កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទទួល Wolves គ្មានវត្តមានលោក Conte រីឯ Man Utd ទទួល ​Liverpool
20, Aug 2022 , 3:19 pm        
រូបភាព
ក្រុម Tottenham Hotspur ថ្ងៃទី២០ សីហា ត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers ខណៈលោក Antonio Conte ជាគ្រូបង្វឹកអវត្តមាន ក្រោយរងពិន័យកាតក្រហមកាលជំនួបទល់ Chelsea សប្តាហ៍មុន។ រីឯ​ Manchester United ទទួល​ Liverpool នៅថ្ងៃទី២៣។
 
ជំនួបរវាងក្រុមមាន់ខ្នាយមាស និងក្រុមកញ្ជ្រោងទឹកក្រូចនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ ល្ងាច(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Tottenham Hotspur។ នាដើមរដូវកាលថ្មីនេះ Spurs បានបង្ហាញខ្លួនយ៉ាងល្អជាមួយពីរប្រកួតដំបូងដោយឈ្នះ Southampton លទ្ធផល ៤-១ ហើយស្មើ Chelsea ២-២។ ជំនួបនេះទៀតសោត Conte មិនមានវត្តមានឡើយ ព្រោះជាប់បម្រាមកាតក្រហម។
 
Wolver រដូវកាលថ្មីនេះ ក៏មិនសូវជាមានទម្រង់លេងល្អប្រសើរដែរ ក្រោយឆ្លងកាត់២ប្រកួតពួកគេមិនទាន់រកបានជ័យជម្នះឡើយដ្បិតបច្ចប្បន្នមានត្រឹម ១ពិន្ទុដោយពីរប្រកួតដំបូងចាញ់ក្រុម Leeds United ២-១ និងស្មើ ០-០ ជាមួយ Fulham ។ សម្រាប់ប្រកួតសប្តាហ៍នេះ លោក Conte បង្ហាញក្តីរំពឹងថាក្រុមអាចយកបាន៣ពិន្ទុ ទោះបីគ្មានវត្តមានលោកក្នុងការប្រកួតក៏ដោយ។ 
 
«ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានការអនុញ្ញាតឱ្យមានវត្តមានជាមួយក្រុមខ្ញុំ ព្រោះវាជារឿងត្រឹមត្រូវសម្រាប់ខ្ញុំ។ តែយ៉ាងណាមិញខ្ញុំក៏នៅតែនិយាយដដែលៗថាក្នុងកាលៈទេសៈនេះគឺខ្ញុំជាមនុស្សម្នាក់ដែលនឹងទទួលយកភាពស្ងាមស្ងាត់ ខ្ញុំមិនមានប្រតិកម្មអ្វីឡើយ ហើយការប្រកួតទល់ Wolves ខ្ញុំរំពឹងថាកូនក្រុមនឹងអាចយកបាន៣ពិន្ទុពីជំនួបនេះ។»។ លោក Conte បាននិយាយប្រាប់អ្នកកាសែតបែបនេះមុនការប្រកួត។
  


ងាកទៅជំនួបរវាងក្រុម Man United និង Liverpool ថ្ងៃទី២៣ ក្រុមទាំងពីរនេះសុទ្ធសឹងតែចាប់ផ្តើមរដូវកាលថ្មីមិនទទួលបានលទ្ធផលល្អដូចគ្នា។ បិសាចក្រហមជាក្រុមកំពុងជួបវិបត្តិជាច្រើន ចំណែក ​Liverpool ជួបវិបត្តិកីឡាកររបួសច្រើនហើយសប្តាហ៍មុន Darwin Nunez បានកាតក្រហមក្រោយប៉ះទង្គិចជាមួយកីឡាករ ​Joachim Andersen របស់ Crytal Palace។ 
ចាប់ផ្តើមពីរប្រកួតដំបូងនៃ Premier League បិសាចក្រហមក្រោមការដឹកនាំរបស់លោក Erik ten Hag រងបរាជ័យទាំងពីរលើក ហើយនេះជាការចាញ់ពីរលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបរយៈពេល១០០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩២២ មក។ Man United ចាញ់ក្រុម Brighton & hove Albion លទ្ធផល ២-១ និងចាញ់ Brentford ប្រកួតទីពីរលទ្ធផល ៤​-០។
 
Liverpool ជាក្រុមដែលត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជុំវិញពិភពលោករំពឹងថា ជាក្រុមប្រជែងពាន Premier League រដូវកាលនេះ។ ប៉ុន្តែពីរប្រកួតដំបូងពួកគេមិនទាន់ស្គាល់ការឈ្នះនៅឡើយ ពោលត្រឹមលទ្ធផលស្មើតែប៉ុណ្ណោះ។ ហង្សក្រហមប្រកួតស្មើ ២-២ ជាមួយ ​Fulham ដែលទើបឡើងមកពីក្របខណ្ឌ Championship និងប្រកួតទីពីរស្មើ ១-១ Crystal Palace ជាមួយបញ្ហាកីឡាកររងរបួសច្រើនរហូតដល់ ៧រូប និង Darwin Nunez ជាប់បម្រាមបីប្រកួត។


 
ខ្សែការពារ Virgil Van Dijk របស់ Liverpool បាននិយាយថាជំនួបប៉ះ Man United ជាជំនួបដ៏ល្អដែលអាចជួយក្រុមខ្លួនត្រលប់ទទួលបានលទ្ធផលល្អវិញ ហើយ Liverpool ត្រូវការជ័យជម្នះជាចាំបាច់ក្នុងប្រកួតនេះ។
 
ខាងក្រោយនេះជាជំនួបដទៃទៀតនៃ Premier League សប្តាហ៍ទីបី៖

Crystal Palace ស្វាគមន៍ក្រុម Aston Villa វេលាម៉ោង៩ យប់។ 
Everton ស្វាគមន៍ ​Nottingham Forest វេលាម៉ោង៩ យប់។ 
Fulham ទទួល Brentford វេលាម៉ោង៩ យប់។
Leicester City ទទួល Southampton វេលាម៉ោង៩ យប់។
AFC Bournemouth ទទួល Arsenal វេលាម៉ោង៩ យប់។ 
 
ការប្រកួតថ្ងៃទី២១ ខែសីហា ក្រុម Chelsea ប៉ះ Leeds United និងក្រុម ​West Ham United ស្វាគមន៍ Brighton & hove Albion វេលាម៉ោង៨ យប់ ចំណែក ​Newcastle United ទទួល ​Manchester City វេលាម៉ោង ១១:៣០ យប់៕
 

Tag:
 Premier League
  Spurs
  Man United
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com