ជាតិ
សង្គមជាតិ
ក្រសួងការងារ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហានៅរោងចក្រ ឃែន ធើរេន ប៉ុន្តែកម្មករ​មិនទាន់ពេញចិត្តឡើយ
18, Aug 2022 , 2:53 pm        
រូបភាព
កម្មករម្មការិនីរោងចក្រខែនធើរេន។ រូបភាព៖ សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
កម្មករម្មការិនីរោងចក្រខែនធើរេន។ រូបភាព៖ សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
  
 ដោយ៖ ញឹក សំអូន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចទូទាត់បា្រក់អតីតភាពការងារឱ្យកម្មកររោងចក្រឃែនធើរេន ឱ្យបាន​រួចរាល់នៅក្នុងសប្ដាហ៍នេះ ដោយ​កំណត់យក​៣ចំណុចសម្រាប់ការទូទាត់។ តែ​បើតាម​លោកប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជាកម្មករមិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់ក្រសួងនោះឡើយ​ ព្រោះមិនគោរពតាមអ្វីដែលពួក​គាត់​ចង់បាន។

 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ឱ្យកម្មកររោងចក្រឃែនធើរេនរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធ ដើម្បីបើកប្រាក់ខែដែលនៅសល់ បន្ទាប់ពីថៅកែបានរត់ចោលនិងបិទទ្វារ ដោយមិនបានជូនដំណឹងកន្លងមក។
 
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការងារសម្រេចទូទាត់ថវិកាឱ្យកម្មកររោងចក្រឃែនធើរេនចំនួន ៣ចំណុច គឺ ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់,ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩។
 
ក្រសួងបានជូនដំណឹងដល់កម្មករ ពោលគឺក្រោយ​ប្រតិកម្ម​របស់សម្តេចនាយក​រដ្ឋមន្ត្រីហ៊ុន សែន នាពិធីចែកសញ្ញាបត្រ​និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនាព្រឹក​ថ្ងៃទី​១៧ ខែសីហា។
 
លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៨សីហាបែបនេះ លោកមានការខកចិត្តជុំវិញសេចក្ដីសម្រេចរបស់ក្រសួងការងារ ដែលមិនបានពិភាក្សាជាមួយសហជីព និងតំណាងកម្មករហើយអនុម័តដោយខ្លួនឯង។ ការសម្រេចរបស់ក្រសួងនេះ ធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់កម្មករជាច្រើនដូច្នេះទើបពួកគេមានការមិនពេញចិត្ត។
 
សហជីពរូបនេះបានបន្តថា សំណើដែលកម្មករដាក់ទៅក្រសួងមាន៥ចំណុច ប៉ុន្តែតាមការសម្រេចរបស់ក្រសួងកាលពីម្សិលមិញមានតែ ៣ចំណុចហើយមិនមានការពិភាក្សាជាមួយតំណាងកម្មករ ឬសហជីពដើម្បីសម្រេចថាតើគួរសម្រេចយកចំណុចណាខ្លះនោះទេ។

 លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា។ រូបភាព៖សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
លោក ស៊ីណា បានបញ្ជាក់ថា៖ «ការបញ្ជាក់របស់ថ្នាក់ដឹកនាំ(សម្ដេច)ពួកគាត់សប្បាយចិត្តហើយគាត់សង្ឃឹមថាក្រសួងនឹងផ្ដល់ថវិកាស្របតាមច្បាប់តែសេចក្ដីប្រកាសរបស់ក្រសួងមិនស្របតាមអ្វីដែលកម្មករចង់បានអ៊ឹចឹងបងប្អូនកម្មករនៅតែបន្តការទាមទារដដែលទេ»។
 
សម្រាប់ ២ចំណុច ដែលក្រសួងការងារមិនបានលើកឡើងគឺប្រាក់ជួសការជូនដំណឹង ដែលថៅកែត្រូវបង់ប្រាក់ជូនកម្មករ។ មួយទៀតគឺប្រាក់សងជំងឺចិត្តដល់កម្មករនិយោជិត។ លោក ស៊ីណា បានរបៀបរាប់បែបនេះ រួចបន្តថាទាំងអស់នេះជាចំណុចសំខាន់ៗ តែក្រសួងមិនបានលើកឡើយនៅក្នុងសេចក្ដីប្រកាសឡើយ។
 
