ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនធំមួយរបស់ថៃ កំពុងសម្លឹងរកសក្តានុពលវិនិយោគបន្ថែមនៅកម្ពុជា
17, Aug 2022 , 9:59 am        
រូបភាព
ជំនួបពិភាក្សាការងាររវាង សម្តេច ហ៊ុន សែន ជាមួយលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) នាថ្ងៃទី១៦សីហា នៅវិមានសន្តិភាព។ រូបពី ហ្វេស ប៊ុក សម្តេច ហ៊ុន សែន ។
ជំនួបពិភាក្សាការងាររវាង សម្តេច ហ៊ុន សែន ជាមួយលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) នាថ្ងៃទី១៦សីហា នៅវិមានសន្តិភាព។ រូបពី ហ្វេស ប៊ុក សម្តេច ហ៊ុន សែន ។
ដោយ ៖ ធន់ សេងហុង 
 
ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីភី អល (CP ALL) កំពុងសម្លឹងមើលសក្តានុពលវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (KorsakChairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន​នេះ បញ្ជាក់ពីបំណងនេះ នាជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៦ សីហា។

 
ក្រៅពីស្វែងរកឱកាសវិនិយោគបន្ថែម លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ក៏បានបញ្ជាក់ពីបំណង​ចូលរួមចំណែក​អភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការផ្ដល់​អាហារូបករណ៍សិក្សា និងចំណាយផ្សេងៗ សម្រាប់ថ្នាក់បរិញ្ញាបត្រ ​ និង​ថ្នាក់បច្ចេកទេស សរុប២០កន្លែងដល់សិស្ស-និស្សិតកម្ពុជា។

ទន្ទឹមនឹងនេះ ប្រធានប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល ដែលជាអ្នកបង្ហាត់ល្បែងយុទ្ធសាស្ត្រហ្គោល (អុកចិន)ផងនោះ ចង់ផ្តល់ការឧបត្ថម្ភដល់​កុមារកម្ពុជា ៣០រូប ដែលមានអាយុពី ១០-១២ឆ្នាំ  ឱ្យទៅសិក្សា​ល្បែងនេះ នៅប្រទេសថៃផងដែរ។ សូមជម្រាបថា ល្បែងយុទ្ធសាស្ត្រហ្គោល-GO Game (អុកចិន) ជាល្បែងដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ​ដើរព័ទ្ធគ្នាដើម្បីយកជ័យជម្នះ។
 
ពាក់ព័ន្ធនឹងទិសដៅវិនិយោគ សម្តេច ហ៊ុន សែន ឱ្យក្រុមហ៊ុន ស៊ីភី អល ពិនិត្យពិចារណាវិនិយោគលើការផលិតក្រដាសដែលកំពុងមានតម្រូវការខ្លាំង ព្រមទាំងពិនិត្យមើលការបង្កើតរោងចក្រផលិតជីសរីរាង្គនៅកម្ពុជា ដែលជាប្រភេទជីជួយនូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាព។ ការងារនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោក កស័ក្ដិ បន្តធ្វើការជាមួយលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​អគ្គលេខា​ធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។  
 
ជុំវិញបំណងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តឱ្យក្រុមហ៊ុន ធ្វើការជាមួយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ៕ 
 

Tag:
 វិនិយោគ
  ក្រុមហ៊ុនថៃ
 អប់រំ
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com