ជាតិ
ពីនេះ ពីនោះ
​ប្រភេទត្រី «ងាយរងគ្រោះថ្នាក់» ត្រូវចាប់ជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទ​
20, Aug 2022 , 8:59 am        
រូបភាព
ត្រីព្រួលធំៗ ទម្ងន់ចាប់ពី ១-៧ គីឡូក្រាមក្នុងមួយក្បាល ដែលពុំទាន់ជម្រុះពងអស់​ ឃើមានដាក់លក់នៅខាងក្រៅ ផ្សារសាមគ្គីស្ទឹងត្រែង កាលពីថ្ងៃទី ៩ សីហា ឆ្នាំ២០២២។ រូបភាព៖ ឈុត ទូច
ត្រីព្រួលធំៗ ទម្ងន់ចាប់ពី ១-៧ គីឡូក្រាមក្នុងមួយក្បាល ដែលពុំទាន់ជម្រុះពងអស់​ ឃើមានដាក់លក់នៅខាងក្រៅ ផ្សារសាមគ្គីស្ទឹងត្រែង កាលពីថ្ងៃទី ៩ សីហា ឆ្នាំ២០២២។ រូបភាព៖ ឈុត ទូច
ដោយ៖ ឈុត​ ទូច

ស្ទឹងត្រែង៖ ជារៀងរាល់ព្រឹក នៅតាមដងផ្លូវអែប «ផ្សាសាមគ្គីស្ទឹងត្រែង» ស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គេសង្កេតឃើញមានការដាក់តាំងលក់ត្រីជាច្រើនប្រភេទ ដែលប្រជាជនកម្ពុជា មួយចំនួនធំ ដែលរស់តាមដងទន្លេមេគង្គក្រោម​ និងតំបន់ឆ្ងាយពីទន្លេមេគង្គ ស្ទើរតែពុំធ្លាប់បានឃើញ និងស្គាល់វា​ឡើយ។​ ត្រីទាំងនោះ មានដូចជា៖ ត្រីប៉ាវ៉ាមុខពីរ, ត្រីប៉ាវ៉ាមុខមួយ, ត្រីក្របី, ត្រីឆ្កោកក្តារ, ត្រីប៉ាសេអ៊ី,​ ត្រីកេសជម្រៅ, ត្រីកែ, ត្រីក្អែក និងត្រីព្រួល។ល។ ដែលភាគច្រើន មានទំហំខ្លួនធំៗ និងទម្ងន់ចាប់ពី ១-១០ គីឡូក្រាម ក្នុងមួយក្បាល ឬលើពីនេះ​ ត្រូវបាននេសាទ នៅក្នុងរដូវបិទនេសាទនេះ។ ​



​ជាក់ស្តែង កាលពីថ្ងៃទី ៩-១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងហក់ឡើង មានត្រីជាច្រើនប្រភេទ បានចេញពីទីជម្រកលាក់ខ្លួនរបស់វាមកដែរ។​ ត្រីព្រួល គឺជាប្រភេទត្រីដែលគួរឱ្យកត់សម្គាល់ ព្រោះវាត្រូវបានអ្នកនេសាទចាប់បានច្រើនជាងគេ។ ត្រីព្រួលទាំងនោះ មានទំហំធំៗ មានពងពេញៗពោះ និងទម្ងន់ចាប់ពី ១-៨គីឡូក្រាម ក្នុងមួយក្បាល។ មានត្រីព្រួលខ្លះ គេសង្កេតឃើញមាន​ហៀរពងចេញមកក្រៅផងដែរ​ ដែលសបញ្ជាក់ឱ្យឃើញថា វាជាត្រីមេពូជ ដែលកំពុងស្ថិតនៅក្នុងតំណាក់កាលបន្តពូជ។
 

ត្រីព្រួល ទម្ងន់ចាប់ពី ១-៧ គីឡូក្រាមក្នុងមួយក្បាល ដែលពុំទាន់ជម្រុះពងអស់​ និងមានពងហៀរចេញមក្រៅ ត្រូវបាន​ដាក់តាំងលក់នៅខាងក្រៅ ផ្សារសាមគ្គីស្ទឹងត្រែង កាលពីថ្ងៃទី ៩ សីហា ឆ្នាំ២០២២។ រូបភាព៖ ឈុត ទូច
 
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទ សម្រាប់ក្នុងដែននេសាទខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា។ ក្នុងអំឡុងពេលបិទនេសាទនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា​ មិនអនុញ្ញាតិឱ្យ​ប្រើ មងគ្រប់ប្រភេទ, ​​ឧបករណ៍ឆក់, ការប្រើប្រាស់ថ្នាំបំពុល និងគ្រឿងផ្ទុះជាដើម។ ទោះយ៉ាងណា ​ប្រជានេសាទនៅតែអាចនេសាទបាន ដោយប្រើប្រាស់នូវឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ មានដូចជា៖ សៃយ៉ឺន, លប, សំណាញ់, សន្ទូចផ្លែមួយ, អង្រុត, ចាន់, តុម, ទ្រូ, កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាតិ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្តែបើពិចារណាលើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ​ដែលត្រូវបានច្បាប់អនុញ្ញាត ហាក់ពុំសូវសមស្រប ឬមានសមត្ថភាពអាចចាប់ត្រីទាំងនេះបានឡើយ។
 
បច្ចុប្បន្ននេះ «ត្រីព្រួល» មានឈ្មោះវិទ្យាសាស្រ្ត (Cirrhinus microlepis) វាស្ថិតក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «ងាយរងគ្រោះថា្នក់» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List។ ដូច្នេះ សូម​ប្រជាជនកម្ពុជា ទាំងអស់ មេត្តាកុំទិញត្រី​ដែលមានពងក្នុងពោះ ឬពងត្រី នៅក្នុងរដូវបិទនេសាទ ដើម្បីទុកឱកាសឱ្យពួកវាជម្រុះពងអស់ និងបានបន្តពូជសិន។ ជាការពិត បើពុំមានអ្នកទិញ មានន័យថា «គ្មានទីផ្សារ» ដូច្នេះ អ្នកចាប់នឹងកាត់បន្ថយសកម្មភាព។ ការធ្វើពហិការមិនពិសា មិនទិញត្រីមានពង ឬពងត្រី​ ស្មើនឹងអ្នកបានចូលរួមចំណែកកាត់បន្ថយការនេសាទត្រីមេពូជទាំងនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com