កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ជើងឯក MotoGP ៦សម័យ Marc Marquez គ្រោងត្រឡប់ចូលការប្រណាំងវិញ​
20, Aug 2022 , 9:59 am        
រូបភាព
កីឡាករប្រណាំងម៉ូតូ MotoGP សញ្ជាតិអេស្ប៉ាញ ​Marc Marquez កាលពី​ថ្ងៃទី១៨ ខែសីហា​ បាននិយាយថារូបគេរំពឹង អាចវិលត្រឡប់ចូលរួមការប្រណាំងជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ក្រោយពេលរូបគេទទួលការវះកាត់ដៃរួចរាល់កាលខែមិថុនា។

 
Marquez ដែលមាន​វត្តមាននៅទីលានប្រណាំងវិញ កាលពីថ្ងៃទី១៨ ខែសីហា ក្រោយពេលវះកាត់ដៃរួច បាននិយាយថាប្រាប់អ្នកកាសែតនៅក្នុងទីលានប្រណាំង Austrian Grand Prix ថា រូបគេមិនអាចរង់ចាំរហូតដល់ពេលកាយសម្បទាល្អពេញលេញវិញនោះ​ឡើយ។
 
ម្ចាស់ជើងឯក MotoGP ៦សម័យរូបនេះ បានអះអាងបន្ថែមថា ក្រោយពេលការវះកាត់ដៃរួចរូបគេបានព្យាយាមហ្វឹកហាត់ឡើងវិញជារៀងរាល់សប្តាហ៍ដើម្បីអាចឆាប់បានវិលត្រឡប់ចូលការប្រណាំង។
 
«ខ្ញុំមានបំណងវិលត្រលប់ចូលការប្រណាំងវិញក្នុងឆ្នាំនេះ សប្តាហ៍ក្រោយខ្ញុំនឹងមានចម្លើយ ប្រសិនបើវាអាចទៅរួច ឬក៏អត់។ នៅពេលខ្ញុំមានអារម្មណ៍ត្រៀមខ្លួនបានរួចរាល់ ខ្ញុំនឹងវិលត្រលប់ព្រោះការប្រណាំងម៉ូតូគឺជារៀងដែលសំខាន់បំផុតសម្រាប់ខ្ញុំ ហើយខ្ញុំក៏ត្រៀមសម្រាប់ឆ្នាំ ២០២៣។»។ កីឡាករវ័យ ២៩ឆ្នាំ និយាយប្រាប់អ្នកកាសែតបែបនេះ។
 
Marc Marquez បានរងរបួសដៃកាលឆ្នាំ ២០២០ ក្រោយដួលប៉ះទង្គិចដៃអំឡុងពេលប្រណាំងនៅទីមាន Spanish Grand Prix ហើយរូបគេត្រូវបានក្រុមគ្រូពេទ្យតម្រូវឱ្យទទួលជម្រើសព្យាបាល ៣ដំណាក់កាល​តាំងពីពេលនោះមក។
 
សម្រាប់រដូវកាល ២០២២ នៃការប្រណាំងម៉ូតូ MotoGP កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ពោលបានប្រកួតប្រណាំងម៉ូតូត្រឹមទីលានប្រណាំងប្រទេសអ៊ីតាលី Italian Grand Prix ក្នុងទីក្រុង Mugello កាលពីឧសភា ហើយតាំងពីពេលនោះរូបគេខកខានការប្រណាំង ៦ទីលានរួចមកហើយសម្រាប់រដូវកាលនេះ៕
 
 
 
 

Tag:
 MotoGP
  Marc Marquez
© រក្សាសិទ្ធិដោយ thmeythmey.com