កីឡាអន្តរជាតិ
អន្តរជាតិ
WADA នឹងបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាអត្ដពលិក នៅចុងខែសីហានេះ
20, Aug 2022 , 8:39 am        
រូបភាព
ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអត្ដពលិក នៅថ្ងៃទី២៩-៣០ ខែសីហា តាមប្រព័ន្ធ Online។ លោក Ben Sandford ប្រធានគណៈកម្មាធិការអត្ដពលិក WADA ចាត់ទុកការបោះឆ្នោតនេះ ជាការចូលរួមដល់ធំ សម្រាប់ដោះស្រាយបញ្ហាភាព និងមិនប្រក្រតី ពាក់ព័ន្ធជាមួយសារធាតុញៀននៅក្នុងវិស័យកីឡា។


 
លោក Ben Sandford ចាត់ទុកអត្ដពលិក គឺជាស្នូលនៃសកម្មភាព WADA។ ប្រធានរូបនេះ សង្ឃឹមថាអត្ដពលិក និងសហព័ន្ធកីឡាគ្រប់បណ្ដាលប្រទេសទាំងអស់ បន្ដចូលរួមកាន់តែច្រើន ចំពោះការប្រយុទ្ធប្រឆាំង សារធាតុញៀនក្នុងវិស័យកីឡា ជាពិសេសការហាមប្រាមដាច់ខាតការប្រើប្រាស់អំឡុងពេលប្រកួតនានា។

«អត្តពលិក គឺជាស្នូលនៃអ្វីដែល WADA ធ្វើ និងមានការជំរុញខ្លាំង នៅក្នុងសហគមន៍អត្តពលិកទូទាំងពិភពលោក ដើម្បីចូលរួមកែលម្អ ពីតំណាងអត្តពលិកក្នុងការប្រឆាំងនិងសារធាតុញៀន។ នេះ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​អត្តពលិក​ជា​ច្រើន​បាន​បោះ​ជំហាន​ ចង់​ចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម»។ លោក Ben Sandford បាននិយាយដូច្នេះ បើតាមការផ្សាយលើគេហទំព័រ WADA កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ។

ការបោះឆ្នោតនេះ មានបេក្ខភាពចំនួន ៣៤រូប ដោយត្រូវរើស យកសម្រាប់៨អាសនៈ។ ក្រុមប្រឹក្សាអត្តពលិកថ្មី នឹងត្រូវបោះឆ្នោតជ្រើសរើសដោយ តំណាងអត្ដពលិកពីបណ្ដាលប្រទេសជាសមាជិកទាំងអស់។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩។ ទីភ្នាក់ងារឯករាជ្យអន្តរជាតិមួយនេះ បង្កើតឡើងដោយចលនាកីឡា ដោយមានការគាំទ្រពីប្រទេសជុំវិញពិភពលោក ដើម្បីការប្រកួតកីឡាមានភាពសុក្រិតកាន់ខ្លាំងឡើង។ បន្ថែមជាងនេះទៀត ទីភ្នាក់ងារនេះ បង្កើតគោលនយោបាយ នីតិវិធី និងការអនុវត្តដែលឆ្លុះបញ្ចាំងពីយុត្តិធម៌ សមធម៌ និងសុចរិតភាព ក្នុងវិស័យកីឡារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com