កីឡាអន្តរជាតិ
អន្តរជាតិ
FIFA លក់សំបុត្រ World Cup នៅកាតាបានជាង ២,៤៥លានសំបុត្រហើយ
19, Aug 2022 , 12:59 pm        
រូបភាព
មកដល់ពេលនេះ អ្នករៀបចំកម្មវិធី World Cup 2022 នៅកាតា បានលក់សំបុត្រដាច់អស់ជាង ២,៤៥លានសំបុត្រហើយ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកចុងឆ្នាំ ២០២២។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នៅថ្ងៃទី១៨ ខែសីហា។



កាលពីខែកក្កដា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ FIFA ធ្លាប់ប្រកាសថាខ្លួនបានលក់សំបុត្រ​ World Cup 2022 បានជាង ១,៥លានសំបុត្រសម្រាប់អំឡុងពេលការលក់លើកដំបូង។ 
សំបុត្រដែលត្រូវបានអ្នកទស្សនាទិញច្រើនជាងគេសម្រាប់ការប្រកួតក្នុងវគ្គចែកពូលមានដូចជា ជំនួប កាមេរូន ប៉ះ ប្រេស៊ីល, ប្រេស៊ីល ប៉ះ ស៊ែប៊ី, ព័រទុយហ្គាល់ ប៉ះ អ៊ុយរូហ្គាយ​, កូស្តារីកា​ ប៉ះ អាល្លឺម៉ង់ និងអូស្ត្រាលី ប៉ះ ដាណឺម៉ាក។
 
បើតាម FIFA ការលក់សំបុត្រព្រឹត្តិការណ៍ World Cup 2022 តាមគេហទំព័រផ្លូវការ World Cup ប្រទេសកាតាជំហានចុងក្រោយ នឹងប្រកាសនាចុងខែកញ្ញានេះ ហើយការលក់សំបុត្រដោយផ្ទាល់ សម្រាប់អ្នកគាំទ្រដែលមិនទាន់បានទិញលើគេហទំព័រ នឹងធ្វើឡើងនៅក្នុងទីក្រុងឌូហា។
 
«អ្នកគាំទ្ររស់នៅក្នុងប្រទេសកាតា, អារ៉ាប៊ីសាអូឌីត, អាម៉េរិក, ម៉ិកស៊ិក, អេមីរ៉ាត់អារ៉ាប់រួម, អង់គ្លេស, អាហ្សង់ទីន, ប្រេស៊ីល, វែលស៍ និង អូទ្រីស គឺជាក្រុមប្រទេសដែលបានទិញសំបុត្រក្នុងបរិមាណច្រើនបំផុតមកដល់ពេលនេះ។»។ FIFA បានប្រកាសបែបនេះ។
 
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ World Cup នៅកាតា នឹងលើកដំបូងក្នុងតំបន់មជ្ឈិមបូព៌ា នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដែលជាការប្រកួតរបស់ក្រុមម្ចាស់ផ្ទះ និងការប្រារព្ធកម្មវិធីបើក ហើយការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ៕
 

Tag:
 FIFA
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com