កីឡាអន្តរជាតិ
អន្តរជាតិ
La Liga ៖ Barca ចង់បានផលពីកីឡាករថ្មី ចំណែក​​ AT Madrid ទទួល Villarreal ជំនួបធំ
19, Aug 2022 , 5:45 pm        
រូបភាព
ក្របខណ្ឌ La Liga បានវិលត្រលប់មកវិញក្រោយការចាប់ផ្តើមប្រកួតសប្តាហ៍ដំបូងដ៏អស្ចារ្យដោយក្រុមមកពីទីក្រុងម៉ាឌ្រីដតែមួយ Real Madrid និង Atletico Madrid ប្រកួតឈ្នះរៀងខ្លួន​។ រីឯ Barcelona ជាគូប្រជែងពានជាមួយ Real រដូវកាលមុន ចាប់ផ្តើមរដូវកាលថ្មីមិនល្អព្រោះស្មើជាមួយ Rayo Vallecano។

 
ការប្រកួតសប្តាហ៍ទីពីរនៃ La Liga ក្រុម Barca ដែលដឹកនាំដោយលោក Xavi Hernandez រំពឹងទទួលបានផលពីសមត្ថភាពកីឡាករចំណូលថ្មីនាំជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Real Sociedad។ Barca តាមរយៈពេល ១២ប្រកួតជួប Real Sociedad ក្នុងលីគកំពូលអេស្ប៉ាញមិនទាន់ស្គាល់រស់ជាតិចាញ់ម្តងឡើយ ដ្បិតមួយរយៈចុងក្រោយ Barca មិនទាន់វិលត្រលប់ទៅភាពខ្លាំងរបស់ខ្លួនវិញក្តី។ 
 
កាលជំនួបទល់ Rayo Vallecano សប្តាហ៍មុនបើទោះ Barca បានចុះឈ្មោះ Robert Lewandowski និង Raphinha ក្នុងក្របខណ្ឌ La Liga ទាន់ពេល និងលេងសម្រាប់ជម្រើស១១នាក់ដំបូងក្តី ក្រុមរហ័សនាមអ្នកមានបុណ្យរកឱកាសស៊ុតបាល់ដល់ទៅ ២១លើក ប៉ុន្តែមិនមានលទ្ធផលបញ្ចូលទីលើគូប្រកួតឡើយ។ Barca បានត្រឹមស្មើ ០-០ ក្នុងទឹកដីជាមួយ Rayo។
 
ចំណែក Real Madrid វិញត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Celta Vigo ជាក្រុមដែលកំពុងមានកំណត់ត្រាល្អសម្រាប់ការប្រកួតក្នុងទឹកដី។ កាលពីរដូវកាលមុន Celta Vigo បានបង្ហាញខ្លួនក្នុង La Liga បានល្អបំផុតសម្រាប់ ១១ប្រកួតចុងក្រោយ ដោយឈ្នះ៦ ប្រកួត ស្មើ៣ប្រកួត ចាញ់ ២ប្រកួត ប៉ុន្តែសម្រាប់ការជួប Real Madrid ១៦លើកចុងក្រោយ Celta Vigo មិនដែលឈ្នះឡើយ។ Real Madrid សប្តាហ៍ទីមួយក៏បង្ហាញទម្រង់លេងមុនសូវល្អព្រោះត្រូវក្រុមម្ចាស់ផ្ទះ Almeria ស៊ុតនាំមុខមុន ទោះបីបញ្ចប់ការប្រកួត Real អាចយកឈ្នះវិញលទ្ធផល ២-១ ក៏ដោយ។
  


រដូវកាលថ្មីសម្រាប់ ​Real Madrid មិនមានការប្រែប្រួលខ្លាំងប៉ុន្មានឡើយដោយនាំចូលកីឡាករថ្មី ២នាក់តែប៉ុណ្ណោះគឺខ្សែការពារ Antonio Rudiger និងខ្សែបម្រើវ័យក្មេង Aurelien Tchuarmeni ចំណែកខ្សែប្រយុទ្ធ Vinicius JR និង ​Karim Benzema នៅតែជាកីឡាករតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់របស់​ Real ដដែល។ ក្រុមដឹកនាំដោយ Carlo Ancelotti មួយនេះរំពឹងជ័យជម្នះបន្ថែមទៀតក្នុងសប្តាហ៍ទីពីរ។
 
ក្រុម Atletico Madrid ដែលស្ថិតក្នុងទីក្រុងម៉ាឌ្រីដជាក្រុមដែលទទួលបានលទ្ធផលដ៏ល្អនៅថ្ងៃប្រកួតបើកឆាកដោយឈ្នះលើក្រុម Getafe លទ្ធផល ៣-០ ដែលជាការប្រកួតក្រៅទឹកដី។ ប្រកួតទីពីររបស់ AT នឹងត្រូវបើកទ្វារកីឡដ្ឋាន Wanda Metropolitano ​ទទួលក្រុម Villarreal ជាក្រុមខ្លាំងមួយប្រចាំអេស្ប៉ាញពេលបច្ចុប្បន្នដឹកនាំដោយលោក Unai Emery។ Villarreal ប្រកួតដំបូងឈ្នះ Real Valladolidលទ្ធផល ៣-០។
  


កាលពីរដូវកាលមុន៥ប្រកួតក្នុងលីគ AT Madrid មិនស្គាល់ការចាញ់ឡើយ ដោយឈ្នះ៤ និងស្មើ ១ប្រកួត ខណៈដែរ Villarreal មិនដែលចាញ់ការប្រកួតក្រៅទឹកដី ៣ប្រកួតចុងក្រោយឡើយ។ ជំនួបក្រុមទាំងពីរនេះក្លាយជាជំនួបដ៏ធំប្រចាំសប្តាហ៍ទីពីរនៃ ​La Liga ដោយក្រុមទាំងពីរនេះជាក្រុមដែលកំពុងពង្រឹងតំបន់ប្រយុទ្ធដូចគ្នាជាមួយការនាំចូលកីឡាករប្រយុទ្ធថ្មីដូចគ្នា។
 
ខាងក្រោមនេះជាការប្រកួតគូដទៃទៀតសម្រាប់សប្តាហ៍ទីពីរនៃ La Liga៖

​Espanyol ទទួល ​Rayo Vallecano វេលាម៉ោង​ ១យប់រំលងអាធ្រាត្រ ឈានចូលទី២០។
Sevilla ទទួល Real Valladolid វេលាម៉ោង ៣យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០។
Osasuna ទទួលក្រុម Cadiz វេលាម៉ោង ១០:៣០យប់ ថ្ងៃទី២០។
Mallorca ទទួល Real Betis វេលាម៉ោង ០០:៣០រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១។
Athletic Bilbao ទទួល Valencia វេលាម៉ោង​ ១០:៣០យប់ថ្ងៃទី២១។
Elche ទទួល Almeria វេលាម៉ោង ១យប់រំលងអាធ្រាត្រ ថ្ងៃទី២៣។
Girona ទទួល Getafe វេលាម៉ោង ៣យប់រំលងអាធ្រាត្រ ថ្ងៃទី២៣៕
 
 
 

Tag:
 La Liga
  Barcelona
  Real Madrid
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com