សេដ្ឋកិច្ច
អន្តរជាតិ
ការសិក្សា៖ ប្រទេសអាស៊ីអាគ្នេយ៍ចំណាយប្រាក់៣,៦៦ពាន់លានដុល្លារលើតែគជ់ក្នុងមួយឆ្នាំ
18, Aug 2022 , 8:44 am        
រូបភាព
រូបថត iStock
រូបថត iStock
ការសិក្សារួមគ្នាមួយរបស់ក្រុមហ៊ុនបណ្តាក់ទុន Momentum Works និងក្រុមហ៊ុនទូទាត់ប្រាក់ ឌីជីថល qlub បង្ហាញថា បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានចំណាយប្រាក់ចំនួន ៣,៦៦ ពាន់លាន ដុល្លារលើភេសជ្ជៈតែគជ់ (Bubble Tea) ក្នុងមួយឆ្នាំឯណោះ។ ម៉ាកយីហោ តែគជ់​តៃវ៉ាន់​ និង​ម៉ាកយីហោក្នុងស្រុក ដែលបានដំណើរការ កំពុងតែប្រជែងជាមួយម៉ាកយីហោតែគជ់របស់ចិន​ ដែល​កំពុងតែវាយលុកទីផ្សារ។

 
របាយការណ៍រួមគ្នារបស់ក្រុមហ៊ុន Momentum Works និង qlub ចេញផ្សាយថ្ងៃទី១៦ ខែសីហា បានរកឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ីជាប់លេខ​មួយ​ដែល​ហាង​តែ​គជ់ បានរកប្រាក់ចំណូលប្រចាំឆ្នាំបាន ១,៦ពាន់លានដុល្លារ។ ថៃជាប់​ចំណាត់ថ្នាក់លេខពីរ ខណៈ​ហាង​តែគុជជាង៣ម៉ឺនកន្លែង រកប្រាក់ចំណូលប្រចាំឆ្នាំ​បាន ​៧៤៩​លាន​ដុល្លារ។ វៀតណាម ឈរនៅ​លំដាប់​ទី​បីជាមួយប្រាក់ចំណូល ៣៦២លានដុល្លារ ហើយសិង្ហបុរីឈរនៅលំ​ដាប់ទី៤ ជាមួយ​ប្រាក់ចំណូល ​៣៤២​លានដុល្លារ។ 
 
របាយការណ៍ខាងលើក៏បានរកឃើញថា ឧស្សាហកម្មតែគជ់ក្នុងតំបន់ដែលត្រូវបានគ្រប់គ្រង ជាយូរ​មក​ហើយដោយម៉ាកយីហោតៃវ៉ាន់ និងផលិតផលក្នុងស្រុក ប្រហែលជានឹងត្រូវផ្លាស់ប្តូរ​ដោយ​សារ​ការ​ប្រជែងជាមួយម៉ាកយីហោចិនមួយចំនួន ដែលបានឈានជើងចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
 
«ទីផ្សារតែគជ់នៅចិនត្រូវបានគេប៉ាន់ប្រមាណថា មានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២០ពាន់លាន​ដុល្លារ​ ក្នុងមួយឆ្នាំដែលនេះបង្ហាញពីការប្រកួតប្រជែងខ្លាំង»។ ការសិក្សាខាងលើបាន អះអាងបែបនេះ រួចបន្តថា ម៉ាកយីហោចិនដែលបានឈានជើងចូលអាស៊ីអាគ្នេយ៍រួមមាន Mixue, Chagee និង HEYTEA ដែលម៉ាកយីហោទាំងនេះ សុទ្ធសឹងមានហាងនៅសិង្ហបុរី។
ម្យ៉ាងទៀត ការសិក្សាខាងលើបានបញ្ជាក់ថា ទោះបីជាឧស្សាហកម្មតែគជ់ រកប្រាក់​ចំណូលបាន​ច្រើន​យ៉ាងណាក៏ដោយ តែម៉ាកយីហោមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានប្រាក់ចំណូលមួយផ្នែកធំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com