កីឡាអន្តរជាតិ
អន្តរជាតិ
Casemiro ផ្លាស់មក Man Utd តម្លៃ៧០លានដុល្លារ គ្រូ Real ថាជាបំណងផ្ទាល់ខ្លួនគេ
20, Aug 2022 , 8:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ខ្សែបម្រើ​ Casemiro នៅថ្ងៃទី១៩ ខែសីហា បានសម្រេចផ្ទេរមកកាន់ក្រុម Manchester United ក្នុងតម្លៃខ្លួន ៦០លានផោន (៧០លានដុល្លារ) ក្រោយព្រមចាកចេញពីក្រុម Real Madrid។ ក្នុងការផ្ទេរភ្លាមៗបែបនេះ ខ្សែបម្រើវ័យ ៣០ឆ្នាំ អះអាងខ្លួនគេផ្ទាល់មានបំណងផ្លាស់ប្តូរបទពិសោធន៍ថ្មី។

 
ជាបំណងតាមស្វែងរកខ្សែបម្រើការពារមកពង្រឹងក្រុមកំពុងជួបបញ្ហារបស់លោក Erik ten Hag ចាប់តាំងពីមកដឹកនាំ Man United ទីបំផុង គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ យកបាន Casemiro ក្រោយពេលបរាជ័យចុះកុងត្រា Frankie de Jong មកទឹកដី ​Old Trafford។
 
ផ្ទេរមកបិសាចក្រហម Casemiro ទទួលបានកិច្ចសន្យា៤ឆ្នាំ ជាមួយជម្រើសបន្ថែម ១រដូវកាល ហើយមកដល់ពេលនេះគឺរង់ចាំតែការធ្វើតេស្តសុខភាពជាមួយក្រុមតែប៉ុណ្ណោះ ខណៈដែលកិច្ចព្រមព្រៀងផ្សេងផ្ទាល់ខ្លួនរវាងក្លិបនិងកីឡាករបានសម្រេចរួចរាល់។ បិសាចក្រហមកំពុងស្ថិតនៅបាតតារាង Premier League ក្រោយចាញ់ Brentford កាលសប្តាហ៍មុននឹងត្រូវបង់ប្រាក់កាន់ Real ត្រឹមតែ ៥០លានផោនប៉ុណ្ណោះ ខណៈ ១០ផោនផ្សេងទៀតនឹងបង់ក្រោយពេលកីឡាករបំពេញលក្ខខណ្ឌតាមអ្វីដែលបានសន្យាក្នុងកិច្ចព្រមព្រៀង។
 
ក្រោយក្លិប ​Man United ប្រកាសពីការចុះកិច្ចសន្យាជាមួយ Casemiro ពីក្រុម Real Madrid នៅថ្ងៃទី១៩ និងជាថ្ងៃដែលលោក Ten Hag ធ្វើសន្និសីតកាសែតមុនការប្រកួតទល់ក្រុម Liverpool ទាក់ទងនឹងការផ្ទេរនេះអ្នកចាត់ការសញ្ជាតិហូឡង់បដិសេធមិននិយាយអ្វីឡើយ ខណៈបានត្រឹមតែប្រាប់ថារង់ចាំទាល់កីឡាករមកដល់ទឹកដីអង់គ្លេសសិន។ 
 
ចំណែកលោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid វិញ បាននិយាយជុំវិញការចាកចេញរបស់ Casemiro ថា កីឡាករសញ្ជាតិប្រេស៊ីលមានបំណងផ្ទាល់ខ្លួននិងចង់ទទួលបានបទពិសោធន៍ថ្មី។
 
«ខ្ញុំបានជជែកគ្នាជាមួយគេ គេថាចង់ទទួលបានការប្រកួតប្រជែងថ្មី និងឱកាសថ្មី ហើយក្លិបក៏ដូចជាខ្ញុំយល់ពីរឿងនេះ អ្វីដែលគេបានជួយក្លិបគេក៏ទទួលអ្វីតាមបំណងចង់បានដូចគ្នាដែរ យើងគោរពការសម្រេចចិត្តគេ។»។ លោក Ancelotti និយាយបែបនេះ។
 
Man United ប្រកួតទល់ក្រុម Liverpool នៅថ្ងៃទី២៣ នឹងមិនទាន់មានវត្តមានរបស់ Casemiro ឡើយ ហើយកីឡាករវ័យ ៣០ឆ្នាំ រូបនេះអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតរវាងក្រុម Southampton នៅសប្តាហ៍ទី៤ Premier League៕
 

Tag:
 Manchester United
  Casemiro
© រក្សាសិទ្ធិដោយ thmeythmey.com