក្លិបបិសាចក្រហមកាលឆ្នាំ ១៩៨៩ បានពន្យល់ថារូបលោកបានជជែកជាមួយមហាសេដ្ឋីបីរូបដែលជាដៃគូសហការ និងដាក់សំណើរដេញថ្លៃទិញក្លិប Man United បើទោះជាដឹងថាមិនទទួលបានផលក៏ដោយ។
 
«ក្នុងរយៈពេល ៣ ឬ៤ ខែចុងក្រោយនេះខ្ញុំបាននិយាយជាមួយមហាសេដ្ឋីប៉ុន្មាននាក់ដែរ តែពួកគេគ្រាន់ជាមហាសេដ្ឋីតូចប៉ុណ្ណោះ។ បំណងនៃការចង់ដេញថ្លៃនេះក៏ព្រោះតែមានក្រុមអ្នកគាំទ្រមួយចំនួនបានប្រាប់ខ្ញុំឱ្យមើលពីស្ថានភាពក្លិបពេលនេះ ហើយខ្ញុំក៏បានសម្រេចចិត្តស្វែងរកការសហការនានាដើម្បីប្រមូលផ្តុំគ្នាដែលមិនធ្លាប់មានពីមុនមកលើការទិញក្លិបនេះ។ រឿងសំខាន់មួយទៀតគឺត្រូវការនរណាម្នាក់ឈរជាបង្គោលសម្រាប់រឿងនេះ។»។ លោក Knighton និយាយប្រាប់កាសែត ITV News បែបនេះ។
 
ក្រៅពីនេះលោក Knighton ក៏បានបង្ហើបទៀតថាលោកបានទាក់ទងទៅមហាសេដ្ឋីប្រចាំអង់គ្លេសលោក Sir Jim Ratacliffe ជាអ្នកធ្លាប់បានព្យាយាមទិញក្លិប Chelsea កាលពីខែមេសា។ លោក Knighton បានបង្ហាញជំហរសម្រាប់ក្រុមបិសាចក្រហមថា ប្រសិនបើលោកអាចអូសទាញលោក Sir Jim Ratcliffe ឱ្យចេញមុខទិញក្លិប ​Man United នោះមហាសេដ្ឋីនានាដែលលោកបានប្រមូលផ្តុំ នឹងចូលរួមភ្លាមៗតែម្តង៕
 
 

Tag:
 Manchester United
  Michael Knighton
© រក្សាសិទ្ធិដោយ thmeythmey.com