កីឡាជាតិ
ជាតិ
IFMA៖ កីឡាករប្រដាល់កម្ពុជាឈ្នះមេដាយមាស៧ពីព្រឹត្តិការណ៍នៅម៉ាឡេស៊ី
18, Aug 2022 , 6:24 pm        
រូបភាព
Front-កីឡាករ ភុន ពិសិត បង្គោលខៀវ ប្រកួតជាមួយ Muhammad Salimi បង្គោលក្រហម។ រូប Capture IFMA
Front-កីឡាករ ភុន ពិសិត បង្គោលខៀវ ប្រកួតជាមួយ Muhammad Salimi បង្គោលក្រហម។ រូប Capture IFMA
ដោយ:
កីឡាករប្រដាល់កម្ពុជា៧រូប បានឈ្នះមេដាយមាសរៀងៗខ្លួនពីព្រឹត្តិការណ៍កីឡាInternational of Mauythai Federation Association(IFMA) ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ IFMA World Mauythai Grand Slam 2022 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

 
គូទី១ បង្គោលខៀវ ភុន ពិសិត ឈ្នះបង្គោលក្រហម Muhammad Salimi ដោយឡើងជង្គង់ផ្ទួនៗរហូតអាជ្ញាកណ្តាលលោក Andrii Grossu សម្រេចបញ្ចប់ការប្រកួតនៅទឹក២ ដោយបង្គោលក្រហមមិនអាចបន្តការប្រកួតទៀតបាន និងគូទី២បង្គោលក្រហម ខាំ ខ្លានាង ផ្តួលបង្គោលខៀវ Muhammad Zulfakar Othman ឲ្យបោះបង់ការប្រកួតក្នុងទឹក១ បន្ទាប់ពីការប្រកួតមិនទាន់បាន១នាទី មួយដៃឆ្វេងធ្វើឲ្យបង្គោលខៀវសន្លប់ឈឹង។
 
ចូលដល់គូទី៣ បង្គោលខៀវ រិន ដេវីត យកឈ្នះបង្គោលក្រហម Mund Abdul Hakim បន្ទាប់ពីអាជ្ញាកណ្តាល លោក Boud Finisht សម្រេចបញ្ចប់ការប្រកួតនៅទឹក៣ ក្រោយរាប់ពីលើកទៅលើបង្គោលក្រហម ខណៈគូទី៤បង្គោលខៀវ ហ៊ឹម គឹមរៀង យកឈ្នះបង្គោលក្រហមImran Hakim ដោយវាយឲ្យសន្លប់ក្នុងទឹក១។ ចំណែកគូទី៥ បង្គោលខៀវ សាន រ៉ាគីម ផ្តួលបង្គោលក្រហម Yodsakorn Anusornprasoet  ឲ្យសន្លប់ក្នុងទឹក២។
 
 ចូលដល់គូទី៦ បង្គោលខៀវ ឃួន ឡាំងកូស៊ីន វាយសន្ធប់ទៅលើបង្គោលក្រហម Emran Batoori ធ្វើឲ្យអាជ្ញាកណ្តាលលោក Ferez Tozev រាប់៨ដង ២លើក ក្នុងទឹក១ និងទឹក២ បន្តវាយទៅលើបង្គោលក្រហមយ៉ាងដំណំ ចុងក្រោយទឹក៣ អាជ្ញាកណ្តាលរាប់២លើកទៀត និងសម្រេចបញ្ឈប់ការប្រកួតដោយលើកដៃឲ្យបង្គោលខៀវឈ្នះ។ គូចុងក្រោយខ្លាកំណាចកំពង់ធំ ឈឿង ល្វៃ ឈ្នះស្វ័យប្រវត្តិដោយកីឡាករ Mohammed Mahmoud បោះបង់ការប្រកួត។
 
បញ្ចប់ការប្រកួតកីឡាករប្រដាល់កម្ពុជាទាំង៧ រូបយកឈ្នះគូប្រកួតរបស់ខ្លួនដោយវាយឲ្យសន្លប់ទាំង៦គូ ខណៈឈឿង ល្វៃ ឈ្នះស្វ័យប្រវត្តិ ហើយទទួលបានមេដាយមាសពានរង្វាន់ IFMA World Mauythai Grand Slam 2022 ពីព្រឹត្តិការណ៍ International Federation of Mauythai Association ដែលមានប្រទេសជាង១០០ ចូលរួមប្រកួតប្រជែង។ 
 
គួបញ្ជាក់ថា កម្មវីធីប្រកួតប្រដាល់លក្ខណអន្តរជាតិនេះបានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា និងបញ្ចប់នាថ្ងៃទី២១ ខែសីហា នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com