ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ឲ្យក្រសួងការងារពន្លឿន​​ដោះស្រាយ​វិវាទ​នៅ​រោងចក្រមួយ អ្នកនាំពាក្យ​ថានឹងធ្វើឲ្យ​ចប់នៅសប្តាហ៍នេះ
17, Aug 2022 , 8:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ រូបភាព៖ ផេកហ្វេសប៊ុនសម្ដេច
សម្ដេច ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ រូបភាព៖ ផេកហ្វេសប៊ុនសម្ដេច
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ពន្លឿន​ការ​ដោះស្រាយវិវាទ​ការងារ​របស់​កម្ម​ករ  និង​ថៅ​កែ​រោងចក្រមួយកន្លែង។ ទាក់ទង​នឹ​ង​ការលើ​ក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្នុងពិធីចែកសញ្ញាបត្រ​និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹក​ថ្ងៃទី​១៧ ខែសីហា លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង បាន​បញ្ជាក់ប្រាប់សារព័ត៌មាន​ថ្មីៗ​ថា សម្តេច​សំដៅ​លើ​ករណី​រោង​ចក្រ ឃែន ធើរេន។

 
«ឯកឧត្ដម អិុត សំហេង អើយកុំពិបាកពេក។ កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយយកទៅដោះស្រាយឲ្យកម្មករ ហេតុអ្វី​បានពេលនេះលោកមិនដោះ។ ចាំទេ អិុត សំហេង ខ្លួនឯង ខ្ញុំធ្លាប់់ឲ្យ​ខ្ចីលុយ រដ្ឋាភិបាលឲ្យ​ខ្ចីលុយ យកទៅដោះស្រាយឲ្យ​កម្មករសិន ហើយចាំទៅដោះស្រាយជាមួយថៅកែរោង​ចក្រក្រោយ»។ នេះជាការក្រើន​រំលឹក​របស់សម្តេច ហ៊ុន សែន ទៅកាន់​រដ្ឋមន្ត្រីការងារ នៅពេលមាន​ការផ្សាយផ្ទាល់ ខណៈលោក អុិត សំហេង មិនមាន​វត្តមាននៅក្នុងកម្មវិធីឡើយ។
 
សម្ដេច ហ៊ុន សែន បានប្រាប់ក្រសួងការងារ និងខុទ្ទកាល័យសម្ដេចឲ្យ​រករបៀ​ប​ដោះស្រាយ។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា៖​«អ្នកណាទទួលញត្តិគេហ្នឹង ហើយប្រគល់ឲ្យ​អ្នកណាជាអ្នកដោះស្រាយ។ រឿងទាំងអស់ហ្នឹងហើយដែលយើងត្រូវធ្វើ ព្រោះវាសុខទុក្ខរបស់កម្មករ។ ពួកគាត់បានដាក់ញត្តិទៅក្រសួងការងារពីខែ ៥ ហើយចុងក្រោយពួកគាត់និយាយថា មិនដឹងទៅកន្លែងណាទេ មានតែមកកន្លែងសម្ដេចនាយកទេ។ បើកន្លែងហ្នឹងដោះមិនបានទៀតគឺ ចប់ហើយ»។
 
សម្តេចបាន​លើកឡើង​ដដែល​ថា ក្រសួងធ្លាប់ខ្ចី​លុយរដ្ឋាភិបាលដោះស្រាយជូនកម្មករ ដូច្នេះ​គួរតែ​ប្រើ​វិធីនេះ​ដោះស្រាយ​សម្រាប់​កម្មរប្រមាណ​៣០០នាក់ រួច​ហើយ​ចាំ​ដោះ​ស្រាយ​ជាមួយ​ថៅ​កែនាពេល​ក្រោយ។
 
ត្រង់​បញ្ហានេះ លោក ហេង សួរ បាន​បញ្ជាក់​តាមតេឡេក្រាម​ថា ក្រសួងកំពុងរៀបចំចាត់ចែងអនុវត្តឲ្យ​បានចប់នៅក្នុងសប្តាហ៍នេះ ជុំវិញរឿងវិវាទការងាររបស់កម្មកររោងចក្រឃែនធើរេន។ លោកលើកឡើងបែបនេះ ក្រោយសម្ដេចប្រតិកម្មខ្លាំងៗ ។
 
អ្នកនាំពាក្យរូបនេះបានបន្តថា កម្មករកម្មការិនីទាំងនោះ នឹងទទួលបានសំណងទៅតាមអតីតភាពការងាររបស់ពួកគេ។ លោកបញ្ជាក់បែបនេះ៖« អ្វីដែលជាប្រយោជន៍របស់បងប្អូនគឺ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាព និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ អត្ថប្រយោជន៍នេះ ប្រែប្រួលពីកម្មករនិយោជិតម្នាក់ ទៅម្នាក់ ដោយអាស្រ័យលើអតីតភាពការងារ និងប្រាក់ឈ្នួលរបស់គាត់នីមួយៗ»។
 
លោក ហេង សួរ បានអះអាងថា រដ្ឋាភិបាល នឹងប្រើថវិកាបុរេប្រទានជាមុន(រដ្ឋាភិបាលឱ្យខ្ចីថវិកាដោះស្រាយសិន) ហើយនឹងរកវិធានការណ៍ទូទាត់ពីនិយោជកតាមផ្លូវច្បាប់នៅពេលក្រោយ។
 
សូមជម្រាបថា រោងចក្រឃែនធើរេន ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដោយមានកម្មករ-កម្មការីនីប្រមាណ ៣០០នាក់។ វិវាទការងាររវាងថៅកែ និងកម្មករនិយោជិតរោងចក្រនេះ បានហែញត្តិទៅដាក់នៅក្រសួងការងារ កាលពីអំឡុងខែឧសភាកន្លងទៅ តែគ្មានដំណោះស្រាយ។ ហើយថៅរោងចក្រនេះ ក៏ធ្លាប់មានបញ្ហាជាមួយកម្មករ-កម្មការីនីម្ដងរួចមកហើយ កាលពីអំឡុងពេលផ្ទុះកូវីដ-១៩ ដោយក្រុមហ៊ុនអះអាងថា មិនមានប្រាក់ឈ្នួលបើកឱ្យកម្មករ ព្រោះគ្មានអ្នកបញ្ជាទិញទំនិញ៕
 
 
 
 
 

Tag:
 វិវាទការងារ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com