ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ដកអនុរដ្ឋលេខាធិការម្នាក់ ដោយសារដើរលក់ក្របខ័ណ្ឌប៉ូលិស
18, Aug 2022 , 3:59 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសុំទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដកអនុរដ្ឋលេខាការម្នាក់ ចេញពីក្រសួងមហាផ្ទៃ ដោយសារដើរសន្យាផ្តល់ក្របខ័ណ្ឌនគរបាលជាតិដល់អ្នកដទៃដោយមិនឆ្លងកាត់ការប្រឡង ហើយទទួលប្រាក់ពីអ្នកដែលជឿលើការសន្យានោះ។ សម្តេច ទម្លាយព័ត៌មាននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។



សម្តេច ស ខេង បានឲ្យដឹងថា អនុរដ្ឋលេខាធិការរូបនោះ ត្រូវបានដកចេញពីក្រសួងមហាផ្ទៃហើយ (តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី។ សម្តេចរដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ធាតុពិត អត់មានសង្ឃឹមថា បាន [ក្របខ័ណ្ឌនគរបាល] ទេ តែអ្នកនុ៎ង ចេះតែជឿគេទៅ ឲ្យលុយឲ្យកាក់គេអ៊ីចឹងទៅ។ តែវាមានបានឯណា ព្រោះគាត់ហ្នឹង មានលទ្ធភាពអី! អ្នកដែលធ្វើការងារហ្នឹង ឆបោកគេសុទ្ធតែម្តង»។ សម្តេច ពុំបញ្ចេញឈ្មោះអនុរដ្ឋលេខាធិការរូបនោះឡើយ។ 
 
សម្តេច អះអាងថា សូម្បីសម្តេចជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏មិនមានសិទ្ធិផ្តល់ក្របខ័ណ្ឌនគរបាលជាតិដល់អ្នកណាម្នាក់ ដោយមិនឆ្លងកាត់ការប្រឡងដែរ។ សម្តេច បញ្ជាក់ថា សម្តេច មានសិទ្ធិត្រឹមអនុញ្ញាតឲ្យចូលប្រឡងប៉ុណ្ណោះ។ 
 
សម្តេចរដ្ឋមន្រ្តី ដែលមានអំណាចគ្រប់គ្រងលើកម្លាំងនគរបាលជាតិ ធ្លាប់ឮពាក្យចចាមអារ៉ាម ជុំវិញទង្វើរបស់មន្រ្តី ដែលដើរលក់ក្របខ័ណ្ឌនគរបាលជាតិ។ សម្តេចឧបនាយករដ្ឋមន្រ្តី លើកឡើងពីពាក្យចចាមអារ៉ាមថា មន្រ្តីខ្លះ ទទួលយកប្រាក់១ម៉ឺនដុល្លារ ឬ២ម៉ឺនដុល្លារ ឬ៣ម៉ឺនដុល្លារ ជាដើម ពីអ្នកដទៃ ហើយសន្យាជាមួយអ្នកនោះថា នឹងបានក្របខ័ណ្ឌនគរបាលជាតិ។ សម្តេច ជឿថា ពាក្យចចាមអារ៉ាមនេះ មិនសូវជាខុសប៉ុន្មាននោះទេ។    
 
សម្តេច មានប្រសាសន៍ថា បើអាចផ្តល់ក្របខ័ណ្ឌនគរបាលជាតិដល់អ្នកណាម្នាក់ដោយគ្មានការប្រឡងពិតមែននោះ គឺចុចឈ្មោះយកតែម្តង ដោយពុំចាំបាច់រៀបចំឲ្យមានការប្រឡង ដែលនាំឲ្យខាតថវិកា និងខាតពេលវេលាឡើយ។ សម្តេច បន្តថា ការប្រឡងទៀតសោត ក៏ត្រូវប្រកបដោយគុណភាព និងតម្លាភាព។

សម្តេច បន្ថែមថា ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់លើការធ្វើកំណែទម្រង់នគរបាលជាតិ ដូច្នេះ ត្រូវតែអារកាត់ចោលចំពោះមន្រ្តី ដែលប្រព្រឹត្តទង្វើនាំឲ្យប៉ះពាល់ដល់ការធ្វើកំណែទម្រង់នេះ ដូចជា ករណីដើរលក់ក្របខ័ណ្ឌនគរបាលជាតិនេះ ជាដើម៕ 

Tag:
 ដកអនុរដ្ឋលេខាធិការ
  លក់ក្របខ័ណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com