ជាតិ
ពីនេះ ពីនោះ
តើអ្នកស្គាល់​«លំដាប់» និង«អម្បូរ» របស់ត្រីនាគ ឬតាពត ទេ?
18, Aug 2022 , 9:14 am        
រូបភាព
ត្រីនាគ ឬត្រីតាពត។ រូបភាពៈ IFReDI/FiA
ត្រីនាគ ឬត្រីតាពត។ រូបភាពៈ IFReDI/FiA
ដោយ៖ ឈុត ទូច 
 
នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប​ (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជា​ប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែង​ចែកត្រីជា​ «លំដាប់ Order» ​(សម្រាប់សម្គាល់​លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។

 
ខាងក្រោមនេះ គឺជាប្រភេទត្រីស្ថិតនៅក្នុងលំដាប់ ORDER: OSTEOGLOSSIFORMES ដែលមានពីរអម្បូរ (Family) គឺ Osteoglossidae និង Notopteridae។ ប៉ុន្តែ «មច្ឆាខ្មែរ» សូមដកស្រង់យកលក្ខណៈរូបរាង ទ្រង់ទ្រាយ ឬសណ្ឋាន នៃត្រីនៅក្នុងអម្បូរ Osteoglossidae​ ដែលមានតែមួយពួក​គឺ Scleropages ចេញពីសៀវភៅ៖ ​«មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» បង្ហាញគឺ «ត្រីនាគ ឬត្រីតាពត»​។ 
 
«ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus) និងឈ្មោះជាភាសាអង់គ្លេស Asian bonytongue ។ ត្រីនាគ មានប្រវែងដងខ្លួនសរុបតូចជាង៦០សង់ទីម៉ែត្រ មានរង្វះមាត់ធំ និងងើយឡើងលើ ដែលបង្កលក្ខណៈងាយស្រួលក្នុងការចាប់ចំណីនៅស្រទាប់លើ។ ត្រីប្រភេទនេះ មានរស់នៅក្នុងអន្លង់ជ្រៅៗ ក្នុងស្ទឹងដែលមានទឹកហូរចេញពីតំបន់ភ្នំ មានផ្ទាំងថ្មធំៗ ដែលស្ទឹងទាំងនោះ អាចសាងសង់វារីអគ្គិសនីបាន ដូចជានៅក្នុងខេត្តកោះកុង។ 
 
ត្រីនាគអាស៊ីមួយប្រភេទនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជានិម្មិតរូបមួយ តំណាងឱ្យការអភិរក្សនៅលើពិភពលោក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការគំរាមកំហែងចំពោះពួកវា បានកើនគួរឱ្យកត់សម្គាល់ តាមរយៈការចាប់កូនរបស់ធ្វើអាជីវកម្ម និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ននេះ ត្រីនាគ ជាប្រភេទត្រី «រងគ្រោះថ្នាក់ជិតផុតពូជ» នៅក្នុងបញ្ជីក្រហម IUCN Red List៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com