អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នករាយការណ៍ពិសេស UN ថា ពិតជាមានការបង្ខំឱ្យធ្វើពលកម្មនៅស៊ីនជាំង តែចិនច្រានចោល
18, Aug 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីទាសភាព បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី១៦ ខែសីហា ដោយបញ្ជាក់ពីការចាប់បង្ខំឱ្យធ្វើពលកម្មលើក្រុមជនជាតិភាគតិចមូស្លីម។ ប៉ុន្តែចិនបានច្រានចោលរបាយការណ៍នេះភ្លាមៗ ដោយអះអាងថា ជនជាតិទាំងនោះត្រូវបានការពារដោយច្បាប់ស្តីពីការការពារសិទ្ធិកម្មកររបស់ក្រុងប៉េកាំង។

 
កន្លងមក ចិនត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ក៏ដូចជាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅតំបន់ស៊ីនជាំងតាមរយៈការឃុំខ្លួន ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកវប្បធម៌ និងសាសនា បំបែកពីគ្រួសារ និងត្រូវធ្វើពលកម្មដោយបង្ខំជាដើម។ ប៉ុន្តែក្រុងប៉េកាំងតែងប្រឆាំងនឹងការចោទប្រកាន់ទាំងនោះជានិច្ច។
 
យ៉ាងណាមិញ លោក Tomoya Obokata អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីទម្រង់ទាសករសម័យបច្ចុប្បន្ន បានរកឃើញថា ពលកម្មដោយបង្ខំពិតជាកើតមានចំពោះជនជាតិភាគតិចដែលរស់នៅតំបន់ស៊ីនជាំង។ តាមរយៈរបាយការណ៍របស់លោក Obokata ដែលបង្ហោះនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី១៦ ខែសីហា ការរកឃើញនេះគឺចេញជារូបរាងឡើងតាមរយៈការវាយតម្លៃជាឯករាជ្យចំពោះព័ត៌មានដែលអាចរកបាន។
 
«អ្នករាយការណ៍ពិសេសចាត់ទុកថា វាគឺជារឿងសមហេតុផលដែលសន្និដ្ឋានថា ការងារដោយចាប់បង្ខំលើវិស័យដូចជាកសិកម្ម និងផលិតកម្មក្នុងចំណោមជនជាតិវីហ្គ័រ កាហ្សាក់ស្ថាន និងជនជាតិភាគតិចផ្សេងទៀតកំពុងកើតឡើងនៅតំបន់ស្វយ័តស៊ីនជាំងនៃទឹកដីចិន»។ នេះបើយោងតាមរបាយការណ៍ដដែលកម្រាស់២០ទំព័រ ដែលរាយការណ៍ពីបញ្ហាពាក់ព័ន្ធនឹងទាសភាពនៅប្រទេសផ្សេងទៀតដែរ។
 
ទាក់ទង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងអប់រំជំនាញវិជ្ជាជីវនៅតំបន់ស៊ីនជាំងដែលទីក្រុងប៉េកាំងអះអាងថា មានគោលដៅកាត់បន្ថយភាពក្រីក្រ និងផ្តល់ការងារដល់ជនជាតិភាគតិច របាយការណ៍ដដែលអះអាងថា កម្មវិធីទាំងនេះប្រហែលបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ពួកគេមែន ប៉ុន្តែត្រូវបានចាត់ចូលក្នុងពលកម្មដោយបង្ខំដោយសារតែករណីជាច្រើនត្រូវបានរកឃើញក្នុងសហគមន៍ដែលរងប៉ះពាល់ដោយការងារមិនស្ម័គ្រចិត្តបែបនេះ។ 
 
ថ្វីបើយ៉ាងនេះក្តី ក្រសួងការបរទេសចិននៅថ្ងៃទី១៧​ ខែសីហា បានរិះគន់ជាខ្លាំងជុំវិញរបាយកាណ៍ខាងលើនេះ ហើយបញ្ជាក់សារជាថ្មីថាមិនដែលមានពលកម្មដោយបង្ខំកើតមាននៅតំបន់ស៊ីនជាំងទេ ដោយសំដៅលើច្បាប់ស្តីពីការការពារសិទ្ធិកម្មកររបស់ក្រុងប៉េកាំង។ 
 
« អ្នករាយការណ៍ពិសេសម្នាក់ជ្រើសជឿលើពាក្យភូតភរ និងព័ត៌មានមិនពិតអំពីតំបន់ស៊ីនជាំងដែលត្រូវបានផ្សព្ធផ្សាយដោយអាម៉េរិក និងប្រទេសលោលខាងលិចមួយចំនួន ក៏ដូចជាកងកម្លាំងប្រឆាំងចិន»។ អ្នកនាំពាក្សក្រសួងការបរទេសចិន លោក Wang Wenbin ប្រាប់អ្នកកាសែតបែបនេះក្នុងសន្និសីទមួយ។ 
 
សូមបញ្ជាក់ថា របាយការណ៍របស់លោក Obokata គឺដាច់ដោយឡែកពីរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស Michelle Bachelet ដែលលោកស្រីសន្យាថានឹងចេញផ្សាយមុនបញ្ចប់អាណត្តិនៅចុងខែនេះ៕
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com