អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនប្រកាស​អាសន្ន​គ្រោះ​រាំង​ស្ងួត​ជា​លើក​ដំបូងក្នុងឆ្នាំ២០២២ ខណៈរលក​កម្ដៅកំពុងវាយប្រហារខ្លាំង​
19, Aug 2022 , 7:29 pm        
រូបភាព
ប្រជាជនចិនក្នុងទីក្រុងឆុងឈីង ចែកចាយទឹកអំឡុងពេលរលកកម្ដៅវាយប្រហារ។ រូបថត Xinhua
ប្រជាជនចិនក្នុងទីក្រុងឆុងឈីង ចែកចាយទឹកអំឡុងពេលរលកកម្ដៅវាយប្រហារ។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 

ចិន​​​ប្រកាស​អាសន្ន​គ្រោះ​រាំង​ស្ងួត​ថ្នាក់​ជាតិ​លើក​ដំបូង​ក្នុងឆ្នាំ២០២២ ខណៈ​តំបន់មួយចំនួន​នៅ​តាមដង​ទន្លេ Yangtze ​កំពុងទទួលរងការកើនកម្តៅយ៉ាងខ្លាំង។

 
«ការ​ជូន​ដំណឹង​​ពណ៌​លឿង» ​ជាកម្រិតខ្ពស់មួយនៃការជូនដំណឹងអាសន្នមួយដែល​​ចេញដោយអាជ្ញាធរចិន​នៅថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតំបន់ស៊ីឈួននៅភាគនិរតីប្រទេស រហូតដល់ទីក្រុងសៀងហៃនៅតំបន់ដីសណ្ដ Yangtze កំពុងជួបប្រទះការកើនឡើងកម្តៅយ៉ាងខ្លាំងជាច្រើនសប្តាហ៍កន្លងមក។ 
 
ទន្លេចំនួន៦៦នៅទូទាំង៣៤ស្រុកនៅក្នុងតំបន់ភាគនិរតីនៃទីក្រុងឆុងឈីង បានរីងស្ងួត ស្របពេលទឹកភ្លៀងនៅទីក្រុងដ៏ធំមួយនេះ ធ្លាក់ចុះ៦០ភាគរយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ដែលដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលក្នុងតំបន់។ យោងតាមការិយាល័យអាកាសធាតុចិន សីតុណ្ហភាពក្នុងតំបន់ចំនួន៦ ក្នុងចំណោម១០ តំបន់ក្នុងទីក្រុងឆុងឈីង ដូចជាស្រុកពីសានជាដើម ទទួលរងការកើនឡើងកម្តៅដល់៣៩អង្សា ហើយទីក្រុងស៊ាងហៃមានដល់៣៧អង្សា។ 
 
ចំពេលកម្តៅកើនខ្លាំងបែបនេះ ការិយាល័យកសិកម្មទីក្រុងឆុងឈីង បង្កើតក្រុមអ្នកជំនាញដើម្បីការពារដំណាំដែលងាយរងគ្រោះ និងពង្រីកការដាំដុះដើម្បីទូទាត់សងការខាតបង់មុនការប្រមូលផលនៅរដូវស្លឹកឈើជ្រុះ។ រីឯ ក្រសួងធនធានទឹកចិន ក៏ណែនាំដល់តំបន់កសិកម្មដែលរងគ្រោះដោយគ្រោះរាំងស្ងួតឱ្យរៀបចំកាលវិភាគ ដើម្បីកំណត់បរិមាណផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់នៅពេលជាក់លាក់ណាមួយ។ 
 
សូមបញ្ជាក់ថា សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងខែកក្កដា បណ្តាលឱ្យខាតបង់សេដ្ឋកិច្ចចិនចំនួន៤០០ លានដុល្លារ ហើយប៉ះពាល់ដល់ប្រជាជនចំនួន៥,៥លាននាក់។ នេះបើយោងតាមទិន្នន័យពីក្រសួងសង្គ្រោះបន្ទាន់ចិន​នៅថ្ងៃទី១៨ ខែសីហា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com