អន្តរជាតិ
ចិន ជំទាស់កិច្ចចរចាពាណិជ្ជកម្មរវាងតៃវ៉ាន់ និងអាម៉េរិក
18, Aug 2022 , 5:59 pm        
រូបភាព
លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ រូបភាព៖ Global Times
លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ រូបភាព៖ Global Times
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៨ ខែសីហា បានជំទាស់យ៉ាងដាក់អហង្ការចំពោះកិច្ចចរចាពាណិជ្ជកម្មអាម៉េរិក និងតៃវ៉ាន់។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាត់វិធានការឱ្យបានខ្លាំងបំផុតដើម្បីការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ការអភិវឌ្ឍ។

 
ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិនៅថ្ងៃទី១៧ ខែសីហា បានព្រមព្រៀងគ្នាក្នុងការចាប់ផ្ដើមកិច្ចចរចា​ពាណិជ្ជកម្មក្រោម «គំនិតផ្ដួចផ្ដើមតៃវ៉ាន់-អាម៉េរិកលើពាណិជ្ជកម្មសតវត្សរ៍ទី២១»។ អាម៉េរិក និងតៃវ៉ាន់ ចង់បានកិច្ចព្រមព្រៀងមួយដែល​ផ្ដល់​ផលប្រយោជន៍ដល់ផ្នែកសេដ្ឋកិច្ច។ ក្រសួងពាណិជ្ជកម្មចិន បានច្រានចោលកិច្ចចរចានេះ និងអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួន។​ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៨ ខែសីហា លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា គោលនយោបាយចិនតែមួយ ជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់តៃវ៉ាន់ ក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេង។ ឆ្លើយតបនឹងការចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មខាងលើ អ្នកនាំពាក្យរូបនេះ បានអះអាងថា ចិននឹងចាត់វិធានការដ៏ចាំបាច់ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍របស់ខ្លួន។ 
 
ក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសចិន បានលើកឡើងថា ចិននឹងចាត់វិធានការការពារបូរណភាពដែនដី និងជំរុញឱ្យអាម៉េរិកបញ្ឈប់ការវាយតម្លៃខុស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។​
 
ការព្រមព្រៀងក្នុងការចាប់ផ្ដើមកិច្ចចរចាពាណិជ្ជកម្មក្រោមគំនិតផ្ដួចផ្ដើមខាងលើរវាងអាម៉េរិក និងតៃវ៉ាន់ ធ្វើឡើងស្របពេលទំនាក់ទំនងជាមួយចិនរកាំរកូស។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនខ្ពស់បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងសមាជិកសភាទៅកាន់ក្រុងតៃប៉ិ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com