កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីរៀបចំអូឡាំពិកតូក្យូឆ្នាំ ២០២០ ម្នាក់ ត្រូវចាប់ខ្លួនពីបទស៊ីសំណូកជិត៤០ម៉ឺនដុល្លារ
18, Aug 2022 , 12:59 pm        
រូបភាព
លោក Haruyuki Takahashi អតីតសមាជិកគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបានចាប់ខ្លួនពីបទសង្ស័យអំពើពុករលួយ។


 
លោក Takahashi វ័យ ៧៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទទទួលសំណូកក្នុងចំនួនទឹកប្រាក់ ៣៨០,០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនពាណិជ្ជករលក់ឥវ៉ាន់រាយតាមផ្លូវអំឡុងព្រឹត្តិការណ៍អូឡាំពិក ដែលធ្វើឡើងកាលពីឆ្នាំ២០២១។ 
 
កាលនោះ​ ពាណិជ្ជករលក់រាយដែលអាចធ្វើអាជីវកម្មតាមដងផ្លូវ ត្រូវមានកិច្ចព្រមព្រៀមដៃគូជាមួយស្ថាប័នគ្រប់គ្រងអូឡាំពិក 2020 នៅក្នុងព្រឹតិ្តការណ៍កីឡាលំដាប់ពិភពលោកដែលជប៉ុនធ្វើម្ចាស់ផ្ទះនោះ។
 
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Takahashi មិនបានឆ្លើយតបចំពោះ ការចោទប្រកាន់ពីបទពុករលួយខាងលើនេះឡើយ។
 
ឯកសារពីការិយាល័យរដ្ឋអាជ្ញាក្រុងតូក្យូ ដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បានចោទប្រកាន់លោក Takahashi ពីបទយកប្រាក់ពីក្រុមពាណិជ្ជករលើសពី៥០ក្រុមហ៊ុនអំឡុងពេលនោះ។ អាជ្ញាធអូឡាំពិកជប៉ុន បានដឹងអំពីការផ្តល់ប្រាក់នេះ តាមរយៈការផ្ញើប្រាក់ទៅកាន់គណនីធនាគារក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Takahashi។
 
ជុំវិញករណីនេះ រដ្ឋអាជ្ញាក្រុងតូក្យូក៏បានបង្ហាញផងដែរថា អតីតប្រធាន និងនាយកប្រតិបត្តិពីររូបផ្សេងទៀតនៃក្រុមហ៊ុនពាណិជ្ជករទាំងនោះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីនេះផងដែរ។
 
ករណីឃាត់ខ្លួនលោក Takahashi នឹងមានការត្រូតពិនិត្យឡើងវិញ ថាតើការបង់ប្រាក់នាពេលកន្លងមកនោះ បំពានច្បាប់ហាមឃាត់មន្ត្រីរាជការមិនឲ្យយកលុយទាក់ទងនឹងតួនាទីរបស់ពួកគេឬក៏អត់៕
 

Tag:
 Haruyuki Takahashi
© រក្សាសិទ្ធិដោយ thmeythmey.com