កីឡាអន្តរជាតិ
អន្តរជាតិ
Nunez បង្ហោះសារសុំទោស ក្រោយបានកាតក្រហមពេលលេងទល់ Crystal
17, Aug 2022 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Darwin Nunez ថ្ងៃទី១៦ ខែសីហា បានបង្ហោះសារសុំទោសក្លិប ​Liverpool ព្រមទាំងអ្នកគាំទ្រចំពោះអាកប្បកិរិយារហូតឈានដល់ទទួលបានកាតក្រហម អំឡុងជំនួបទល់ Crystal Palace ក្នុងកីឡដ្ឋាន​ Anfield។


 
Nunez វ័យ ២២ឆ្នាំ បានផ្លាស់ពីក្រុម  Benfica មកក្រុមហង្សក្រហមក្នុងតម្លៃខ្លួន ១០៥លានដុល្លាររួមទាំងប្រាក់បូកបន្ថែម។ នាការប្រកួតដែល Liverpool ស្មើ ១-១ ជាមួយ Crystal Palace អំឡុងការប្រកួតត្រឹមនាទី៥៧​ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយទទួលបានកាតក្រហមក្រោយប្រើក្បាលបុកកីឡាករ ​​​Joachim Andersen។ 
 
Nunez ក្លាយជាកីឡាករទីពីររបស់ Liverpool ដែលទទួលបានកាតក្រហមក្នុងទឹកដីលើកដំបូងរយៈពេល​១២ឆ្នាំ នៃការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Premier league ចាប់តាំងពីកីឡាករ Joe Cole អំឡុងការប្រកួតស្មើ ១-១ ជាមួយ Arsenal។
 
ក្រោយការប្រកួតបញ្ចប់ Nunez បានបង្ហោះសារលើបណ្តាញសង្គម Twitter សុំទោសអ្នកគាំទ្រ និងក្លិប ចំពោះហេតុការណ៍ជាមួយ Andersen ហើយរូបគេនិយាយថានឹងមិនឱ្យមានកំហុសបែបនោះកើតឡើងទៀតឡើយ។
 
«ខ្ញុំដឹងពីអាកប្បកិរិយាដ៏អាក្រក់ដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំនៅទីនេះដើម្បីរៀនពីកំហុស ហើយវានឹងមិនមានម្តងទៀតឡើយ។ ខ្ញុំសុំទោសចំពោះក្លិប Liverpool និងអ្នកគាំទ្រ ខ្ញុំនឹងត្រលប់មកវិញ។»។ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បានបង្ហោះបែបនេះ។
 
ក្រោយពេលទទួលបានកាតក្រហម Darwin Nunez នឹងខកខានសម្រាប់ការប្រកួតទល់បិសាចក្រហម។ ឯជំនួបក្នុងទឹកដីទល់ក្រុម Bournemouth និង ​Newcastle រូបគេក៏ត្រូវអវត្តមានដូចគ្នា៕
 

Tag:
 Darwin Nunez
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com