កីឡាអន្តរជាតិ
អន្តរជាតិ
FA ពិន័យ Man City លើបញ្ហាអ្នក​គាំទ្រអុក​ឡុកទីលានក្នុងជំនួបលើកពាន​ជើង​ឯកកាលពីរដូវកាលមុន
19, Aug 2022 , 9:29 pm        
រូបភាព
ក្រុម Manchester City បានរងការពិន័យពីសហព័ន្ធ​កីឡា​បាល់ទាត់អង់គ្លេស (FA) ចំពោះបញ្ហាអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួតក្រោយពេលក្រុមរហស្ស​​នាមមេឃខៀវក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២១-២២។ នេះបើតាមការប្រកាសរបស់ FA ថ្ងៃទី១៨ ខែសីហា។

 
Man City ការប្រកួតចុងក្រោយនៃក្របខណ្ឌ ​Premier League រដូវកាលចាស់ពេលប៉ះក្រុម Aston Villa បានប្រកួតឈ្នះក្នុងលទ្ធផល ៣-២ ដោយការវាយបកក្រោយពេលត្រូវ Aston នាំមុខ២គ្រាប់ ខណៈពេលនោះកំពុងត្រូវបានក្រុម Liverpool កំពុងប្រកួតជាមួយក្រុម Wolverhampton Wanderers ហើយតាមប្រជែងពានរង្វាន់យ៉ាងកៀគគិត។ ក្រោយការប្រកួតតទល់ Aston Villa បានបញ្ចប់ Man City ក្លាយជាជើងឯក អ្នកគាំទ្រក្នុងកីឡដ្ឋាន Etihad បាននាំគ្នាសម្រុកចូលទីលានដើម្បីអបអរជ័យជម្នះ។
 
ពេលសម្រុកចូលអបអរលើទីលាននោះ អ្នកគាំទ្រមួយចំនួនបានប្រើប្រាស់គ្រាប់បែកផ្សែង ក៏ដូចជាដុតកាំជ្រួច​ភ្លើងក្នុងទីលាន របាទីទាំងសងខាងត្រូវបានបំផ្លាញ និងអ្នកចាំទី Robin Olsen ក្រុម Aston ក៏រងការវាយប្រហារពីអ្នកគាំទ្រ Man City ដែលពេលនោះ។
 
ក្នុងហេតុការណ៍នោះក្រុមមន្រ្តីប៉ូលិសទីក្រុង Manchester បានចាប់ឃាត់ខ្លួនមនុស្ស២នាក់ចំពោះការបង្កឱ្យមានការចូលអុកឡុកនេះ ហើយក្រុមមន្ត្រីប៉ូលិសដដែលក៏បានបន្តការស៊ើបអង្កេតលើបទល្មើសផ្សេងទៀតដែលកើតឡើង។
 
ជាមួយបញ្ហាខាងលើ FA នៅថ្ងៃទី១៨ ប្រកាសដាក់ពិន័យលើក្រុម Man City ចំពោះបរាជ័យក្នុងការហាមឃាត់ និងមិនអាចគ្រប់គ្រងអ្នកគាំទ្រខ្លួនបាន។
 
«Manchester City FC ត្រូវបានរងការពិន័យជាមួយការល្មើសច្បាប់នៃ FA មាត្រា E20 ដោយយោងតាមរឿងហេតុដែលបានកើតឡើងអំឡុងការប្រកួតក្របខណ្ឌ Premier League ទល់ក្រុម Aston Villa កាលថ្ងៃទី២០ ខែឧសភា។ ការប្រព្រឹត្តិខុសក្រោយការប្រកួតបញ្ចប់នៃជំនួបនេះ ដោយសារតែ Manchester City បរាជ័យក្នុងការមើលការខុសត្រូវលើអ្នកគាំទ្រខ្លួន ដែលធ្វើឱ្យអ្នកគាំទ្របានបង្កនូវអាកប្បកិរិយាមិនសមរម្យ និងមានហិង្សាកើតឡើងក្នុងទីលានប្រកួត។»។ នេះបើតាមសេចក្តីប្រកាស FA។
 
មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក៏បានទុកពេលទៅឱ្យក្រុម Man City ឱ្យឆ្លើយតបសម្រាប់ការដាក់ពិន័យនេះត្រឹមថ្ងៃទី២៥ ខែសីហា។ ​ជំនួបបន្ទាប់ក្រុម Man City នឹងត្រូវប៉ះក្រុម ​Newcastle United ថ្ងៃទី២១ សម្រាប់ការប្រកួតសប្តាហ៍ទី៣ Premier League៕ 
 

Tag:
 Manchester City
  FA
© រក្សាសិទ្ធិដោយ thmeythmey.com