ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលវ៉ាក់សាំង Pfizer ៣០ម៉ឺនដូសពីប្រទេសអេស្ប៉ាញ
18, Aug 2022 , 10:56 am        
រូបភាព
សម្តេច ហ៊ុន សែន និងភារធារីស្តីនៃស្ថានទូតអេស្ប៉ាញប្រចាំកម្ពុជាលោកស្រី គ្រីស្ទីណា អាហ្គៀឡា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ៣០ម៉ឺនដូស។ រូបពី SPM ។
សម្តេច ហ៊ុន សែន និងភារធារីស្តីនៃស្ថានទូតអេស្ប៉ាញប្រចាំកម្ពុជាលោកស្រី គ្រីស្ទីណា អាហ្គៀឡា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ៣០ម៉ឺនដូស។ រូបពី SPM ។
ភ្នំពេញ៖ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pifizer សម្រាប់ចាក់ឱ្យកុមារចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសអេស្ប៉ាញ។

 
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន សែន និងភារធារីស្តីទី នៃស្ថានទូតអេស្ប៉ាញប្រចាំកម្ពុជា លោកស្រី គ្រីស្ទីណា អាហ្គៀឡា នៅឯវិមានសន្តិភាព នាព្រឹកថ្ងៃទី១៨ សីហា។
 
សម្តេច ហ៊ុន សែន បានអរគុណដល់ប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ ព្រមទាំងសមាជិកនៃសហភាពអឺរ៉ុបផ្សេងទៀត ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម -សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗទៀតៗទៀតជាបន្តបន្ទាប់។ 
 
ស្របពេលជាមួយគ្នា សម្តេច ហ៊ុនសែន ក៏បានរំលេចពីវិបត្តិសកល ដែលកំពុងតែកើតឡើងដូចជា ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែលបង្កឱ្យមានអតិផរណាខ្ពស់ ជាពិសេសបានជំរុញឱ្យអាម៉េរិក និងសហភាពអឺរ៉ុប ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា ជាផ្នែកមួយធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ កិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក គឺជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។ 
 
គួរបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបប្រមាណ ៧៤ លានដូស ទាំងជំនួយទ្វេភាគី តាមរយៈ យន្តការកូវ៉ាក់ (COVAX Facility) និងការបញ្ជាទិញដោយផ្ទាល់ បានមកដល់កម្ពុជាហើយ។ គិតត្រឹមខែសីហានេះ កម្ពុជាមានវ៉ាក់សាំងក្នុងឃ្លាំងជាង ៧,៦ លានដូស សម្រាប់បន្តចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
 
សូមជម្រាបថា ត្រឹមថ្ងៃទី១៧ សីហា កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ ជាង ១៥,១៩លាននាក់ ដោយក្នុងនោះ មានពលរដ្ឋជាង ៥៦ម៉ឺននាក់ បានចាក់នូវ    ដូសជំរុញទី៥ និងជាង៣លាននាក់ បានចាក់នូវដូសទីបួន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ចំនួននេះ គឺកម្ពុជាបានសម្រេចផែនការ ជាង ៩៤ភាគរយ៕
 
 
 

Tag:
 វ៉ាក់សាំង
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com