លោក ហឿន ហៀង ជាកម្មករដែលធ្វើការនៅរោងចក្រឃែនធើរេនប្រមាណ១២ឆ្នាំ បានលើកឡើងថា មិនយល់ព្រមជុំវិញការសម្រេចរបស់ក្រសួងការងារនោះទេដែលបានលើយកមកតែ ៣ចំណុច ព្រោះមិនគោរពតាមអ្វីដែលពួកគេបានស្នើកន្លងមក។
 
«ខ្ញុំមិនសប្បាយចិត្តទេ! ខ្ញុំទទួលយកមិចបាន បើខ្ញុំអង្គុយយាមអត់បាយអត់ទឹកមួយយប់ៗដេកយាមមូសខាំ»។ លោក ហៀង ​លើកឡើងបែបនេះ រួចបន្ថែមថាក្រសួងបានលើកយកមកតែចំណុចតូចៗ ដើម្បីទូទាត់ប្រាក់ឱ្យពួកគេប៉ុណ្ណោះ។អ្នកស្រី សាន់ សុផា តំណាងសហជីពនៅរោងចក្រឃែនធើរេនក៏បានលើកឡើងដែរថា ការចេញសេចក្ដីប្រកាសរបស់ក្រសួងការងារគឺខាតប្រយោជន៍របស់កម្មករច្រើន លើសពាក់កណ្ដាលនៃថវិកាដែលពួកគេទទួលបាន។ 
 
តំណាងសហជីពរូបនេះ បញ្ជាក់ថាបើក្រសួងការងារដោះស្រាយឱ្យពួកគេតែ ៣ចំណុចនោះពួកគេនឹងនាំគ្នាហែញត្តិទៅខុទ្ទកាល័យរបស់សម្ដេចបន្ត ដើម្បីឱ្យសម្ដេចជួយម្ដងទៀត។
 
«ក្រសួងការងារគាត់ចេញសេចក្ដីប្រកាសមកខាតប្រយោជន៍របស់កម្មករច្រើនណាស់ព្រោះពួកគាត់អត់មានបានមកចរចាជាមួយសាមីខ្លួនដែលគាត់រងគ្រោះសិនទេ។ មិនមែនគាត់ស៊ុំក្រលំគ្នាគាត់ហើយចេញសេចក្ដីប្រកាសទេ អ៊ឹចឹងបងប្អូនកម្មករទទួលយកអត់បានទេ»។នេះបើតាមអ្នកស្រីសុផា។
 
អ្នកស្រី សុផា បានបញ្ជាក់ថា  បុគ្គលិនៅដែលធ្វើការនៅទីនោះ អ្នកខ្លះធ្វើការចន្លោះពី ៥ ទៅជិត ២០ឆ្នាំ ដោយអ្នកដែលធ្វើការក្រោម ៥ឆ្នាំ នឹងទទួលបានប្រាក់អតីតភាពការងារចន្លោះពី ២ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ។ ​អ្នកស្រីបន្តថា បើក្រសួងការងារលើកមកតែ ៣ចំណុចនេះ គឺខាតប្រយោជន៍របស់កម្មករច្រើន។

កម្មកររោងចក្រឃែនធើរេនសរុបមាន ៣២០នាក់រហូតមកដល់បច្ចុប្បន្នអ្នកដែលនៅទាមទារមានចំនួន ២៤៥នាក់ ដូច្នេះបើសរុបជាថវិកាដែលត្រូវបើកឱ្យពួកគេគឺចន្លោះពី ៧០ម៉ឺនដុល្លារ ទៅ៨០ម៉ឺនដុល្លារ។ អ្នកស្រី សុផា បញ្ជាក់យ៉ាងដូច្នេះហើយបន្តថា កម្មករកម្មការិនីចេញតវ៉ា ជុំរឿងវិវាទការងារនេះ ចាប់ពីថ្ងៃទី ៩ខែឧសភាឆ្នាំ២០២២។
 
លោក ហេង សួរអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានថ្មីៗតាមបណ្ដាញសង្គមតេឡេក្រាម ជុំវីញរឿងនេះថា យោងតាមច្បាប់ស្តីពីការងារ រាល់ពេលក្ស័យធនមិនមានសោហ៊ុយជួសការជូនដំណឹងមុន និងសោហ៊ុយជំងឺចិត្តទេ។លោក ហេង សួរ បញ្ជាក់បែបនេះ៖ « ក្រុមការងារនឹងបន្តពន្យល់ និងបង្ហាញបងប្អូនចាប់ពីថ្ងៃស្អែកតទៅ»៕
 

Tag:
 រោងចក្រឃែនធើរេន
  សេដ្ឋកិច្ឋ
  ក្រសួងការងារ
© រក្សាសិទ្ធិដោយ thmeythmey.com